Connect with us

កីឡា

គោរមៈ​ ច័ន្ទរាជ្យ​ យកការ​ប្រកួត​មួយ​នេះបង្ហាញពិភពលោក​​ថា «​កម្ពុជាមិន​ចង់​មាន​សង្គ្រាម​ទេ»

បានផុស

នៅ

កីឡាករ​ជើង​ខ្លាំង​វ័យ​ក្មេង​ គោរមៈ ច័ន្ទរាជ្យ​ ​យក​ការ​ប្រកួត​មួយ​នេះ​បង្ហាញ​ទៅ​កាន់​ពិភពលោក​ថា «​កម្ពុជាមិន​ចង់​មាន​សង្គ្រាម​ទេ» និង​ផ្ញើ​ជូន​ជ័យជម្នះ​ទទួល​បាន​ខ្សែក្រវាត់​នេះ​ជូន​វីរៈ​កងទ័ព​ដែល​បាន​ពលី​ជីវិត​ និង​ប្រជាជន​កម្ពុជាដែល​ជួប​ទុក្ខលំបាក​ថ្មីៗ​នេះ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កីឡាករ គោរមៈ ច័ន្ទរាជ្យ​

គោរមៈ ច័ន្ទរាជ្យ​ បាន​ឲ្យ​ដឹង​ថា​ ការប្រកួត​​នៅ​ឯ​វៀតណាម​នេះ​គឺ​តានតឹង​ និង​លំបាក​ក្នុង​ការ​យក​ជ័យជម្នះ​លើ​កីឡាករ​ម៉ាឡេស៊ី​ Tan bo Meng ព្រោះ​ដៃគូ​ល្អ​ចាប់​ និង​បុក​ខ្លាំង​ពី​ដើម​ទឹក​ទី១​ មក​ម្ល៉េះ។​ ប៉ុន្តែ​ការ​ខំប្រឹង​តស៊ូ​ការពារ​ និង​វាយ​កែង​បាន​ល្អ​ទើប​ធ្វើ​ឲ្យ​កីឡាករ​ ម៉ាឡេស៊ី​ ខ្លាច​កែង​ និង​ស្រុត​កម្លាំងម្ដង​បន្តិចៗ​រហូត​ខ្លួន​អាច​ផ្ដួល​ឲ្យ​អាជ្ញាកណ្ដាល​បញ្ឈប់​ការ​ប្រកួត​តែ​ម្ដង។​

កីឡាករ គោរមៈ ច័ន្ទរាជ្យ​ និង​អ្នក​គាំទ្រ

ការ​ប្រកួត​នៅ​ឯ​វៀតណាម​នេះ​គឺ​មាន​សារសំខាន់​ចំពោះ​ខ្លួន​ជា​ខ្លាំង​ ព្រោះ​ជា​ការ​ដណ្ដើម​ជ័យជម្នះ​ជូន​ប្រជាជន​កម្ពុជា​ បង្ហាញ​ពី​ក្បាច់​គុន​ខ្មែរ​ និង​ជា​ការ​ផ្ញើសារ​ទៅ​កាន់​ពិភពលោក​ថា​ «ប្រទេស​កម្ពុជា​របស់​ខ្ញុំ​មិន​ចង់​មាន​សង្គ្រាម​ទេ» ដូច្នេះ​ហើយ​បើ​ទោះ​ជា​ពិបាក​ខ្លាំង​ក៏​ត្រូវ​តស៊ូ​យក​ឈ្នះ​ដែរ។​ សម្ដី គោរមៈ ច័ន្ទរាជ្យ​

គោរមៈ ច័ន្ទរាជ្យ​ រិន សារ័ត្ន និង​អ្នក​គាំទ្រ

កូន​សិស្ស​លោក​ ហ៊ុន​ ច័ន្ទរាជ្យ​ បន្ថែម​ទៀត​ថា​ សូម​ប្រជាជន​កម្ពុជា​ទាំង​អស់​រីករាយ​នូវ​ជ័យជម្នះ​មួយ​នេះ​បន្ទាប់​ពី​ការ​លំបាក​ទាំង​​ផ្លូវ​កាយ​ និង​ផ្លូវ​ចិត្ត​ នា​ពេល​កន្លង​មក​ពី​ការ​ឈ្លានពាន​របស់​ប្រទេស​ជិត​ខាង​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ​តាម​បណ្ដោយ​​ព្រំដែន។​

លោក ហ៊ុន​​ ច័ន្ទរាជ្យ​ និង​សិស្ស

បញ្ជាក់​ដែរ​ថា​ កាល​ពី​យប់​ថ្ងៃ​ទី២​ ខែ​សីហា​ ឆ្នាំ​២០២៥​ កីឡាករ​ គោរមៈ​ ច័ន្ទរាជ្យ​ បាន​ផ្ដួល​កីឡាករ​ម៉ាឡេស៊ី​ ឲ្យ​អាជ្ញាកណ្ដាល​បញ្ឈប់​នៅ​ទឹក​ទី២​ នៃ​ការ​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​ GMA​ នៅ​ឯ​ទីក្រុង​ហូជីមិញ​ ប្រទេស​វៀតណាម។​ ឥលូវ​នេះ​គ្រូបង្វឹក​ កីឡាករ​កម្ពុជា​ទាំង ​៣រូប​បាន​វិលត្រឡប់​មក​កាន់​ប្រទេស​កម្ពុជា​វិញ​ហើយកាល​ពី​ល្ងាច​ថ្ងៃ​ទី៣​ ខែ​សីហា​ ឆ្នាំ​២០២៥ នេះ៕​

អត្ថបទដោយ​៖​ នួន​ ស៊ីណា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម