Connect with us

កីឡា

ក្រោយមានម្ចាស់វិនិយោគថ្មី ក្លិប កំពង់ដេវ៉ា កំពុងធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើល

បានផុស

នៅ

ក្លិប អឹម អូ អាយ កំពង់ដេវ៉ា អេហ្វស៊ី កំពុងធ្វើឱ្យអ្នកគាំទ្រមានការចាប់អារម្មណ៍ជាខ្លាំង អំពីការរៀបចំក្រុមនៅរដូវកាល ២០២៥-២០២៦ ទាំងគ្រូបង្វឹក និងការដោះដូរកីឡាករ បន្ទាប់ពីពួកគេទទួលបានម្ចាស់វិនិយោគថ្មី។

លោហ្គោក្លិប កំពង់ដេវ៉ា
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្លិប អឹម អូ អាយ កំពង់ដេវ៉ា អេហ្វស៊ី ជាឈ្មោះថ្មី​ដែល​ បាន​ប្តូរពីឈ្មោះក្លិបបាល់ទាត់ចាស់ «សមាគមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃ»។ តាមរយៈការផ្លាស់ប្តូរឈ្មោះថ្មីនេះ ក្លិប កំពង់ដេវ៉ា ទទួលបានម្ចាស់វិនិយោគថ្មីផងដែរ ដែលត្រូវបានគេដឹងថាមានសម្ព័ន្ធម្ចាស់វិនិយោគជាមួយគ្នានឹងក្លិប ដេវ៉ា យូណាយធីត (Dewa United) នៃលីគកំពូល ឥណ្ឌូណេស៊ី។

យ៉ាងណា បើក្រឡេកមកមើលអំពីការរៀបចំក្រុមរបស់ កំពង់ដេវ៉ា ក្នុងការត្រៀមខ្លួនរដូវកាលថ្មីវិញ ពួកគេពិតជាធ្វើឱ្យអ្នកគាំទ្រ កម្ពុជា មានការចាប់អារម្មណ៍មែនទែន។ ពួកគេបាននាំចូលគ្រូបង្វឹកថ្មីសញ្ជាតិ អេស្ប៉ាញ លោក Alex Dorado ដែលធ្លាប់មានប្រវត្តិដឹកនាំក្រុមយុវជន Real Madrid ហើយមុនមកកាន់លីគកំពូល កម្ពុជា លោកបានដឹកនាំក្លិប Black Leopards FC នៃលីគកំពូល អាហ្វ្រិកខាងត្បូង។

លោក Alex Dorado

ងាកមកមើលកីឡាករវិញ ពួកគេបាននាំចូលកីឡាករថ្មីៗជាច្រើន សុទ្ធតែជាកីឡាករពោពេញដោយទេពកោសល្យ ទាំងកីឡាករក្នុងស្រុក និងបរទេស។ កីឡាករក្នុងស្រុក ពួកគេបានចុះកិច្ចសន្យាយក សាន គីមហេង ពីបឹងកេត, វឿន វ៉ា ពី វិសាខា, គី រីណា ពី វិសាខា, កីឡាករកូនកាត់ខ្មែរ-នូវែលសេឡង់ Ashnarvy Mustapha ពី វិសាខា និងកីឡាករជាច្រើនរូបទៀត។

ដោយឡែកសមាសភាពកីឡាករបរទេសវិញ គឺកាន់តែចាប់អារម្មណ៍ថែមទៀត។ គិតត្រឹមពេលនេះ ក្លិប កំពង់ដេវ៉ា បាននាំចូលចំនួន ៥ នាក់ហើយ ក្នុងនោះមានសញ្ជាតិ ប្រេស៊ីល ៤ នាក់ និងឥណ្ឌូណេស៊ីម្នាក់។ កីឡាករ ប្រេស៊ីល ៤ រូបរួមមានអ្នកចាំទី Wagner Augusto (Dida), ខ្សែការពារ Mateus Barbosa, Ricardo Lima និងខ្សែប្រយុទ្ធ Patrick Carvalho Nonato។ ចំណែកកីឡាករ ឥណ្ឌូណេស៊ី ម្នាក់ គឺពួកគេបាននាំចូលខ្សែការពារវ័យ ១៩ ឆ្នាំ Sulthan Zaky ខ្ចី​ជើងពីក្លិប PSM Makassar។

នេះជាការចាប់ផ្តើមមួយដ៏ល្អសម្រាប់ក្រុម កំពង់ដេវ៉ា បន្ទាប់ពីទទួលបានម្ចាស់វិនិយោគថ្មី។ ចំពោះការប្រកួតប្រជែងលីគកំពូល កម្ពុជា Cambodian Premier League ក្នុងរដូវកាលនេះ ពួកគេនឹងធ្វើការប្រកួតបើកឆាកទល់នឹងក្រុម អង្គរថាយហ្គើរ នៅថ្ងៃ អាទិត្យ ទី ១០ ខែ សីហា ឆ្នាំ ២០២៥។

កីឡាករបរទេសចំណូលថ្មីរបស់ កំពង់ដេវ៉ា
កីឡាករបរទេសចំណូលថ្មីរបស់ កំពង់ដេវ៉ា
កីឡាករបរទេសចំណូលថ្មីរបស់ កំពង់ដេវ៉ា
កីឡាករបរទេសចំណូលថ្មីរបស់ កំពង់ដេវ៉ា
កីឡាករបរទេសចំណូលថ្មីរបស់ កំពង់ដេវ៉ា

អត្ថបទ៖ សេម កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម