Connect with us

កីឡា

កីឡាករ ៥ រូបលេចធ្លោបំផុតក្នុងបាល់ទះជើងឯកពិភពលោក ២០២៥

បានផុស

នៅ

ការប្រកួតបាល់ទះជើងឯកពិភពលោក FIVB Men’s Volleyball World Championship ឆ្នាំ ២០២៥ មានជម្រើសជាតិខ្លាំងៗចំនួន ៣២ ក្រុមមកពីជុំវិញពិភពលោក នឹងមកប្រមូលផ្តុំគ្នានៅប្រទេស ហ្វីលីពីន ក្នុងខែ កញ្ញា ខាងមុខ ខណៈកីឡាករ ដែលត្រូវបានជម្រើសជាតិកោះហៅ ក៏សុទ្ធតែជាកីឡាករលំដាប់កំពូលៗ។

ពានបាល់ទះជើងឯកពិភពលោក
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សារព័ត៌មាន «កម្ពុជាថ្មី» សូមលើកយកកីឡាករ ៥ រូប ដែលត្រូវបានគេចាត់ទុកលេចធ្លោបំផុតសម្រាប់ការប្រកួតក្នុងព្រឹត្តិការណ៍បាល់ទះជើងឯកពិភពលោក ២០២៥ នេះ៖

១. Wilfredo Leon ជាអ្នកវាយផ្តាច់របស់ក្រុមជម្រើសជាតិ ប៉ូឡូញ៖

កិត្តិនាមរបស់ Leon ពិតជាល្បីរន្ទឺខ្លាំងនៅទូទាំងពិភពលោក ដោយសារសមត្ថភាពវាយផ្តាច់ និងការចេញសេវាដ៏អស្ចារ្យ។ នៅក្នុងក្រុមជម្រើសជាតិ កីឡាករវ័យ ៣១ ឆ្នាំកម្ពស់ ២.០១ ម៉ែត្ររូបនេះ ធ្លាប់ជួយឱ្យ ប៉ូឡូញ ឈ្នះមេដាយយ៉ាងច្រើន ជាពិសេស គឺមេដាយមាសក្នុងព្រឹត្តិការណ៍ VNL ក្នុងឆ្នាំ ២០២៣ និងថ្មីៗនេះទើបឈ្នះក្នុងឆ្នាំ ២០២៥ នេះមួយទៀត។ បន្ថែមពីនេះទៀត រួមមានមេដាយមាសទ្វីប​អឺរ៉ុប European Championship ឆ្នាំ ២០២៣ និងមេដាយប្រាក់ក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក ២០២៤ ជាដើម។ នៅក្នុងព្រឹត្តិការណ៍បាល់ទះជើងឯកពិភពលោកនេះ រូបគេធ្លាប់បានជួយឱ្យ ប៉ូឡូញ ឈ្នះមេដាយប្រាក់មួយលើកនៅឆ្នាំ ២០១០។ ចំណែកនៅឆ្នាំ ២០២២ អំឡុងពេល ប៉ូឡូញ ឡើងវគ្គផ្តាច់ព្រ័ត្រក្នុងព្រឹត្តិការណ៍នេះដដែល ដែលដណ្តើមបានមេដាយប្រាក់ គឺរូបគេមិនបានចូលរួមលេងនោះទេ ដោយសារបញ្ហារបួសជង្គង់។

Leon ជាកីឡាករមិនអាចប្រហែសបាន ដោយរូបគេជាស្មាត់ដ៏មានសក្តានុពលម្នាក់។ ពាក់ព័ន្ធពានឯត្តជន រូបគេក្រសោបបានពានជាច្រើនដូចជា ពានអ្នករកពិន្ទុល្អបំផុត និងអ្នកចេញសេវាល្អបំផុតប្រចាំព្រឹត្តិការណ៍ អូឡាំពិក ២០២៤។ បន្ថែមពីនេះទៀត រូបគេទើបតែឈ្នះពាន អ្នកវាយផ្តាច់ល្អបំផុតប្រចាំព្រឹត្តិការណ៍ Volleyball Nations League។

Wilfredo Leon

២. Earvin Ngapeth អ្នកលេងតួនាទីស្មាត់របស់ក្រុមជម្រើសជាតិ បារាំង៖

Earvin Ngapeth គឺជាកីឡាករមិនអាចខ្វះបានរបស់ក្រុមជម្រើសជាតិ បារាំង។ កីឡាករវ័យ ៣៤ ឆ្នាំកម្ពស់ ១.៩៤ ម៉ែត្ររូបនេះ មានសមត្ថភាពពិសេសជាមួយនឹងការបត់បែនគ្រប់ស្ថានការណ៍ ដើម្បីរកកន្លែងផ្តាច់រកពិន្ទុ និងជាកីឡាករម្នាក់ ដែលពោរពេញដោយភាពដឹកនាំក្រុមផងដែរ។ កាលពីព្រឹត្តិការណ៍ FIVB Nations League ២០២៥ កន្លងទៅ រូបគេមិនមានវត្តមានជាមួយក្រុមនោះទេ ប៉ុន្តែនៅក្នុងព្រឹត្តិការណ៍បាល់ទះជើងឯកពិភពលោកនេះ រូបគេត្រូវបានគេរំពឹងថា នឹងអាចមានឈ្មោះជាមួយក្រុមឡើងវិញ។

ពាក់ព័ន្ធនឹងសមិទ្ធផលជាមួយក្រុមជម្រើសជាតិ បារាំង រូបបានជួយឱ្យក្រុមរហស្សនាមមាន់គកឈ្នះ មេដាយមាស ២ លើកក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកនៅឆ្នាំ ២០២៤ និង ២០២១។ ឆ្នាំ ២០១៥ រូបគេបានជួយឱ្យក្រុម បារាំង ឈ្នះមេដាយមាសពាន European Championship។ ដោយឡែកព្រឹត្តិការណ៍លីគបាល់ទះ VNL រូបគេបានឈ្នះមេដាយមាស ២ លើកឆ្នាំ ២០២៤ និង ២០២២, មេដាយប្រាក់ ១ លើកក្នុងឆ្នាំ ២០១៨ និងមេដាយសំរឹទ្ធក្នុងឆ្នាំ ២០២១។ យ៉ាងណា ក្នុងព្រឹត្តិការណ៍បាល់ទះជើងឯកពិភពលោក Ngapeth មិនដែលបានឈ្នះមេដាយណាមួយឡើយ។

Earvin Ngapeth

៣. Simone Giannelli អ្នកលើកបាល់របស់ក្រុមជម្រើសជាតិ អ៉ីតាលី៖

អ្នកលើកបាល់វ័យ ២៩ ឆ្នាំកម្ពស់ ២.០០ ម៉ែត្រ​រូបនេះ ត្រូវបានគេទទួលស្គាល់ជាអ្នកនាំលេងដ៏សំខាន់ម្នាក់របស់ក្រុមជម្រើសជាតិ អ៉ីតាលី។ Simone Giannelli ធ្លាប់ជួយឱ្យ អ៉ីតាលី ឈ្នះមេដាយមាសក្នុងព្រឹត្តិការណ៍បាល់ទះជើងឯកពិភពលោកនេះមួយលើកកាលពីឆ្នាំ ២០២២។ ចំណែកពាន VNL ដែលទើបបញ្ចប់ថ្មីៗនេះក្នុងឆ្នាំ ២០២៥ រូបគេបានជួយឱ្យក្រុមរហស្សនាម អាហ្ស៊ូរី ឈ្នះមេដាយប្រាក់។

ងាកមកមើលពានឯកត្តជនវិញ រូបគេបានឈ្នះពាន ២ ម្នាក់ឯងក្នុងព្រឹត្តិការណ៍បាល់ទះជើងឯកពិភពលោក ២០២២ រួមមានពាន អ្នកលើកបាល់ល្អបំផុត និងពានកីឡាករល្អបំផុតប្រចាំព្រឹត្តិការណ៍។ ដោយឡែកក្នុងព្រឹត្តិការណ៍ VLN ថ្មីៗនេះ រូបគេក្រសោបបានពានឯកត្តជនមួយគ្រឿង គឺពានអ្នកលើកបាល់ល្អបំផុត។

Simone Giannelli

៤. Bartosz Kurek អ្នកវាយផ្តាច់របស់ក្រុមជម្រើសជាតិ ប៉ូឡូញ៖

Bartosz Kurek គឺជាប្រធានក្រុមរបស់ក្រុមបាល់ទះជម្រើសជាតិ ប៉ូឡូញ។ អ្នកវាយផ្តាច់វ័យ ៣៦ ឆ្នាំកម្ពស់ ២.០៥ ម៉ែត្ររូបនេះ មានសមត្ថភាពពិសេសក្នុងរកគ្រាប់បាល់ ខណៈពេលក្រុមកំពុងតែទទួលរងសម្ពាធខ្លាំងពីគូប្រកួត ហើយរូបគេក៏ជាដៃគូដ៏យល់ចិត្តជាមួយ Wilfredo Leon ផងដែរ។ ថ្មីៗនេះ រូបគេទើបតែបានរួមចំណែកយ៉ាងសំខាន់ក្នុងការជួយឱ្យ ប៉ូឡូញ ឈ្នះមេដាយមាសព្រឹត្តិការណ៍ VNL ជាលើកទី ២ ខណៈលើកទី១បានឈ្នះកាលពីឆ្នាំ ២០២៣។ សមិទ្ធផលសំខាន់ៗផ្សេងទៀត Bartosz ធ្លាប់ជួយឱ្យ ប៉ូឡូញ ឈ្នះមេដាយមាសព្រឹត្តិការណ៍បាល់ទះជើងឯកពិភពលោកកាលពីឆ្នាំ ២០១៨ និងមេដាយប្រាក់កាលពីឆ្នាំ ២០២២។

ដោយឡែកពានឯកត្តជនដ៏គួរឱ្យចាប់អារម្មណ៍ គឺកាលពីឆ្នាំ ២០១៨ ក្នុងព្រឹត្តិការណ៍បាល់ទះជើងឯកពិភពលោកនៅពេល ប៉ូឡូញ ឈ្នះជើងឯក រូបគេបានក្រសោបពានឯកត្តជនដល់ទៅ ៣ ម្នាក់ឯង រួមមានពានកីឡាករល្អបំផុតប្រចាំព្រឹត្តិការណ៍, អ្នករកពិន្ទុច្រើនជាងគេបំផុត និងពានអ្នកបាំងបាល់ល្អបំផុត។ ចូលឆ្នាំ ២០២២ នៅក្នុងព្រឹត្តិការណ៍នេះដដែល រូបគេបានឈ្នះពានឯកត្តជនមួយទៀត គឺពានអ្នកវាយផ្តាច់ល្អបំផុត។

Bartosz Kurek

៥. Yuki Ishikawa ជាអ្នកផ្តាច់បាល់របស់ក្រុមជម្រើសជាតិ ជប៉ុន៖

Yuki Ishikawa គឺជាកីឡាករ ជប៉ុន មួយរូប ដែលកំពុងប្រកបអាជីពនៅក្រៅប្រទេសក្នុងលីគ អ៉ីតាលី ជាមួយក្រុម Sir Susa Vim Perugia។ បើនិយាយអំពីក្រុមជម្រើសជាតិវិញ កីឡាករវ័យ ២៩ ឆ្នាំកម្ពស់ ១.៩២ ម៉ែត្ររូបនេះ ត្រូវបានគេទទួលស្គាល់ជាស្មាត់ដ៏សំខាន់របស់ ជប៉ុន។ Yuki គឺជាប្រធានក្រុមដ៏មានឥទ្ធិពលក្នុងក្រុមជម្រើសជាតិ ជប៉ុន ហើយសមត្ថភាពពិសេសរបស់គេ គឺអាចវាយបាល់ផ្តាច់រកពិន្ទុបានលឿនរហ័ស។ ម្យ៉ាងរូបគេក៏ពូកែក្នុងការការពារបាល់ផងដែរ។

ប្រធានក្រុមរូបនេះជាអ្នកជួយឱ្យ ជប៉ុន ឡើងវគ្គផ្តាច់ព្រ័ត្រពាន VNL កាលពីឆ្នាំមុន ប៉ុន្តែចុងក្រោយបានត្រឹមមេដាយប្រាក់បន្ទាប់ពីចាញ់ បារាំង នៅវគ្គផ្តាច់ព្រ័ត្រ ៣ សិតទល់នឹង ២។ ក្រៅពីនោះ Ishikawa ធ្លាប់ជួយឱ្យជប៉ុន ឈ្នះមេដាយសំរឹទ្ធក្នុងពាននេះដដែលកាលពីឆ្នាំ ២០២៣។ ដោយឡែកពានផ្សេងទៀត រូបគេធ្លាប់ឈ្នះមេដាយមាសពាន អាស៊ី Asian Championships ២ លើកក្នុងឆ្នាំ ២០២៣ និង ២០១៧ និងឈ្នះមេដាយប្រាក់ FIVB World Cup ១ លើកក្នុងឆ្នាំ ២០២៣។ សម្រាប់ពានឯកត្តជន Ishikawa បានកាន់កាប់តំណែងពានអ្នកវាយផ្តាច់ល្អបំផុតប្រចាំព្រឹត្តិការណ៍ VNL ២ ឆ្នាំជាប់គ្នា គឺនៅឆ្នាំ ២០២៣ និង ២០២៤៕

Yuki Ishikawa

អត្ថបទ៖ សេម កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម