ចរាចរណ៍
គ្រោះថ្នាក់លើផ្លូវល្បឿនលឿនកើតឡើងភាគច្រើនមកពីបើកបរលើសល្បឿនកំណត់ និងការធ្វេសប្រហែសរបស់អ្នកបើកបរ
គ្រោះថ្នាក់ចរាចរណ៍ដែលតែងតែកើតឡើងលើផ្លូវល្បឿនលឿនភាគច្រើន បណ្ដាលមកពីការបើកបរលើសល្បឿនកម្រិតកំណត់ និងការធ្វេសប្រហែសរបស់អ្នកបើកបរ។

ជាក់ស្ដែងនៅព្រឹកថ្ងៃទី ០៦ ខែតុលា ឆ្នាំ ២០២៤ នេះ លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ការបើកបរលើសល្បឿនកម្រិតកំណត់ និងការធ្វេសប្រហែសមិនគោរពតាមការណែនាំពីរបៀបបើកបរជាបញ្ហាចម្បងបណ្តាលឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍នៅលើផ្លូវល្បឿនលឿន។ ការធ្វេសប្រហែស និងភាពព្រហើនរបស់អ្នកបើកបរខ្លះ តែងបានបង្កគ្រោះថ្នាក់ដល់ខ្លួនឯង និងអ្នកដទៃ ព្រមទាំងធ្វើឲ្យខូចខាតទ្រព្យសម្បត្តិក្រុមហ៊ុន។
សូមជម្រាបថា ក្នុងរយៈពេល ៣ ថ្ងៃ នាឱកាសបុណ្យភ្ជុំបិណ្ឌ មានករណីគ្រោះថ្នាក់ចរាចរណ៍នៅលើផ្លូវល្បឿនលឿនកើតឡើងចំនួន ៦ ករណី (មិនមានករណីស្លាប់ទេ) ដែលចំនួននេះតិចជាងឆ្នាំមុន ១ ករណី។

គួរបញ្ជាក់ផងដែរថា កាលពីវេលាម៉ោង ១៥ និង ៣៨ នាទីរសៀល ថ្ងៃទី ០៥ ខែតុលា ឆ្នាំ ២០២៤ ម្សិលមិញ មានករណីគ្រោះថ្នាក់ចរាចរណ៍ដោយរថយន្តម៉ាក ESCALADE ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2CE-0567 អ្នកបើកបរឈ្មោះ XIONG YONGZHOU ភេទប្រុស ជនជាតិចិន អាយុ ៣២ ឆ្នាំ ធ្វើដំណើរក្នុងទិសដៅព្រះសីហនុទៅភ្នំពេញ បានប្រើប្រាស់ល្បឿនលឿន ក្នុងពេលមេឃកំពុងមានភ្លៀងធ្លាក់ខ្លាំងត្រង់ចំណុចផ្លូវកោង នៅចំណុចគីឡូម៉ែត្រ K141+700 ភូមិឬទ្ធី ១ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ បានរអិលជ្រុលចង្កូតបុករនាំងការពារទ្រូងផ្លូវ ហើយខ្ទាតចូលចំណែកផ្លូវក្នុងទិសដៅភ្នំពេញទៅព្រះសីហនុ បណ្តាលឲ្យរថយន្តមួយគ្រឿងទៀត កំពុងធ្វើដំណើរក្នុងទិសដៅភ្នំពេញទៅព្រះសីហនុ បុកពេញទំហឹងតែម្ដង ដែលមានម៉ាក FORD RANGER ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2BI-0565 អ្នកបើកបរឈ្មោះ មិត្ត ប៊ុន ភេទប្រុស ជនជាតិខ្មែរ អាយុ ៤៨ ឆ្នាំ។
ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរ មិនបណ្ដាលឲ្យមានមនុស្សរងរបួសនោះឡើយ ប៉ុន្តែរថយន្តរងការខូចខាតស្ទើរទាំងស្រុង និងរបាំងពុះចែកទ្រូងផ្លូវបាក់ជាច្រើនម៉ែត្រផងដែរ។

ជាចុងក្រោយ លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានអំពាវនាវដល់អ្នកបើកបរ សូមមានស្មារតីប្រុងប្រយ័ត្ន គោរពការបញ្ជាចរាចរណ៍ឲ្យបានខ្ជាប់ខ្ជួន និងមើលផ្ទាំង LED ដែលក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ បានជូនដំណឹងសារដាស់តឿន និងព័ត៌មានផ្សេងៗ៕
អត្ថបទ ៖ សុភា





-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


