Connect with us

ចរាចរណ៍

កុងតឺន័របុកម៉ូតូ ស្លាប់មនុស្សម្នាក់ និង ២ នាក់ទៀត រងរបួសធ្ងន់

បានផុស

នៅ

មនុស្ស​ម្នាក់​ស្លាប់ និង​មនុស្ស ២ នាក់​ទៀត រង​របួស នៅ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​កុងតឺន័រ​បុក និង​កិន​ម៉ូតូ​អូស​ជាច្រើន​ម៉ែត្រ កាលពី​វេលា​ម៉ោង ២ និង ៤០ នាទី រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី ២៨ ខែ​តុលា ឆ្នាំ ២០២៤ ស្ថិត​តាម​បណ្ដោយ​ផ្លូវ​ហាណូយ កែង​ផ្លូវ ១៩៨៦ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​មាន​បុរស ៣ នាក់ ជិះ​ម៉ូតូ ១ គ្រឿង ឌុប​គ្នា ដោយ​ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ ១៩៨៦ ទិសដៅ​ពី​លិច​ទៅ​កើត លុះ​មក​ដល់​ចំណុច​ស្តុប​ផ្សារ​ដី​ហុយ ក៏​ស្រាប់​តែ​មាន​រថយន្ត​កុងតឺន័រ ១ គ្រឿង មិន​ចាំ​ស្លាក​លេខ បាន​បើកបរ​តាម​បណ្ដោយ​ផ្លូវ​ហាណូយ មក​ដល់​ចំណុច​កើតហេតុ ក៏​បុក​ម៉ូតូ​ចំ​ពេញទំហឹង បណ្ដាល​ឲ្យ​មនុស្ស​ទាំង ៣ នាក់ ខ្ទាត​ចេញ​ពី​ម៉ូតូ ដោយ​បុរស​ម្នាក់​ស្លាប់ និង ២ នាក់​ទៀត រង​របួស​ធ្ងន់។

ប្រភព​បាន​បន្ត​ថា ក្រោយ​បង្កហេតុ កុងតឺន័រ​មិន​ព្រម​ឈប់​ដោះស្រាយ​នោះ​ទេ បាន​បន្ត​បើក​ទៅ​មុខ​អូស​ទាំង​ម៉ូតូ​របស់​ជនរងគ្រោះ​នៅ​ជាប់​ផ្នែក​ខាងមុខ​ជាប់​ក្រោម​រថយន្ត​ជាច្រើន​ម៉ែត្រ។ លុះ​អ្នក​ដេញ​តាម​បន្ត​ជិះ​ដេញ​តាម​ដល់​ស្តុប​ឱកាស​ខ្ញុំ ស្ថិត​ក្នុង​សង្កាត់​ឃ្មួញ រថយន្ត​បាន​បត់​ទៅ​ទិស​ខាងលិច ដោយ​រថយន្ត​បើក​លឿន អ្នក​ឃើញ​ហេតុការណ៍​ជិះ​ម៉ូតូ​តាម​មិនទាន់​រថយន្ត​បង្ក​ទេ ដោយ​ប្រទះ​ឃើញ​ម៉ូតូ​នៅ​លើ​ផ្លូវ រីឯ​រថយន្ត​បាន​គេច​បាត់​តែម្ដង។

ដោយឡែក​សព​បុរស​ដែល​ស្លាប់​ត្រូវ​បាន​សមត្ថកិច្ច​ចុះ​មក​ដល់​ទីតាំង​កើតហេតុ និង​ធ្វើការ​ទាក់ទង​ទៅកាន់​ក្រុម​គ្រួសារ ដើម្បី​ទទួល​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី។ ចំណែក​បុរស​រងគ្រោះ ២ នាក់​ទៀត បាន​ហៅ​កង់​បី​ជិះ​ទៅ​ព្យាបាល​របួស​ដោយ​ខ្លួនឯង។ ជនរងគ្រោះ​ទាំង ៣ នាក់ មិន​ទាន់​ស្គាល់ អត្តសញ្ញាណ​នៅឡើយ​ទេ។

ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូលដ្ឋាន​បាន​ទាក់ទង​ទៅកាន់​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍ ចុះ​មក​ធ្វើការ​វាស់វែង និង​យក​ម៉ូតូ​ជនរងគ្រោះ​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ជា​បណ្ដោះអាសន្ន ដើម្បី​ស្រាវជ្រាវ​រក​រថយន្ត​បង្ក និង​តៃកុង​រថយន្ត​មក​ផ្ដន្ទាទោស​តាម​ផ្លូវ​ច្បាប់​ផង​ដែរ៕

អត្ថបទ ៖ សំណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម