Connect with us

ចរាចរណ៍

បុរសម្នាក់ស្លាប់ភ្លាមៗ និងនារីម្នាក់រងរបួសធ្ងន់ បន្ទាប់ពីម៉ូតូធុនធំជ្រុលបុករបាំងថ្មពុះចែកទ្រូងផ្លូវ

បានផុស

នៅ

បុរស​ម្នាក់ ស្លាប់​ភ្លាមៗ នៅ​នឹង​កន្លែង រីឯ​នារី​ម្នាក់​រួម​ដំណើរ​ជាមួយ រង​របួស​ធ្ងន់ ត្រូវ​បាន​បញ្ចូន​ទៅ​មន្ទីរពេទ្យ បន្ទាប់ពី​ជិះ​ម៉ូតូ​ធុន​ធំ​ ១​ គ្រឿង​យ៉ាង​លឿន ទៅ​បុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ កាលពី​វេលា​ម៉ោង ១ និង ២០ នាទី​យប់​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី ១ ខែ​កញ្ញា ឆ្នាំ ២០២៥ ទល់មុខ​អគារ Booyoung Town តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធ​រុស្ស៊ី សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ។ ជនរងគ្រោះ​ទាំងពីរ​នាក់ នៅ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​នៅ​ឡើយ​ទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​ការ​បញ្ជាក់​ពី​ពលរដ្ឋ​ដែល​ឃើញ​ហេតុការណ៍ បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បាន​ឃើញ​បុរស​ម្នាក់​ជិះ​ម៉ូតូ​ធុន​ធំ​ម៉ាក Kawasaki ពណ៌​ស្វាយ គ្មាន​ស្លាក​លេខ ដំណើរ​មក​ល្បឿន​លឿន​តាម​ទិសខាងកើត​ទៅ​លិច ហើយ​មាន​នារី​ម្នាក់​អង្គុយ​នៅ​ពីក្រោយ​។ នៅពេល​ដល់​ចំណុច​ផ្លូវ​កោង ពេល​បត់​ចង្កូត​មិនទាន់ ទើប​ម៉ូតូ​ជ្រុល​បុក​របាំ​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ ដោយ​អូស​ទៅ​ប្រហែល ១០០ ម៉ែត្រ។

ក្រោយ​ការ​បុក អ្នក​ជិះ​ទាំងពីរ​នាក់ ហោះ​ផ្លោង​ទៅ​បោក​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​យ៉ាងខ្លាំង បណ្តាល​ឲ្យ​បុរស​ដែល​បើក​ម៉ូតូ​បែក​ក្បាល​ធ្លាយ​ខួរ​ស្លាប់​ភ្លាមៗ នៅ​កន្លែង​កើតហេតុ ខណៈ​នារី​អង្គុយ​ពីក្រោយ រង​របួស​ធ្ងន់ ក្បាល​បែក​ហូរ​ឈាម ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​សង្គ្រោះ​បន្ទាន់ (​សាមុយ​) ដឹក​យក​ទៅ​មន្ទីរពេទ្យ​ព្រះកុសុមៈ។

បន្ទាប់ពី​កើតហេតុ កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន និង​កម្លាំង​ជំនាញ​ចរាចរណ៍​ខណ្ឌ​សែន​សុខ បាន​ចុះទៅ​កន្លែង​កើតហេតុ ដើម្បី​កត់ត្រា​ហេតុការណ៍ និង​ស្វែងរក​សាច់ញាតិ​ជនរងគ្រោះ ប៉ុន្តែ​មិនទាន់​ទំនាក់ទំនង​នៅឡើយ​ទេ។

បច្ចុប្បន្ន សព​ជនរងគ្រោះ ត្រូវ​បាន​យក​ទៅ​តម្កល់​នៅ​វត្ត​ទឹកថ្លា រង់ចាំ​សាច់ញាតិ។ ចំណែក​ម៉ូតូ​ជនរងគ្រោះ ​ក៏​ត្រូវបាន​សមត្ថកិច្ច​យក​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ​ផង​ដែរ៕

អត្ថបទ ៖ សំណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម