Connect with us

សន្តិសុខសង្គម

ផ្លូវកៅស៊ូប្រវែងជាង៥គីឡូម៉ែត្រ កំពុងធ្វើឲ្យ ឃុំទួលគគីរ ស្រុកមណ្ឌលសីមាប្រែមុខមាត់កាន់តែច្រើន

បានផុស

នៅ

ឃុំទួលគគីរ ស្ថិតនៅស្រុកមណ្ឌលសីមា ខេត្តកោះកុង កំពុងប្រែមុខមាត់ថ្មីកាន់តែច្រើន តាមរយៈការទទួលបានផ្លូវកៅស៊ូប្រវែងជាង៥គីឡូម៉ែត្រ និងទទឹង៨ម៉ែត្រ ក្រោមគម្រោងអភិវឌ្ឍន៍របស់ក្រសួងសាធារណការ និងដឹកជញ្ជូន។ ឃុំទួលគគីរ ត្រូវបានចាត់ទុកជាឃុំមួយដាច់ស្រយាលពីទីរួមខេត្តកោះកុង បច្ចុប្បន្នឃុំនេះមានជីវភាពរស់នៅល្អប្រសើរច្រើន ខណៈមានការតភ្ជាប់ស្ពាន និងកសាងផ្លូវបេតុង ឬផ្លូវលំជាច្រើនខ្សែបម្រើដល់ការធ្វើដំណើរចរាចរណ៍បានងាយស្រួលឆាប់រហ័សជាងមុន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឡេក សុធន់ មេឃុំទួលគគីរ បានឱ្យ កម្ពុជាថ្មី ដឹងនៅថ្ងៃទី៨ ខែតុលា ថ្មីៗនេះថា ជំនួសមុខឱ្យប្រជាពលរដ្ឋក្នុងមូលដ្ឋាន លោកសូមថ្លែងអំណអរគុណជូនចំពោះរាជរដ្ឋាភិបាល ក្រសួងសាធារណការ និងសម្តេចពិជ័យសេនា ទៀ បាញ់ ដែលបានយកចិត្តទុកខ្ពស់លើការកសាងហេដ្ឋារចនាសម្ព័ន្ធជូនដល់រដ្ឋបាលឃុំ និងប្រជាពលរដ្ឋកំពុងមានតម្រូវការ ក៏ដូចជាជួបការលំបាកនានា។

លោកមេឃុំទួលគគីរ បានបន្តថា បច្ចុប្បន្នផ្លូវកៅស៊ូ១ខ្សែប្រវែងជាង៥គីឡូម៉ែត្រនេះ បានស្ថាបនារួចរាល់ហើយ ពោលគឺនៅសេសសល់ប្រមាណ៤គីឡូម៉ែត្រទៀតទើបដល់កំណាត់ផ្លូវជាតិលេខ៤៨។ ទោះយ៉ាងណានៅដើមខែប្រាំង ក្រុមការងារនឹងបន្តស្ថាបនាបញ្ចប់តាមគម្រោងរបស់ខ្លួន។ លោកបញ្ជាក់ថា តាំងពីបានផ្លូវកៅស៊ូ មូលដ្ឋានរបស់លោកមានរថយន្ត ម៉ូតូ បើកបរច្រើនប្រកបដោយសុវត្ថិភាព និងដឹកជញ្ជូនទិន្នផលនេសាទ ព្រមទាំងទិន្នផលកសិកម្មទៅកាន់ទីផ្សារបានឆាប់រហ័សផងដែរ។

ឆ្លើយតបនឹងតម្រូវការ និងស្នើសុំរបស់ប្រជាពលរដ្ឋ ពីមួយឆ្នាំទៅមួយឆ្នាំ រដ្ឋបាលឃុំទួលគគីរ បានលើកគម្រោងកសាងផ្លូវបេតុង និងផ្លូវក្រួសក្រហមជាច្រើនខ្សែជូនដល់ប្រជាពលរដ្ឋ ក្នុងគោលបំណងបង្កលក្ខណៈកាន់តែងាយស្រួលធ្វើដំណើរ ដឹកជញ្ជូនកសិផលទៅកាន់ទីផ្សារបានឆាប់រហ័ស និងលើកកម្ពស់ជីវភាពរបស់ពលរដ្ឋ។

ដោយឡែក លោក ឆែ សុជា និងយុវតី សុនីតា រស់នៅភូមិតាចាត ឃុំទួលគគីរ បានទទួលស្គាល់ថា ចាប់ពីតាំងបានផ្លូវកៅស៊ូស្អាតល្អមក មូលដ្ឋានរបស់ពួកគេមានសភាពអ៊ូអរច្រើនធ្វើដំណើរឆ្លងកាត់ទៅមកឥតដាច់នោះទេ ធៀបនឹងពេលមិនទាន់មានផ្លូវកៅស៊ូ លំបាកខ្លាំងរអិលពេលវស្សា និងដីហុយពេលប្រាំង។
តំណាងពលរដ្ឋខាងលើ រំពឹងថា មូលដ្ឋានពួកគេនឹងបន្តទទួលបានគម្រោងអភិវឌ្ឍន៍បន្ថែមទៀត បម្រើដល់សេចក្តីត្រូវការចង់បានរបស់ពលរដ្ឋ និងលើកកម្ពស់ជីវភាពរបស់នៅកាន់តែល្អប្រសើរឡើង៕

អត្ថបទ៖ សិរីវឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម