Connect with us

ព័ត៌មានជាតិ

បើកបរមិនប្រកាន់ស្តាំ មិនគោរពច្បាប់ចរាចរណ៍បណ្តាលឱ្យបាត់បង់ជីវិត១នាក់ និងរបួស៣នាក់

បានផុស

នៅ

យ៉ាងហោចណាស់មានមនុស្សស្លាប់និងរបួសធ្ងន់ស្រាលចំនួន៤នាក់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តម៉ាកហ្វត និងរថយន្តធុនធ្ងន់ បើកបរក្នុងគោលដៅបញ្ច្រសទិសគ្នា នៅលើកំណាត់ផ្លូវជាតិលេខ ៧៦ ចន្លោះគីឡូម៉ែត្រលេខ ៧៥/៧៦ បណ្ដាលឱ្យស្ត្រីវ័យចំណាស់ម្នាក់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែង។ ហេតុការណ៍នេះបានកើតឡើងនៅរសៀលថ្ងៃទី២៤ខែតុលា ឆ្នាំ២០២៥ នៅចំណុច ៥៩ ស្ថិតនៅភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឡោ សុខា ស្នងការនគបាលខេត្តមណ្ឌលគិរី បានប្រាប់(កម្ពុជាថ្មី)ឱ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងរថយន្ដ បើកបរបញ្ច្រាសទិសគ្នារថយន្តម៉ាក ហ្វត បើកបរពីរលិចទៅកើត។ ចំណែករថយន្ត វេអង បើកបរពីកើតទៅលិច មកដល់ណុចកើតហេតុបានបុកគ្នាពេញទំហឹងបណ្ដាលខាងរថយន្តហ្វតរងរបួសធ្ងន់ស្រាល៣នាក់ និងម្នាក់ទៀតត្រូវបានស្លាប់នៅកន្លែង។

លោកបន្តថា ជនរងគ្រោះមានឈ្មោះ ស្រី ផល្លី ភេទស្រី អាយុ៥៣ឆ្នាំ មុខរបរកសិករ  រស់នៅភូមិដូនកុក សង្កាត់បឹងធំ ខណ្ឌកំបូល ក្រុងភ្នំពេញ (ស្លាប់កន្លែងកើតហេតុ)។ចំណែកអ្នកបើកបរមានឈ្មោះ អឿន រ៉ាល់ ភេទប្រុស អាយុ៤៦ឆ្នាំ មុខរបរអ្នកបើករថយន្ត រស់នៅភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ក្រុងភ្នំពេញ (រងរបួសធ្ងន់) ខណៈ២នាក់ទៀតរងរបួសស្រាល។

លោក ឡោ សុខា ស្នងការនគបាលខេត្តមណ្ឌលគិរី

លោកស្នងការបានបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរខាងលើនេះ បង្ករឡើងដោយរថយន្តម៉ាកហ្វត ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AR7811 ដឹកអ្នកដំណើរគោលដៅពីភ្នំពេញឆ្ពោះមកខេត្តមណ្ឌលគិរី បើកបរមិនប្រកាន់ស្ដាំចូលកន្លងផ្លូវរបស់រថយន្ត វេអង ទើបបណ្ដាលអោយមានគ្រោះចរាចរណ៍នេះតែម្តង។ ចំណែកអ្នកបើកបររថយន្ត វេអង ពាក់ស្លាកលេខ កំពង់ចាម 3A9153 ឈ្មោះ អឿន សំអូន ភេទប្រុស អាយុ៣៦ឆ្នាំ រងរបួសចំមុខ។

យ៉ាងណាមិញ សាកសពត្រូវបានប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ហើយជនរងគ្រោះបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យខេត្តមណ្ឌលគិរី។ រីឯមធ្យោបាយបានយកមករក្សាទុកនៅស្នាក់ការចរាចរណ៍៥៩ រង់ចាំចាត់ការតាមនីតិវិធីបន្ត។

ជាមួយគ្នានេះ លោកស្នងការនគរបាលខេត្តមណ្ឌលគិរី អំពាវនាវនិងក្រើនរំលឹកដល់អ្នកបើកបរយានជំនិះគ្រប់ប្រភេទជាពិសេសភ្ញៀវទេសចរជាតិនិងអន្តរជាតិដែលគ្រោងមកកម្សាន្តនៅខេត្តនេះ មេត្តាបង្កើនការប្រុងប្រយ័ត្នបើកបរក្នុងល្បឿនយឺត ឡើងចំណោតនិងចុះ និងបើកបរប្រកាន់ខាងស្ដាំ និងគោរពច្បាប់ចរាចរណ៍៕

អត្ថបទ៖ រៀម សុខហេង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម