Connect with us

ព័ត៌មានជាតិ

សម្តេច ម៉ែន សំអន ៖ ព្រះពុទ្ធសាសនា បានផ្តល់នូវមេរៀនដ៏មានតម្លៃ ដើម្បីចូលរួមកសាងសុខសន្តិភាព និងការអភិវឌ្ឍ

បានផុស

នៅ

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧ​ត្ត​ម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ បាន​ថ្លែង​ថា ព្រះពុទ្ធ​សាសនា បានផ្តល់​នូវ​មេរៀន​ដ៏​មានតម្លៃ​ដើម្បី​ចូលរួម​កសាង​សុខ​សន្តិភាព និង​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ​ផង​ដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ថ្លែង​បែបនេះ​ក្នុងពេល​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើក​កិច្ចប្រជុំ​កំពូល​ព្រះពុទ្ធសាសនា កម្ពុជា ឡាវ វៀតណាម លើក​ទី​ ៣ ក្រោម​ប្រធានបទ “​សុខដុម​នីយកម្ម​ព្រះពុទ្ធ​សាសនា ដើម្បី​សន្តិភាព និង​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​” ដែល​បាន​រៀបចំឡើង​នៅ សណ្ឋាគារ​កាំបូឌីយ៉ាណា កាលពី​ព្រឹក​ថ្ងៃ​អង្គារ ៧​ កើត ខែ​កត្តិក ឆ្នាំម្សាញ់ សប្ដស័ក ព​.​ស ២៥៦៩ ថ្ងៃ​ទី ២៨ ខែ​តុលា ឆ្នាំ ២០២៥។

លោក​បណ្ឌិត ចាយ បូ​រិ​ន រដ្ឋមន្ត្រី​ក្រសួង​ធម្មការ និង​សាសនា លើកឡើងថា កិច្ចប្រជុំ​កំពូល​ព្រះពុទ្ធ​សាសនា​លើក​ទី ៣ ត្រូវបាន​រៀបចំ​ឡើង​ដោយ​មាន​ថ្នាក់ដឹកនាំ ​នៃ​ប្រទេស​កម្ពុជា ឡាវ វៀតណាម ដោយ​បាន​ធ្វើការ​វាយតម្លៃ​ខ្ពស់ និង​សម្តែង​ការ​អបអរសាទរ​ចំពោះ​ការ​រីកចម្រើន​ឥត​ឈប់ឈរ ​នៃ​ចំណង​សាមគ្គីភាព មិត្តភាព​ជា​ប្រពៃណី ទំនាក់ទំនង​ជា​ប្រវត្តិសាស្ត្រ និង​កិច្ច​សហ​ប្រតិបត្តិការ​ជិតស្និទ្ធ​លើ​គ្រប់​វិស័យ រួមមាន នយោបាយ សន្តិសុខ ការពារ​ជាតិ ការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម សាសនា វប្បធម៌ អប់រំ និង​ទេសចរណ៍។

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត​ ក៏បាន​ថ្លែង​កោតសរសើរ​ដល់ លោក​បណ្ឌិត ចាយ បូ​រិ​ន ថ្លែង​អំណរ​ព្រះ​គុណ សម្តេចព្រះ​មហាសង្ឃរាជ​ទាំងពីរ​គណៈ សម្តេចព្រះ​សង្ឃនាយក និង​សូម​កោតសរសើរ​វាយ​តម្លៃ​ខ្ពស់​ចំពោះ​ក្រសួង​ធម្មការ​ និង​សាសនា ដែល​បាន​សហការ​ចាត់ចែង​រៀបចំ​កិច្ចប្រជុំ​កំពូល​នេះ​ឡើង ក្នុង​គោលបំណង​ចែករំលែក​អំពី​តួនាទី​ព្រះពុទ្ធសាសនា ​នៃ​ប្រទេស​ទាំង ​៣ កម្ពុជា ឡាវ និង វៀតណាម ដើម្បី​ចូលរួម​ចំណែក​កសាង​អភិវឌ្ឍន៍​ប្រទេស​ទាំង​ក្នុង​វិស័យ​នយោបាយ សេដ្ឋកិច្ច សង្គម​វប្បធម៌ និង​សាសនា ជាពិសេស​ការ​ចូលរួម​កសាង​មូលធន​មនុស្ស។ ជាងនេះទៅទៀត កិច្ចប្រជុំ​កំពូល​ព្រះពុទ្ធសាសនា គឺជា​កាលានុវត្តភាព​មួយ បង្កើន​ការ​យល់ដឹង​ពី​គុណ​តម្លៃ​ស្នូល និង​គោលការណ៍​របស់​ព្រះពុទ្ធសាសនា ក្នុង​ការ​ចូលរួម​ថែរក្សា​សុខុមាលភាព​សង្គម មិត្តភាព សាមគ្គីភាព និង​កិច្ច​សហប្រតិបត្តិការ​ល្អ តាមរយៈ​ការ​បង្ហាញ និង​លើក​កម្ពស់​គោលការណ៍​អហិង្សា។

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត បន្ត​ទៀត​ថា សាសនា ជា​ប្រភព​ផ្ដល់​គុណ​តម្លៃ​ដឹកនាំ​ខាង​ស្មារតី ឱវាទ​ជួយ​ដល់​អ្នកប្រតិបត្តិ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ តួនាទី​របស់​ព្រះពុទ្ធសាសនា បានផ្តល់​នូវ​មេរៀន​ដ៏​មាន​តម្លៃ​ជាច្រើន​ចូលរួម​កសាង​នូវ​សន្តិភាព និង​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​។ នៅក្នុង​ប្រទេស​កម្ពុជា ព្រះពុទ្ធសាសនា​បាន​ដើរ​តួនាទី​យ៉ាងសំខាន់​ក្នុងការ​ព្យាបាល​របួស​ផ្លូវចិត្ត​រ៉ាំរ៉ៃ​ពី​អតីតកាល។ ចំណែក​ឯ​ព្រះសង្ឃ​ បាន​ចូលរួម​ចំណែក​ស្តារ​ឡើង​វិញ​នូវ​អត្តសញ្ញាណ​ជាតិ និង​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ផ្សះផ្សា​ជាតិ បង្រួបបង្រួម​ជាតិ តាមរយៈ​ទ្រឹស្ដី​ព្រះពុទ្ធសាសនា មាន​ធម៌​អហិង្សា សាមគ្គីធម៌ និង​ព្រហ្ម​វិហារធម៌​ជាដើម​ផង​ដែរ៕

អត្ថបទ ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម