Connect with us

ព័ត៌មានជាតិ

រយៈពេល ២ថ្ងៃនៃពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២៥ មានអ្នកចូលរួមជិត ១០ម៉ឺននាក់

បានផុស

នៅ

ភ្នំពេញ ៖ ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២៥ ដែលមានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់២ ខែវិច្ឆិកា ឆ្នាំ២០២៥ បានប្រព្រឹត្តទៅប្រកបដោយលទ្ធផលផ្លែផ្កា ក្រោយ​មាន​អ្នក​ចូលរួម​យ៉ាងច្រើនកុះករ ពីសំណាក់ យុវជន សិស្សនិស្សិត សាធារណជនទូទៅសរុបប្រមាណជិត ១០ម៉ឺននាក់។ នេះបើតាមការបញ្ជាក់ពី លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកនាំពាក្យរូបនេះបានលើកឡើងថា ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២៥ នេះបាននាំមកនូវកម្មវិធីល្អៗសម្រាប់យុវជន ដូចជាការដាក់តាំងបង្ហាញស្នាដៃសិស្សនិស្សិត យុវជន នៃគ្រឹះស្ថានអប់រំបណ្តុះបណ្តាលធំៗនៅកម្ពុជា ស្តង់ស្ថាប័នរដ្ឋ ក្រុមហ៊ុនឯកជន និងការធ្វើបទបង្ហាញដោយវាគ្មិន ដោយទទួលបានការសាទរយ៉ាងខ្លាំងពីសំណាក់យុវជន សិស្សនិស្សិត និងសាធារណជនទូទៅ។

លោក ស៊ុន មេសា គូសបញ្ជាក់ថា យុវជនយ៉ាងច្រើនលើសលុបបានវាយតម្លៃខ្ពស់លើកម្មវិធីពិព័រណ៍របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅក្នុងឆ្នាំនេះ ហើយពួកគេលើកឡើងថាជាកម្មវិធីដែលជាស្ពានចម្លង និងសម្រេចក្តីស្រមៃរបស់ពួកគេផងដែរ។

គួរ​បញ្ជាក់​ផងដែរ​ថា ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២៥ មានការចូលរួមពីសំណាក់ក្រុមហ៊ុន សហគ្រាស ក្រសួង ស្ថាប័ន និងគ្រឹះស្ថានអប់រំបណ្តុះបណ្តាលចំនួនប្រមាណ ១៥០ ដែលបានដាក់តាំងបង្ហាញពីឱកាសការងារហូតដល់ជាង ៣ម៉ឺនកន្លែងនៅក្នុងឆ្នាំនេះ ក្នុងនោះ ចំនួនអ្នកដែលបានដាក់ CV ដោយផ្ទាល់ និងអនឡាញសរុបចំនួន ១៧,៤០៤ និងបេក្ខជនជាប់ការងារបឋម សរុបចំនួន ២,០៤១នាក់។

សូម​បញ្ជាក់​ថា ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២៥ ត្រូវបានរៀបចំឡើងដោយ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការ​ជាមួយសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ, សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC), មូលនិធិអភិវឌ្ឍន៍ជំនាញ, ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ, សមាគមសហគ្រិនវ័យក្មេងកម្ពុជា និងវេសឡាញ អេឌ្យូខេសិន គ្រុប រួមនិងដៃគូពាក់ព័ន្ធជាច្រើនទៀត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម