ព័ត៌មានជាតិ
លោក ហួត ហាក់ ផ្តាំនិស្សិតខ្មែរសិក្សានៅអង់គ្លេសធ្វើជាតំណាងផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា
រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោក ហួត ហាក់ បានជំរុញ និងលើកទឹកចិត្តដល់និស្សិតខ្មែរដែលកំពុងសិក្សានៅចងក្រភពអង់គ្លេស ធ្វើជាតំណាងទេសចរណ៍ផ្សព្វផ្សាយទៅកាន់មិត្តភ័ក្តិបរទេសឱ្យកាន់តែទូលំទូលាយដើម្បីឱ្យមកពួកគេមកទស្សនាកម្ពុជា ព្រមទាំងចូលរួមប្រឆាំង និងទប់ស្តាត់ព័ត៌មានក្លែងក្លាយ ដែលជះឥទ្ធិពលអវិជ្ជមានដល់កម្ពុជា។

ការជំរុញនេះ ធ្វើឡើងនាឱកាស រដ្ឋមន្រ្តីក្រសួងទេសចរណ៍លោក ហួត ហាក់ បានជួបសំណេះសំណាលជាមួយសហគមន៍ខ្មែរ និងនិស្សិតដែលរស់នៅ និងសិក្សាក្នុងចក្រភពអង់គ្លេស។ ពិធីសំណេះសំណាលនេះ រៀបចំដោយ ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំចក្រភពអង់គ្លេស លោកស្រី ទួត បញ្ញា នាឱកាសប្រារព្វ ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៧២ នៃទិវាឯករាជ្យជាតិកម្ពុជា (ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ ១៩៥៣ – ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៥) នៅស្ថានទូតកម្ពុជា នៅទីក្រុងឡុងដ៍។
នាឱកាសនោះ លោក ហួត ហាក់ ក៏បានផ្ដាំដល់បងប្អូន និងសិស្ស និស្សិតកម្ពុជា ឱ្យធ្វើជាតំណាងទេសចរណ៍កម្ពុជា (Brand Ambassador) ជួយផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ដល់មិត្តភក្តិបរទេស និងប្រជាជនអង់គ្លេសឱ្យបានទូលំទូលាយ និងលើកទឹកចិត្តឱ្យគេមកទស្សនាប្រទេសកម្ពុជាថែមទៀត។ លោករដ្ឋមន្រ្តី ក៏បានគូសបញ្ជាក់ពីតម្លៃមិនអាចកាត់ថ្លៃបាននៃកត្តាសុខសន្តិភាព ឯករាជ្យ និងសាមគ្គីភាពរួមជាធ្លុងមួយរបស់ប្រជាជនកម្ពុជានាគ្រប់សម័យកាល និងបានចែករំលែកពីប្រវត្តិសង្គ្រាមនៅកម្ពុជា និងដំណើរស្វែងរកសន្តិភាពពេញលេញ ក៏ដូចជាកិច្ចខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមលើគ្រប់វិស័យរហូតដល់សព្វថ្ងៃ។

ការជំរុញនេះ ស្របដែលកម្ពុជាដាក់ផែនការទាក់ទាញភ្ញៀវទេសចរអន្តរជាតិឱ្យមកទស្សនាកាន់តែច្រើន និងបានសាងសង់អាកាសយានដ្ឋានអន្តរជាតិកម្រិតពិភពលោក ដើម្បីស្វាគមន៍យន្តហោះចុះចតគ្រប់ប្រភេទ។ សូមជម្រាបថា លោករដ្ឋមន្រ្តីទេសចរណ៍បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ និងក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (CTB) ចូលរួមពិព័រណ៍ទេសចរណ៍ពិភពលោក នៅទីក្រុងឡុងដ៏ ចក្រភពអង់គ្លេស និងបានឆ្លៀតឱកាសជួបសំណេះសំណាលជាមួយ សហគមន៍ខ្មែរ និងនិស្សិតដែលរស់នៅ និងសិក្សានៅទីនោះ។

ក្នុងរយៈពេល ៩ ខែ (មករា-កញ្ញា) ឆ្នាំ ២០២៥ កម្ពុជាបានស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិប្រមាណ ៤,៣ លាននាក់ ដែលចំនួននេះបានធ្លាក់ចុះ ៨,៨% ធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ ២០២៤។ យោងតាមក្រសួងទេសចរណ៍ ក្នុងចំណោមភ្ញៀវទេសចរអន្តរជាតិជាង ៤,៣ លាននាក់ ទេសចរណ៍ថៃឈរនៅលំដាប់លេខរៀងទី១ ចំនួនជាង ៩៧ ម៉ឺននាក់ ធ្លាក់ចុះ ៣៥,៩% វៀតណាមជាង ៩០ ម៉ឺននាក់ ធ្លាក់ចុះ ជិត ៧% ចិន ៨៨ ម៉ឺននាក់ កើន ៤៦,៣% អាមេរិកជាង ១៤ ម៉ឺននាក់ ធ្លាក់ចុះ ១,៦% កូរ៉េជាង ១២ ម៉ឺននាក់ ធ្លាក់ចុះជិត ១០,៨%។ ការធ្លាក់ចុះនេះ ដោយសារកត្តាសេដ្ឋកិច្ចសាកលធ្លាក់ចុះដែលជាផ្នែកមួយជះឥទ្ធិពលដល់កំណើនភ្ញៀវទេសចរ ក្នុងការកាត់បន្ថយការធ្វើដំណើរផ្លូវឆ្ងាយ កត្តាជំងឺឆ្លង គ្រោះធម្មជាតិ និងសង្គ្រាមជាដើម៕
-
កីឡា៤ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា១ សប្តាហ៍ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៣ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
សន្តិសុខសង្គម៥ ថ្ងៃ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអ្នកយកព័ត៌មានកម្ពុជាថ្មី ទៅចូលរួមកម្មវិធីទស្សនកិច្ចអ្នកសារព័ត៌មានអន្តរជាតិដែលរៀបចំដោយក្រសួងការបរទេសអូស្ត្រាលី


