Connect with us

ព័ត៌មានជាតិ

ប៉ូលិសជាតិកម្ពុជាស្នើអន្តរជាតិស៊ើបអង្កេតករណីយោធាថៃបាញ់ប្រហារពលរដ្ឋខ្មែរ

បានផុស

នៅ

អគ្គស្នងការដ្ឋាននគរបាលជាតិ ចេញមកថ្កោលទោសចំពោះសកម្មភាពបាញ់ប្រហាររបស់កងកម្លាំងថៃលើពលរដ្ឋកម្ពុជា នៅភូមិព្រៃចាន់ ដែលបណ្ដាលឱ្យស្លាប់ និងរងរបួស កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥។ ជាមួយការថ្កោលទោសនេះ ប៉ូលិសជាតិកម្ពុជាស្នើឱ្យមានការស៊ើបអង្កេតលើករណីនេះ ដោយមានការចូលរួមពីភាគីអន្តរជាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេចក្តីថ្កោលទោសរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី១៣ ខែវិច្ឆិកានេះ បានចាត់ទុកការបាញ់ប្រហារលើជនស៊ីវិលពីសំណាក់កងកម្លាំងថៃថា ជាអំពីសាហាវព្រៃផ្សៃនិងយង់ឃ្នងបន្ថែមទៀតរបស់ភាគីថៃ បន្ទាប់ពីកងកម្លាំងចម្រុះថៃបានធ្វើទុក្ខបុកម្នេញគ្រប់បែបយ៉ាងដល់អ្នកភូមិរស់នៅតំបន់នោះនាពេលកន្លងមក ដូចជាការចូលមករាយបន្លាលួស ហ៊ុមព័ទ្ធយកផ្ទះ ដីធ្លី រាយស្បៃខ្មៅ ដាក់កង់ឡាន គ្រោងបាញ់ទឹកលាមក បណ្តេញប្រជាពលរដ្ឋចេញពីលំនៅឋាន ចាក់បំពងសំឡេងរន្ធត់គ្រប់ប្រភេទ បាញ់កាំភ្លើងគ្រាប់ជ័រ ជំពាមគ្រាប់ដែក គ្រាប់ឃ្លី បាញ់ផ្សែងពុល ជាដើម។

ទង្វើអមនុស្សធម៌ទាំងនោះរបស់ភាគីថៃ អគ្គស្នងការដ្ឋាននគរបាលជាតិ ​ថា បានរំលោភលើសេចក្តីថ្លែងការណ៍ជាសាកលអំពីសិទ្ធិមនុស្ស ធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និងច្បាប់អន្តរជាតិផ្សេងទៀត ដែលសុទ្ធតែជាបទល្មើសឧក្រិដ្ឋកម្មអន្តរជាតិ ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ឧក្រិដ្ឋកម្មសង្គ្រាម។

ចំពោះការប្រើអំពើហិង្សាដ៏សាហាវរបស់ភាគីថៃ ដោយការបាញ់មកលើប្រជាពលរដ្ឋជាជនស៊ីវិលស្លូតត្រង់កម្ពុជានោះ អគ្គស្នងការដ្ឋាននគរបាលជាតិ ចាត់ទុកជាសកម្មភាពរំលោភបំពានទៅលើសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃ ដែលភាគីទាំងពីរបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ នៅក្រុងគូឡាឡាំពួរ ក្រោមវត្តមានជាសាក្សារបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម។

ក្នុងន័យនេះ កម្លាំងនគរបាលជាតិកម្ពុជា ស្នើឱ្យភាគីថៃបញ្ឈប់នូវការប្រើប្រាស់កម្លាំង និងអាវុធមកលើប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់កម្ពុជានៅភូមិព្រៃចាន់ ព្រមទាំងស្នើសុំឱ្យមានការស៊ើបអង្កេតឯករាជ្យលើករណីនេះ ដោយមានការចូលរួមពីភាគីអន្តរជាតិ ដើម្បីស្វែងរកការពិត និងផ្តល់យុត្តិធម៌ជូនប្រជាពលរដ្ឋដែលរងគ្រោះ ដោយសារការបាញ់ប្រហារនេះ។

គួរជម្រាបថា កាលពីរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ កម្លាំងយោធាថៃបានបើកការបាញ់ប្រហារមកលើប្រជាពលរដ្ឋកម្ពុជា ដែលកំពុងស្នាក់នៅក្នុងជម្រកកៅស៊ូតង់ ក្នុងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ក្នុងដែនអធិបតេយ្យកម្ពុជា ដែលហេតុការណ៍នេះបានបណ្តាលឱ្យប្រជាពលរដ្ឋខ្មែរបាត់បង់ជីវិតម្នាក់ និងរងរបួសចំនួន៣នាក់៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម