Connect with us

អត្ថាធិប្បាយ

លិខិតមិត្តអ្នកអាន វិវាទពាណិជ្ជកម្ម និងអធិបតេយ្យភាពជាតិ៖ ជំហរផ្លូវច្បាប់របស់កម្ពុជា លើសកម្មភាពពហិការ និងការអនុវត្តច្បាប់នៅតាមព្រំដែន

បានផុស

នៅ

នៅក្នុងបរិបទនៃភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ និងការកើនឡើងនៃស្មារតីស្នេហាជាតិ ករណីនៃការធ្វើពហិការទំនិញដោយមហាជន ការរឹតបន្តឹងការអនុវត្តច្បាប់នៅតាមព្រំដែន បានក្លាយជាប្រធានបទដ៏សំខាន់ដែលតម្រូវឱ្យមានការវិភាគដោយផ្អែកលើការយល់ដឹងពីច្បាប់ និងការពិតជាក់ស្តែង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងនាមជាពលរដ្ឋនិងជាអ្នកវិភាគ យើងត្រូវបំបែកឱ្យច្បាស់រវាង «សិទ្ធិជ្រើសរើសរបស់អ្នកប្រើប្រាស់ កាតព្វកិច្ចអនុវត្តច្បាប់ផ្ទៃក្នុង និងក្របខណ្ឌពាណិជ្ជកម្មអន្តរជាតិ»

១. ស្មារតីជាតិនិយម និងសិទ្ធិជ្រើសរើសរបស់អ្នកប្រើប្រាស់

ការដែលប្រជាពលរដ្ឋសម្រេចចិត្តពហិការទំនិញ គឺជាការបង្ហាញចេញនូវ «សិទ្ធិជ្រើសរើសរបស់អ្នកប្រើប្រាស់» (Consumer Choice) ដែលជាមូលដ្ឋានគ្រឹះនៃសេរីភាពក្នុងសង្គមប្រជាធិបតេយ្យ។ ក្នុងទិដ្ឋភាពនេះការពហិការមិនមែនជាទង្វើដែលកើតចេញពីការស្អប់ខ្ពើមនោះទេ ប៉ុន្តែវាគឺជា «ការឆ្លើយតបដោយសន្តិវិធី» របស់ពលរដ្ឋម្នាក់ៗ ដែលមានបំណងបង្ហាញពីមនសិការស្នេហាជាតិ និងជំហររួម។

នៅពេលដែលពលរដ្ឋជ្រើសរើសគាំទ្រផលិតផលក្នុងស្រុក ពួកគេកំពុងការពារកិត្តិយសជាតិ និងចូលរួមចំណែកលើកកម្ពស់សេដ្ឋកិច្ចមូលដ្ឋាន។ ក្នុងក្របខណ្ឌនៃច្បាប់អន្តរជាតិ សកម្មភាពនេះមិនមែនជាការរើសអើងសញ្ជាតិឡើយ ប៉ុន្តែជាការប្រើប្រាស់សេរីភាពបញ្ចេញមតិ ដែលជាទូទៅស្ថិតក្រៅវិសាលភាពនៃបទប្បញ្ញត្តិរបស់ WTO។


២. ការបង្ក្រាបការរត់ពន្ធ៖ នីតិរដ្ឋ និងកាតព្វកិច្ចអធិបតេយ្យ

ការអនុវត្តច្បាប់នៅតាមព្រំដែន មិនមែនជាការតបតនយោបាយនោះទេ ប៉ុន្តែជា«កាតព្វកិច្ចអធិបតេយ្យ» (Sovereign Duty) របស់រដ្ឋឯករាជ្យ។

  • សុវត្ថិភាពជាចម្បង៖ ការបង្ក្រាបការរត់ពន្ធ គឺធ្វើឡើងដើម្បីការពារអាយុជីវិត និងសុខភាពរបស់បងប្អូនពលរដ្ឋខ្មែរយើង។ យើងមិនអាចអនុញ្ញាតឱ្យទំនិញដែលគ្មានប្រភពច្បាស់លាស់ គ្មានការត្រួតពិនិត្យគុណភាព និងគ្មានស្តង់ដារអនាម័យ ហូរចូលមកបំផ្លាញសុខភាពរបស់អ្នកប្រើប្រាស់ក្នុងស្រុកបានឡើយ។ ការអនុវត្តច្បាប់ដ៏ម៉ឺងម៉ាត់នេះ គឺជាការបង្ហាញពីការយកចិត្តទុកដាក់កម្រិតខ្ពស់បំផុតរបស់រដ្ឋចំពោះសុវត្ថិភាពជីវិតរបស់ប្រជាពលរដ្ឋ។
  • ភាពស្របច្បាប់នៃចំណាត់ការ៖ ការបង្ក្រាបនេះអនុវត្តលើ «ទង្វើខុសច្បាប់» (Smuggling) មិនមែនលើសញ្ជាតិណាមួយឡើយ។ យោងតាមមាត្រា XX នៃកិច្ចព្រមព្រៀង GATT របស់ WTO រដ្ឋមានសិទ្ធិស្របច្បាប់ក្នុងការដាក់ចេញវិធានការការពារ «សីលធម៌សាធារណៈ» (Public Morals) ស្របតាមមាត្រា XX(a) និង «ជីវិត ឬសុខភាពមនុស្ស» ស្របតាមមាត្រា XX(b)។ វិធានការទាំងនេះត្រូវមានលក្ខណៈ «មិនរើសអើង» និង «មិនមែនជាការរឹតត្បិតពាណិជ្ជកម្មក្លែងបន្លំ» (disguised restriction on trade)។

៣. អំពើរត់ពន្ធ និងគោលការណ៍ Good Faith

ក្នុងន័យច្បាប់គយអន្តរជាតិ អំពើរត់ពន្ធ (Smuggling) គឺជាការនាំទំនិញចូល ឬចេញ ដោយគេចវេសពីនីតិវិធីគយ ឬឆ្លងកាត់ក្រៅច្រកទ្វារអន្តរជាតិ។ គោលការណ៍ pacta sunt servanda និង good faith តម្រូវឱ្យរដ្ឋសហការគ្នា និងអនុវត្តកិច្ចព្រមព្រៀងដោយសុចរិតភាព។ ការបិទលំហូរពាណិជ្ជកម្មស្របច្បាប់ ខណៈបន្តទាមទារឱ្យភាគីម្ខាងទទួលខុសត្រូវលើបាតុភូតទីផ្សារងងឹតដែលកើតចេញពីការបិទព្រំដែននោះ អាចបង្កជាសំណួរអំពីភាពសមហេតុផលនៃការអនុវត្តនយោបាយព្រំដែនរបស់ភាគីពាក់ព័ន្ធ។

៤. ក្របខណ្ឌអាស៊ាន និងអធិបតេយ្យភាពផ្ទៃក្នុង

ក្រោមធម្មនុញ្ញអាស៊ាន (មាត្រា ២) រដ្ឋសមាជិកត្រូវគោរព៖

  • ការមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង
  • ការដោះស្រាយវិវាទដោយសន្តិវិធី
  • ការគោរពអធិបតេយ្យភាពគ្នាទៅវិញទៅមក។

ការបង្ក្រាបការរត់ពន្ធ គឺជាការអនុវត្ត «អធិបតេយ្យភាពផ្ទៃក្នុង» (domestic jurisdiction) របស់រដ្ឋ ដែលជាគោលការណ៍មូលដ្ឋាននៃច្បាប់អន្តរជាតិ។

សេចក្តីសន្និដ្ឋាន

ទោះជាយ៉ាងណា ការវាយតម្លៃចុងក្រោយនៃវិវាទនេះ ត្រូវផ្អែកលើការពិនិត្យអង្គហេតុ និងមូលដ្ឋានភស្តុតាងជាក់ស្តែង។ ជំហររបស់កម្ពុជាមិនមែនជាការបំពានលើកាតព្វកិច្ច WTO ឡើយ ប៉ុន្តែជាការអនុវត្តសិទ្ធិអធិបតេយ្យក្នុងការការពារនីតិរដ្ឋ និងសុវត្ថិភាពសាធារណៈ។ ក្នុងករណីមានការប្តឹងទៅកាន់វេទិកាអន្តរជាតិ វានឹងតម្រូវឱ្យភាគីទាំងអស់បង្ហាញភាពស្របច្បាប់នៃវិធានការរបស់ខ្លួន ដែលជាដំណើរការមួយដែលកម្ពុជាមានមូលដ្ឋានផ្លូវច្បាប់រឹងមាំក្នុងការការពារ។ ការអនុវត្តនីតិរដ្ឋប្រកបដោយតម្លាភាព និងការបង្ហាញជំហរដោយសន្តិវិធីរបស់ពលរដ្ឋ គឺជាកត្តាគាំទ្រដ៏រឹងមាំសម្រាប់អធិបតេយ្យភាពជាតិ។ យើងនៅតែបន្តប្រកាន់ខ្ជាប់នូវគោលការណ៍សហប្រតិបត្តិការដោយស្មើភាព ដើម្បីផលប្រយោជន៍រួមនៃសេដ្ឋកិច្ចតំបន់ និងសណ្តាប់ធ្នាប់ពាណិជ្ជកម្មអន្តរជាតិដែលផ្អែកលើច្បាប់៕ 

Opinion / Panhavvuth Long

Lawyer, PAN & Associates Lawfirm

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម