ព័ត៌មានជាតិ
វៀតណាមគាំទ្រដំណោះស្រាយដោយសន្តិវិធីលើបញ្ហាព្រំដែនកម្ពុជា-ថៃ
វៀតណាមបានលើកឡើងពីការគាំទ្រចំពោះដំណោះស្រាយដោយសន្តិវិធីទៅលើបញ្ហាជម្លោះព្រំដែនកម្ពុជា និងថៃ ខណៈវៀតណាមកំពុងបន្តតាមដានចំពោះការវិវត្តជុំវិញជម្លោះរវាងប្រទេសជិតខាងទាំងពីរនេះ។ ការលើកឡើងបែបនេះបានធ្វើឡើងដោយមេបញ្ជាការការពារអាកាសរបស់វៀតណាម ឧត្តមសេនីយ៍ទោ វូ ហុងសឺន ក្នុងពេលជួបពិភាក្សាការងារជាមួយអគ្គមេបញ្ជាការកងទ័ពកម្ពុជា នាយឧត្តមសេនីយ៍ វង្ស ពិសេន កាលពីរសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ ក្នុងរាជធានីភ្នំពេញ។

ឧត្តមសេនីយ៍ទោ វូ ហុងសឺន (VU HONG SON) បានគូសបញ្ជាក់នៅក្នុងជំនួបនោះថា វៀតណាមកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះស្ថានការណ៍នៅតំបន់ព្រំដែនកម្ពុជា និងថៃ និងគាំទ្រយ៉ាងពេញទំហឹងចំពោះការដោះស្រាយជម្លោះដោយសន្តិវិធី ដើម្បីធានាសន្តិភាព និងស្ថិរភាពយូរអង្វែងក្នុងតំបន់។
ជាការឆ្លើយតប លោកនាយឧត្តមសេនីយ៍ វង្ស ពិសេន បានថ្លែងអំណរគុណចំពោះវៀតណាម ដែលបានគាំទ្របទឈប់បាញ់ និងការស្វែងរកដំណោះស្រាយដោយសន្តិវិធីចំពោះបញ្ហាព្រំដែនកម្ពុជា-ថៃ ព្រមទាំងបានចាត់បញ្ជូននាយទាហានចូលរួមក្នុងក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT)។

លោកអគ្គមេបញ្ជាការ បានស្នើឱ្យវៀតណាម បន្តគាំទ្របេសកកម្មរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន ដើម្បីធានាការអនុវត្តបទឈប់បាញ់ និងរួមចំណែករក្សាសន្តិភាព ស្ថិរភាព និងសន្តិសុខតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ឱ្យបានយូរអង្វែង។
គួរកត់សម្គាល់ថា ក្នុងជំនួបខាងលើ ភាគីទាំងពីរ ក៏បានពិភាក្សាលើការបន្តពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការយោធាជាមួយគ្នាឱ្យកាន់តែជម្រៅបន្ថែមទៀត។ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានលើកឡើងពីទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកងទ័ពកម្ពុជា-វៀតណាម ដែលត្រូវបានពង្រឹងជាបន្តបន្ទាប់។

ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការកងទ័ពការពារអាកាស ឧត្តមសេនីយ៍ទោ វូ ហុងសឺន បានបង្ហាញការពេញចិត្តចំពោះទំនាក់ទំនងដ៏ជិតស្និទ្ធ និងស៊ីជម្រៅរវាងប្រទេសទាំងពីរ ដោយបានលើកឡើងថា នាយទាហានកម្ពុជាមួយចំនួនត្រូវបានទទួលការបណ្តុះបណ្តាលនៅវៀតណាម ដែលជាកត្តាដ៏សំខាន់ក្នុងការពង្រឹងសមត្ថភាពធនធានមនុស្ស និងរឹតចំណងមិត្តភាពរវាងកងទ័ពទាំងពីរ។

ឧត្តមសេនីយ៍ទោ វូ ហុងសឺង កំពុងដឹកនាំគណៈប្រតិភូនៃបញ្ជាការកងការពារអាកាសវៀតណាម បំពេញទស្សនកិច្ចនៅកម្ពុជា ដោយនៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ គណៈប្រតិភូ បានជួបប្រជុំទ្វេភាគីជាមួយនាយឧត្តមសេនីយ៍ សឹង សំណាង អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងអាកាស នៅមូលដ្ឋានទ័ពអាកាសពោធិ៍ចិនតុង៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៤ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%


