ព័ត៌មានជាតិ
រដ្ឋចាប់ដៃជាមួយវិស័យឯកជន អភិវឌ្ឍកម្លាំងពលកម្មលើកកម្ពស់ឱកាសការងារនៅកម្ពុជា
លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងអ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកប្រតិបត្តិក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប នៅព្រឹកថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០២៥ បានចុះអនុស្សរណៈនៃការ យោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីបង្កើតភាពជាដៃគូរវាងរដ្ឋ និងឯកជន ដែលផ្ដោតលើការពង្រឹងការអភិវឌ្ឍកម្លាំងពលកម្មនៅកម្ពុជា លើកកម្ពស់ឱកាសការងារ លើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ និងការទូទាត់ប្រាក់តាមប្រព័ន្ធឌីជីថល និងជំរុញកិច្ចសហការយ៉ាងមានប្រសិទ្ធភាពរវាងភាគីទាំងពីរ។

អ្នកឧកញ៉ា គិត ម៉េង បានលើកឡើងពីកត្តាសុខសន្តិភាព បានផ្ដល់ឱកាសឱ្យក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប មានលទ្ធភាពក្នុងការអភិវឌ្ឍរីកចម្រើនទាំងការកសាងធនធានមនុស្ស ដែលជាកត្តាសំខាន់មិនអាចខ្វះបាន ដើម្បីធានាបានថា កម្លាំងពលកម្មអាចឆ្លើយតបទៅនឹងបម្រែបម្រួលយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យា ដែលរហូតមកបច្ចុប្បន្នក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប មានបុត្រសម្ព័ន្ធលើវិស័យជាច្រើនចំនួន២២ ក្រុមហ៊ុន។
អ្នកឧកញ៉ាក៏បានបង្ហាញពីក្តីរីករាយដោយបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ជាពិសេសក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: ក្នុងការអភិវឌ្ឍប្រទេសជាតិឱ្យរីកចម្រើន រួមទាំងសកម្មភាពជួយការងារសង្គម និងការងារមនុស្សធម៌ជាច្រើន ដើម្បីជួយដល់កម្មករនិយោជិត និងប្រជាជនកម្ពុជា។

លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការវិវត្តរីកចម្រើនឥតឈប់ឈររបស់ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ក្រោមការដឹកនាំរបស់អ្នកឧកញ៉ា ដែលជាក្រុមហ៊ុនវិនិយោគជនជាតិខ្មែរដ៏ធំជាងគេមួយចាប់ផ្តើមដំបូងនៅកម្ពុជា រហូតបង្កើតបានក្រុមហ៊ុនបុត្រសម្ព័ន្ធជាច្រើន និងបានផ្តល់ឱកាសការងារជាច្រើនជូនដល់ប្រជាពលរដ្ឋកម្ពុជា និងបានចូលរួមទាក់ទាញវិនិយោគទុនថ្មីៗជាច្រើនមកកម្ពុជាជាបន្តបន្ទាប់ ហើយក៏មានការនាំមកនូវបច្ចេកវិទ្យាថ្មីៗសម្រាប់ចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ។
លោករដ្ឋមន្រ្តី បន្ថែមថា ការរក្សាបាននូវសន្តិភាព គឺជាការរក្សាបាននូវក្តីសង្ឈឹម និងការអភិវឌ្ឍ។ កន្លងមកក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប បានសហការជាមួយក្រសួងការងារជាបន្តបន្ទាប់ ក្នុងការជួយសម្រួលក្នុងការផ្តល់សេវាសាធារណៈរបស់ក្រសួង ការផ្សព្វផ្សាយ និងផ្តល់ឱកាសការងារជាដើម។

ការចុះអនុស្សរណៈនៃការយោគយល់គ្នានាពេលនេះ គឺជាការលើកកម្ពស់ភាពជាដៃគូរវាងស្ថាប័នទាំងពីរឱ្យកាន់តែមានភាពគ្រប់ជ្រុងជ្រោយ និងចូលរួមចំណែកកាន់តែទូលំទូលាយក្នុងការពង្រឹងការអភិវឌ្ឍជំនាញសម្រាប់ប្រជាជនកម្ពុជា ដែលឆ្លើយតបទៅនឹងទស្សនវិស័យរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលកំណត់យកការអភិវឌ្ឍធនធានមនុស្សជាអាទិភាពចំបង។
ទាំងរដ្ឋមន្រ្តី និងអ្នកឧកញ៉ា សុទ្ធតែមានទស្សនរួមគ្នាថា បើចង់ឱ្យគ្រួសារមួយ ក្រុមហ៊ុន ឬស្ថាប័នមួយរីកចម្រើនទៅបាន ត្រូវការចាំបាច់នូវធនធានមនុស្សប្រកបដោយជំនាញវិជ្ជាជីវ: វិវត្តន៍តាមទាន់ការរីកចម្រើននៃបច្ចេកវិទ្យា មិនអាចពឹងផ្អែកលើចំណេះដឹង និងជំនាញដែលខ្លួនមានពីមុនទេ ត្រូវអភិវឌ្ឍខ្លួនជាប្រចាំដើម្បីបង្កើនជំនាញ (upskilling) និងផ្លាស់ប្តូរជំនាញ(Reskilling)។

លោករដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ដែលបានចាប់យកក្រសួងជាដៃគូសហការ ដោយបញ្ជាក់ថា ការចុះអនុស្សរណៈនាពេលនេះ មិនមែនដើម្បីប្រយោជន៍ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប តែឯង ឬក៏មិនមែនដើម្បីប្រយោជន៍របស់ក្រសួងទេ ប៉ុន្តែដើម្បីបង្កើនភាពជាដៃគូយ៉ាងជិតស្និទ្ធថែមទៀត ក្នុងការរួមគ្នាផ្តល់ជាប្រយោជន៍សម្រាប់បងប្អូនកម្មករនិយោជិត យុវជន សិស្ស និស្សិត និងប្រជាពលរដ្ឋកម្ពុជា ក្នុងស្មារតីខ្មែរស្រឡាញ់ខ្មែរ ខ្មែរជួយរកការងារឱ្យខ្មែរ៕





-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៧ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


