ចរាចរណ៍
ក្រុមហ៊ុន វីរៈ រិទ្ធី ដែលបង្កគ្រោះថ្នាក់នៅកំពង់ធំបានដោះស្រាយសំណងបញ្ចប់រឿងដល់អ្នករបួស ខណៈអ្នកស្លាប់ទើបទទួលសំណងបានពីរនាក់
ជនរងគ្រោះរងរបួសក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដែលបង្កឡើងដោយរថយន្ដក្រុងដឹកអ្នកដំណើររបស់ក្រុមហ៊ុន វីរៈ រិទ្ធី កាលពីថ្ងៃទី២០ ខែវិច្ឆិកា កន្លងទៅនៅខេត្តកំពង់ធំ បានយល់ព្រមទទួលយកសំណងរដ្ឋប្បវេណីពីក្រុមហ៊ុនរួចរាល់អស់ហើយដើម្បីបញ្ចប់រឿង ខណៈអ្នកបាត់បង់ជីវិតទើបតែមានពីរនាក់ប៉ុណ្ណោះដែលទទួលបានសំណង។ ទោះបីយ៉ាងណា ក្រុមហ៊ុននៅតែព្យាយាម និងរង់ចាំក្រុមគ្រួសាររងគ្រោះមកជួបដើម្បីទទួលបានសំណងបន្ថែម។ នេះបើតាមការបញ្ជាក់ពីលោកវរសេនីយ៍ឯក ព្រំ ចាន់ថុល នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ប្រាប់ កម្ពុជាថ្មី នៅព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥នេះ។

លោកវរសេនីយ៍ឯក ព្រំ ចាន់ថុល បញ្ជាក់បន្ថែមថា ចំពោះអ្នកបាត់បង់ជីវិតទាំង១៤នាក់ដែលមិនទាន់ទទួលបានសំណង គឺដោយសារមិនទាន់មានតំណាងក្រុមគ្រួសារសាច់ញាតិមកដាក់ពាក្យបណ្ដឹងដោះស្រាយនៅឡើយ ខណៈភាគីក្រុមហ៊ុនរថយន្ដក្រុងបង្កក៏កំពុងរង់ចាំភាគីតំណាងគ្រួសាររងគ្រោះមកដោះស្រាយផងដែរ។

តាមរបាយការណ៍របស់នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ជនរងគ្រោះដែលរងរបួសធ្ងន់ និងស្រាលទាំង២៤នាក់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បង្កដោយរថយន្ដក្រុងដឹកអ្នកដំណើរ វីរៈ រិទ្ធី បានទទួលសំណងចន្លោះពី ៣៥០ដុល្លារ ទៅ ៣៤០០ដុល្លារ ទៅតាមស្ថានភាពជាក់ស្ដែង ចំណែកអ្នកបាត់បង់ជីវិតពីរនាក់ដែលទទួលសំណងរួចរាល់នោះ គឺក្នុងម្នាក់ទទួលបាន ២៥០០ដុល្លារ។

ចំពោះសំណុំរឿងគ្រោះថ្នាក់ចរាចរណ៍នេះ បើតាមលោកវរសេនីយ៍ឯក ព្រំ ចាន់ថុល លោកក៏បានបញ្ជូនទៅសាលាដំបូងខេត្តកំពង់ធំដើម្បីចាត់ការតាមនិតិវិធីច្បាប់ ហើយអ្នកបើកបររថយន្ដបង្កក៏ត្រូវតុលាការចោទប្រកាន់ និងបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារខេត្តរួចហើយដែរ។

គួររំលឹកថា កាលពីវេលាទាបភ្លឺថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ រថយន្ដក្រុងដឹកអ្នកដំណើររបស់ក្រុមហ៊ុន វីរៈ រិទ្ធី បានបើកបុកបង្កាន់ដៃស្ពានអូរប្រាសាទ ស្ថិតក្នុងភូមិគិរីវ័ន្ដ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ។ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះមានជនរងគ្រោះសរុប៤០នាក់ ក្នុងនោះស្លាប់នៅកន្លែងកើតហេតុ១៦នាក់ និងរងរបួសធ្ងន់ស្រាល២៤នាក់។
តាមការបញ្ជាក់ពីនាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ តាមការសន្និដ្ឋានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ កើតឡើងដោយសារអ្នកបើកបរងងុយដេក៕
អត្ថបទ៖ សុខុម


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច២ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧


