Connect with us

ព័ត៌មានអន្ដរជាតិ

លោកត្រាំ គ្រោងពិភាក្សាជាមួយលោក Elon Musk ដើម្បីស្តារប្រព័ន្ធអ៊ីនធឺណិតនៅអ៊ីរ៉ង់

បានផុស

នៅ

ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បានមានប្រសាសន៍កាលពីថ្ងៃអាទិត្យ​ទី​១១​ខែ​មករា​ឆ្នាំ​២០២៦​ថា លោកមានគម្រោងពិភាក្សាជាមួយមហាសេដ្ឋី Elon Musk អំពីការស្តារលទ្ធភាពប្រើប្រាស់អ៊ីនធឺណិតឡើងវិញនៅក្នុងប្រទេសអ៊ីរ៉ង់ បន្ទាប់​ពី​អាជ្ញាធរ​ក្រុង​តេហេរ៉ង់​បានកាត់ផ្តាច់សេវាកម្មអស់រយៈពេលបួនថ្ងៃមកហើយ ចំពេលមានការតវ៉ាប្រឆាំងរដ្ឋាភិបាលទ្រង់ទ្រាយ​ធំ។

លោក Elon Musk និង​លោក ដូណាល់ ត្រាំ (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​រ៉យទ័រ លោក​ត្រាំ បានប្រាប់អ្នកយកព័ត៌មានថា លោកនឹងពិចារណាលើការចូលរួមជាមួយក្រុមហ៊ុន SpaceX របស់លោក Musk និងសេវាកម្មផ្កាយរណប Starlink ដែលធ្លាប់ត្រូវបានប្រើប្រាស់ពីមុនមកដើម្បីគេចចេញពីការរឹតបន្តឹងអ៊ីនធឺណិតនៅក្នុងប្រទេសអ៊ីរ៉ង់។ លោកត្រាំ បាននិយាយថា «គាត់ពូកែណាស់លើរឿងប្រភេទហ្នឹង»។

ប្រទេសអ៊ីរ៉ង់បានដាក់ចេញនូវការបិទខ្ទប់អ៊ីនធឺណិតចាប់តាំងពីថ្ងៃព្រហស្បតិ៍មក ខណៈដែលការតវ៉ាបង្កឡើងដោយការឡើងថ្លៃទំនិញបានរីករាលដាលពាសពេញផ្ទៃប្រទេស ដែលក្លាយជាភាពចលាចលដ៏ធំបំផុតគិត​ចាប់តាំងពីឆ្នាំ២០២២។ ការបិទខ្ទប់នេះបានធ្វើឲ្យព័ត៌មានចេញទៅ​ក្រៅប្រទេសត្រូវបានរឹតត្បិតយ៉ាងខ្លាំង។

លោក Musk កាលពីមុនធ្លាប់បាន​ផ្ដល់​ការ​គាំទ្រ​នូវ​លទ្ធភាពប្រើប្រាស់ Starlink ដល់ប្រជាជនអ៊ីរ៉ង់ក្នុងអំឡុងពេលតវ៉ាឆ្នាំ២០២២ ដែលនៅពេលនោះរដ្ឋបាលលោក ចូ បៃដិន បានសម្របសម្រួលជាមួយ​ក្រុមហ៊ុន SpaceX។

បច្ចុប្បន្ន ក្រុមសិទ្ធិមនុស្សប៉ាន់ប្រមាណថា មាន​មនុស្សរាប់រយនាក់​ហើយ​ត្រូវបានសម្លាប់នៅក្នុងភាពចលាចល។ ក្រុមសិទ្ធិមនុស្ស HRANA ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានប្រាប់​ថា ខ្លួនបានបញ្ជាក់ពីការស្លាប់របស់បាតុករចំនួន ៤៩០នាក់ និងបុគ្គលិកសន្តិសុខ ៤៨នាក់ ខណៈដែលមានការចាប់ខ្លួនជាង ១០ ៦០០​នាក់។ យ៉ាង​ណា​មិញ​ អាជ្ញាធរអ៊ីរ៉ង់មិនទាន់បានបញ្ចេញតួលេខផ្លូវការនៅឡើយទេ។

ពាក់ព័ន្ធ​នឹង​ការ​លើក​ឡើង​​​របស់​លោកត្រាំលើក​នេះ ក្រុមហ៊ុន SpaceX មិនទាន់មានការឆ្លើយតបភ្លាមៗ​​នៅឡើយទេ។

សូម​ជម្រាប​ថា កន្លង​មក លោក Musk និងលោកត្រាំ ធ្លាប់មានភាពរកាំរកូសជាសាធារណៈ ជាពិសេសលើគោលនយោបាយពន្ធដារ ប៉ុន្តែទំនាក់ទំនងរបស់ពួកគេនាពេលថ្មីៗនេះ​ហាក់​កំពុង​ល្អ​ប្រសើរ​ឡើង​សាជាថ្មី។ លោក Musk ធ្លាប់​ជាអ្នកគាំទ្រផ្នែកហិរញ្ញវត្ថុដ៏សំខាន់ក្នុងអំឡុងពេលយុទ្ធនាការបោះឆ្នោតប្រធានាធិបតីរបស់លោកត្រាំ ហើយលោកបានដើរតួយ៉ាងសំខាន់ក្នុងការផ្តល់ប្រឹក្សាដល់រដ្ឋបាលស្តីពីប្រសិទ្ធភាពការងាររបស់រដ្ឋាភិបាលសហព័ន្ធ។

សម្ព័ន្ធភាពដែលកំពុងរីកចម្រើនជា​ថ្មី​ម្ដង​ទៀត​នេះត្រូវបានបង្ហាញ​​ឲ្យ​ឃើញកាន់តែច្បាស់តាមរយៈ​គម្រោង​ដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រី​ក្រសួងការពារជាតិ លោក Pete Hegseth ទៅកាន់ទីតាំងរបស់ក្រុមហ៊ុន SpaceX ក្នុងរដ្ឋតិចសាស់នា​ថ្ងៃចន្ទសប្ដាហ៍​នេះ ដែលជាសញ្ញានៃការផ្សារភ្ជាប់គ្នាយ៉ាងខ្លាំងរវាងអាជីវកម្មឯកជនរបស់លោក Musk និងគោលដៅ​នយោបាយការបរទេសរបស់​អាមេរិក៕

បាតុកម្ម​នៅ​អ៊ីរ៉ង់ (រូបថត៖ Reuters)
(រូបថត៖ Reuters)

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម