ព័ត៌មានអន្ដរជាតិ
តើអាមេរិក ធ្លាប់វាយប្រហារអ៊ីរ៉ង់ ប៉ុន្មានដងហើយ?
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានគំរាមម្តងហើយម្តងទៀតថានឹងបើកប្រតិបត្តិការយោធាលើអ៊ីរ៉ង់ បើប្រទេសនេះដើរហួសបន្ទាត់ក្រហម បង្ក្រាបធ្ងន់ធ្ងរលើបាតុករ។

ការគំរាមរបស់ប្រមុខសេតវិមានធ្វើឡើង ក្រោយអាមេរិកបើកប្រតិបត្តិការរួចទៅហើយនៅប្រទេសវ៉េណេស៊ុយអេឡា ឈានដល់ការចាប់ខ្លួនមេដឹកនាំ នីកូឡាស់ ម៉ាឌូរ៉ូ និងភរិយាទៀតផង។
យ៉ាងណា ពេលនេះអ្នកវិភាគអន្តរជាតិមួយចំនួនបានបានទាញសញ្ញាព្រមានដូចគ្នាថា មានឱកាសខ្ពស់បំផុត ដែលអាមេរិកនឹងបើកការវាយប្រហារយោធានៅអ៊ីរ៉ង់។
រឿងវាយប្រហារលើអ៊ីរ៉ង់ មិនមែនទើបលើកដំបូងឡើយ ពោលគឺអាមេរិក បានធ្វើប្រតិបត្តិការយោធាធំៗជាច្រើនលើកមកហើយ ដ្បិតអាមេរិកមិនដែលប្រកាសសង្គ្រាមពេញទំហំជាមួយអ៊ីរ៉ង់ក៏ដោយ ហើយការវាយប្រហារទាំងនោះ ក៏មិនមែនសុទ្ធតែកើតឡើងក្នុងទឹកដីអ៊ីរ៉ង់ដែរ។
១. ប្រតិបត្តិការ Praying Mantis (ឆ្នាំ ១៩៨៨)

យោងតាម Al Jazeera, នេះគឺជាការវាយប្រហារយោធាផ្លូវការ និងធំបំផុតរបស់អាមេរិកទៅលើអ៊ីរ៉ង់ ចាប់តាំងពីសង្គ្រាមលោកលើកទី២ មក។ ការវាយប្រហារកើតឡើង បន្ទាប់ពីនាវាចម្បាំងអាមេរិក USS Samuel B. Roberts រងគ្រោះដោយគ្រាប់មីនរបស់អ៊ីរ៉ង់នៅឈូងសមុទ្រពែរ្ស។
ជាការសងសឹក កងទ័ពជើងទឹកអាមេរិកបានកម្ទេចអណ្តូងប្រេងនិងនាវាចម្បាំងធំៗរបស់អ៊ីរ៉ង់ជាច្រើនគ្រឿង ក្នុងរយៈពេលត្រឹមតែមួយថ្ងៃប៉ុណ្ណោះ។
២. ការសម្លាប់មេដឹកនាំកំពូល Qasem Soleimani (ឆ្នាំ ២០២០)

នេះគឺជាការវាយប្រហារដែលបង្កឲ្យមានភាពតានតឹងខ្លាំងបំផុតក្នុងសតវត្សរ៍ទី២១។ ការធ្វើឃាតកើតឡើងនៅថ្ងៃទី៣ខែមករាឆ្នាំ២០២០ ដែលលោក ដូណាល់ ត្រាំ បានបញ្ជាឲ្យប្រើដ្រូនបាញ់មីស៊ីលសម្លាប់មេទ័ពកំពូលអ៊ីរ៉ង់ Qasem Soleimani នៅព្រលានយន្តហោះទីក្រុងបាកដាដ ប្រទេសអ៊ីរ៉ាក់។
យ៉ាងណា អ៊ីរ៉ង់បានសងសឹកវិញដោយបាញ់មីស៊ីលរាប់សិបគ្រាប់ ចូលមូលដ្ឋានទ័ពអាមេរិកនៅអ៊ីរ៉ាក់។
៣. ការវាយប្រហារតាមអាកាសលើក្រុមប្រដាប់អាវុធគាំទ្រដោយអ៊ីរ៉ង់

អាមេរិក បានវាយប្រហាររាប់រយដងទៅលើក្រុមសកម្មប្រយុទ្ធដែលអ៊ីរ៉ង់បង្កប់នៅប្រទេសជិតខាង ដូចជានៅស៊ីរីនិងអ៊ីរ៉ាក់។ អាមេរិកតែងតែបើកការវាយប្រហារតាមអាកាសលើឃ្លាំងអាវុធ និងមូលដ្ឋានរបស់ក្រុម Kataib Hezbollah និងក្រុមដទៃទៀត ដែលអាមេរិកចាត់ទុកថាជាភ្នាក់ងារ របស់អ៊ីរ៉ង់។
ចំណែកនៅយេម៉ែនវិញ ក្នុងឆ្នាំ២០២៤-២០២៥ អាមេរិកបានវាយប្រហារលើក្រុមហ៊ូធី ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធបំផុតរបស់អ៊ីរ៉ង់ ដើម្បីឆ្លើយតបនឹងការវាយប្រហារលើនាវាដឹកជញ្ជូននៅសមុទ្រក្រហម។
៤. ប្រតិបត្តិការ Midnight Hammer (ឆ្នាំ២០២៥)

ក្នុងនាមជាសកម្មភាពវាយលុកតែម្តងគត់របស់សហរដ្ឋអាមេរិកនៅក្នុងសង្គ្រាមអ៊ីរ៉ង់-អ៊ីស្រាអែលដ៏ខ្លីក្នុងខែមិថុនា ឆ្នាំ២០២៥ កងទ័ពអាកាស និងកងទ័ពជើងទឹកសហរដ្ឋអាមេរិកបានបើកការវាយប្រហារទ្រង់ទ្រាយធំទៅលើរោងចក្រនុយក្លេអ៊ែរសំខាន់ៗចំនួនបីរបស់អ៊ីរ៉ង់គឺ Natanz, Fordow និង Isfahan ដោយប្រើគ្រាប់បែក «Bunker Buster» និងមីស៊ីល Tomahawk។
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


