Connect with us

កីឡា

អធិជ័យ​ ច័ន្ទរាជ្យ​ ក្រុម​គ្រួសារ​បងប្អូន​របស់​ខ្លួន​នៅ​ឯ​ឧត្តរមានជ័យ​មាន​ផល​ប៉ះពាល់​ខ្លាំង​អំឡុង​សង្គ្រាម​ឈ្លានពាន​របស់​សៀម​

បានផុស

នៅ

កីឡាករ​គុន​ខ្មែរ​ អធិជ័យ​ ច័ន្ទរាជ្យ​ ថា​តាំង​ពី​សង្គ្រាម​ឈ្លានពាន​របស់​សៀម​មក​លើ​កម្ពុជា​គឺ​ក្រុម​គ្រួសារ​ និង​បងប្អូន​សាច់ញាត្តិ​របស់​ខ្លួន​នៅ​ឯ​ខេត្ត​ឧត្តរមានជ័យ​ជួប​ការ​លំបាក​ច្រើន​ណាស់​ បាត់​ដី​ ចោរ​លួច​ឥវាន់​ និង​បាត់បង់​ចំណូល​ជា​ដើម។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កីឡាករ អធិជ័យ ច័ន្ទរាជ្យ

សិស្ស​គុន​ក្លឹប​ Cambodian Top Team ​កីឡាករ​ អធិជ័យ​ ច័ន្ទរាជ្យ​ បាន​ឲ្យ​ដឹង​ថា​ បច្ចុប្បន្ន​ស្ថានភាព​នៅ​ឯ​ភូមិ​របស់ខ្លួន​​ឯ​ខេត្ត​ឧត្ដរមានជ័យ​ នោះ​គឺ​មាន​ភ្លើងប្រើប្រាស់​ ប៉ុន្តែ​អត់​ទាន់​មាន​ទឹក​នៅ​ឡើយ​ទេ។​ បង​ប្អូន​របស់​ខ្លួន​ និង​ប្រជាជន​មួយ​ចំនួន​បាន​ចាកចេញ​ ឬ​រើរួស​មក​នៅ​ប៉ែក​ខាង​ក្រោមៗ​ឆា្ងយ​ពី​ព្រំដែន​ហើយ​ដើម្បី​ប្រកប​របរ​រកស៊ី​ចិញ្ចឹម​ជីវិត​ឡើង​វិញ។​

កីឡាករ អធិជ័យ ច័ន្ទរាជ្យ

អំឡុង​សង្គ្រាម​ឈ្លានពាន​នេះ​ក្រុម​គ្រួសារ​ និង​សាច់ញាត្តិ​របស់​ខ្លួន​ជួប​ការ​លំបាក​ជា​ច្រើន​ដូច​ជា​ បាត់​សម្ភារ​ប្រើប្រាស់​ផ្សេងៗ​ ម៉ូតូ​ កង់​ គ្រឿង​ប្រើប្រាស់​ក្នុង​ផ្ទះ​ គ្រឿង​ជួសជុល​ឡាន​ និង​ឥវាន់​សម្រាប់​លក់​ដូរ​ជា​ច្រើន​ផង​ដែរ។​ ផល​ប៉ះពាល់​ទៀត​នោះ​គឺ​អ្នក​មួយ​ចំនួន​បាត់បង់​ដី​ចម្ការ​ដោយ​សៀម​ព័ន្ធ​យក​ និង​ដី​មួយ​ចំនួន​ទៀតមិន​អាច​ចូល​ធ្វើ​ចម្ការ​បាន​ដូច​មុន​ព្រោះ​បន្លាលួស​ជាប់​ព្រំ​ដី​តែ​ម្ដង។​ លើស​ពី​នេះ​ផ្ទះសម្បែង​ត្រូវ​ខូចខាត​ និង​មិន​អាច​វិល​ត្រឡប់​ទៅ​រស់​នៅ​វិញ​បានដោយ​បន្ត​នៅភៀសសឹក។​

ទិដ្ឋភាព​គ្រួសារ អធិជ័យ ច័ន្ទរាជ្យ ប្រមូលផលស្វាយ

កូន​សិស្ស​លោក​ ហ៊ុន​ ច័ន្ទរាជ្យ​ រូប​នេះ​បន្ថែម​ទៀត​ថា​ ផល​ប៉ះពាល់​ធំ​មួយ​ទៀត​នោះ​គឺ​ខាត​បង់​ផល​ដំណាំ​ដែល​កំពុង​ធ្វើ​ដោយ​ប្រមូល​ផល​បាន​ខ្លះ​ និង​ខ្លះ​ទៀត​មិន​អាច​ប្រមូល​ផលតែ​ម្ដង។​ ​​ការ​បាត់​បង់​ប្រាក់​ចំណូល​ដោយ​សារ​តែ​ការ​ភៀស​ខ្លួន​រក​កន្លែង​សុវត្ថិភាព​ផង​ និង​ការបាត់បង់​របរ​រក​ស៊ី​មិន​អាច​បន្ត​បាន​ ស្រប​ពេល​ការ​ចំណាយ​មាន​ច្រើន​ដោយ​ពុំ​មាន​ចំណូល​មក​វិញ​។​

បន្លាលួសជាប់ដីចម្ការរបស់​ អធិជ័យ ច័ន្ទរាជ្យ

បញ្ជាក់​ដែរ​ថា​ កីឡាករ​ អធិជ័យ​ ច័ន្ទរាជ្យ​ មាន​ក្រុម​គ្រួសារ​រស់​នៅ​ឯ​ភូមិរួតចំប៉ី ​សង្កាត់អូរស្មាច់ ​ក្រុងសំរោង ខេត្តឧត្តរមានជ័យ។​ ផ្ទះ​របស់​កីឡាករ​រូប​នេះ​នៅ​ចម្ងាយ​ប្រហែល​ ៤-៥​គីឡូម៉ែត្រ​ពី​ព្រំដែន​ប៉ុណ្ណោះ។​ អំឡុង​សង្គ្រាម​ឈ្លានពាន​របស់​សៀម​មក​លើ​កម្ពុជា​កន្លងទៅ​នេះ​ធ្វើ​ឲ្យ​គេ​មាន​ការ​បារម្ភ​ពី​គ្រួសារ​ជា​ខ្លាំង​ និង​ពុំ​មាន​អារម្មណ៍​ហ្វឹកហាត់​នោះ​ឡើយ៕

ទិដ្ឋភាព​គ្រួសារ អធិជ័យ ច័ន្ទរាជ្យ ប្រមូលផលស្វាយ

អត្ថបទដោយ៖ នួន ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម