Connect with us

ព័ត៌មានអន្ដរជាតិ

តៃវ៉ាន់ ឃ្លាំមើល ចិន ក្រោយមេទ័ព​ជំនិតលោកស៊ី ត្រូវដកតំណែងចោល

បានផុស

នៅ

នាថ្ងៃទី២៦មករានេះ តៃវ៉ាន់កំពុងតាមដានអ្វីដែលខ្លួនហៅថាការផ្លាស់ប្តូរមិនប្រក្រតីចំពោះថ្នាក់ដឹកនាំយោធាចិន បន្ទាប់ពីឧត្តមសេនីយ៍ជាន់ខ្ពស់បំផុត ត្រូវបានដាក់ឲ្យស្ថិតក្រោមការស៊ើបអង្កេតយ៉ាងតឹងរ៉ឹង ខណៈពួកគេអះអាងថា មិនបន្ថយការប្រុងប្រយ័ត្នរបស់ខ្លួនទេ ដោយសារកម្រិតគំរាមកំហែងនៅតែខ្ពស់។

លោក Zhang Youxia ជំនិតលោកស៊ី ( រូបភាពរបស់ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាម Reuters កាលពីថ្ងៃសៅរ៍ ប្រទេសចិនបានប្រកាសថា លោក Zhang Youxia ដែលជាអនុប្រធានគណៈកម្មាធិការយោធាកណ្តាលក្រោមប្រធានាធិបតី ស៊ី ជីនពីង និងមន្ត្រីជាន់ខ្ពស់ម្នាក់ទៀតគឺលោក Liu Zhenli កំពុងស្ថិតក្រោមការស៊ើបអង្កេតដោយសង្ស័យថា ពួកគេប្រព្រឹត្តចារកម្ម និងអំពើពុករលួយធ្ងន់ធ្ងរ។

រដ្ឋមន្ត្រីក្រសួងការពារជាតិតៃវ៉ាន់ Wellington Koo បានប្រាប់អ្នកយកព័ត៌មាននៅសភាថា «យើងនឹងបន្តតាមដានយ៉ាងដិតដល់នូវការផ្លាស់ប្តូរមិនប្រក្រតីក្នុងចំណោមថ្នាក់ដឹកនាំកំពូលនៃគណបក្ស រដ្ឋាភិបាល និងយោធាចិន។ ជំហររបស់យោធា គឺផ្អែកលើការពិតដែលថា ចិនមិនបោះបង់ចោលការប្រើប្រាស់កម្លាំងប្រឆាំងនឹងតៃវ៉ាន់ទេ»។

លោក Zhang Youxia ត្រូវបានគេមើលឃើញជាយូរមកហើយថា ជាសម្ព័ន្ធមិត្តយោធាជិតស្និទ្ធបំផុតរបស់លោកស៊ី ហើយជាមន្ត្រីជាន់ខ្ពស់ចិនម្នាក់ក្នុងចំណោមមន្ត្រីមួយចំនួនតូច ដែលមានបទពិសោធន៍ប្រយុទ្ធ ដោយបានចូលរួមក្នុងជម្លោះព្រំដែនឆ្នាំ១៩៧៩ ជាមួយវៀតណាម។

លោក Wellington Koo បាននិយាយថា អ្វីដែលក្រសួងកំពុងសម្លឹងមើលមិនមែនជា ការរុះរើថ្នាក់ដឹកនាំតែមួយដែលគ្រប់គ្រាន់ដើម្បីធ្វើការសន្និដ្ឋាននោះទេ។ លោកថា តៃវ៉ាន់នឹងប្រើប្រាស់វិធីសាស្រ្តស៊ើបការណ៍សម្ងាត់ ការឃ្លាំមើល និងឈ្លបយកការណ៍រួមគ្នាជាច្រើន ក៏ដូចជាការចែករំលែកព័ត៌មានស៊ើបការណ៍សម្ងាត់ ដើម្បីយល់ពីចេតនាដែលអាចកើតមានក្នុងប្រទេសចិន។

លោក Koo បានពន្យល់លម្អិតថា អ្វីដែលយើងចង់បានគឺការយល់ដឹងយ៉ាងទូលំទូលាយអំពីសូចនាករទាំងអស់ យោធា និងមិនមែនយោធា ដែលឆ្លុះបញ្ចាំងពីចេតនា និងសកម្មភាពក្នុងប្រទេសចិន ហើយបន្ទាប់មកធ្វើការវាយតម្លៃរួម។ ដោយសារតែទីក្រុងប៉េកាំងមិនដែលបោះបង់ចោលការប្រើប្រាស់កម្លាំង ដើម្បីនាំតៃវ៉ាន់មកស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្លួននោះទេ ហើយកន្លងមក បានធ្វើសមយុទ្ធសង្គ្រាមជុំចុងក្រោយរបស់ខ្លួននៅជុំវិញកោះនេះនៅចុងខែមុន។ រដ្ឋាភិបាលតៃវ៉ាន់និយាយថា មានតែប្រជាជននៃកោះនេះទេដែលអាចសម្រេចចិត្តអនាគតរបស់ពួកគេ។

ថ្លែងទៅកាន់សមាជិកសភានៅថ្ងៃដដែលនោះ លោក Koo អះអាងបន្ថែម វាច្បាស់ណាស់ថា ការគំរាមកំហែងរបស់ចិនកាន់តែអាក្រក់ទៅៗ ដោយចង្អុលទៅសមយុទ្ធសង្គ្រាម សកម្មភាពយោធាប្រចាំថ្ងៃ និងការកើនឡើងជាបន្តបន្ទាប់នៃការចំណាយលើវិស័យការពារជាតិរបស់ចិន ហើយតៃវ៉ាន់មិនអាចបន្ធូរបន្ថយការប្រុងប្រយ័ត្នរបស់ខ្លួនបានទេ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអានខាងក្រោមនេះ៖

កំពូលមេទ័ព​ជំនិត​របស់​លោកស៊ី ត្រូវដកតំណែង ព្រោះ​លួច​ផ្ដល់ការសម្ងាត់នុយក្លេអ៊ែរឲ្យ​អាមេរិក
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម