ព័ត៌មានអន្ដរជាតិ
សម្តេច ហ៊ុន ម៉ាណែត៖ ទ័ពថៃកាន់កាប់ចូលជ្រៅក្នុងទឹកដីកម្ពុជា បញ្ហាព្រំដែននៅតែ«ផុយស្រួយ»
ក្នុងដំណើរទៅចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសន្តិភាព (Board of Peace) លើកដំបូងនៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានប្រាប់ទីភ្នាក់ងារសារព័ត៌មានអន្តរជាតិ ថា កងទ័ពថៃនៅតែកាន់កាប់ចូលជ្រៅក្នុងទឹកដីកម្ពុជា លើសពីអ្វីដែលពួកគេធ្លាប់ទទួលស្គាល់ខ្សែរបន្ទាត់ព្រំដែនដែលមានជាយូរមកហើយ។

នៅក្នុងបទសម្ពាសន៍ផ្តាច់មុខ ( Inclusive Interview) ជាមួយសារព័ត៌មានរ៉យទ័រនៅថ្ងៃទី១៧ខែកុម្ភៈ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត លើកឡើងថា កងកម្លាំងរបស់ប្រទេសថៃកំពុងកាន់កាប់ទឹកដីកម្ពុជា បើទោះបីជាមានកិច្ចព្រមព្រៀងសន្តិភាពដែលសម្របសម្រួលដោយប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និង នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម ដែលជាប្រធានអាស៊ាន។
ក្រោមកិច្ចខិតខំប្រឹងប្រែងរបស់ប្រធានអាស៊ាន និងរដ្ឋាភិបាលសហរដ្ឋអាមេរិក ក៏ដូចជា ការអន្តរាគមន៍ជាច្រើនលើក ពីរដ្ឋាភិបាលទីក្រុងប៉េកាំង ជម្លោះប្រដាប់អាវុធរវាងថៃនិងកម្ពុជាបានបញ្ជប់ក្រោមបទឈប់បាញ់ចំនួនពីរលើក និង កិច្ចព្រមព្រៀងសន្តិភាពដែលភាគីថៃនិងកម្ពុជាបានចុះហត្ថលេខាកាលថ្ងៃទី២៦ខែតុលាឆ្នាំ២០២៥ នៅទីក្រុងកូឡាឡាំពូ។
ប៉ុន្តែចាប់តាំងពីសង្គ្រាមផ្ទុះឡើងលើកទី២រយៈពេល២១ថ្ងៃ ពីថ្ងៃទី៧ដល់ថ្ងៃទី២៧ខែធ្នូឆ្នាំ២០២៥ ភាគីថៃបានប្រើប្រាស់មធ្យោបាយប្រយុទ្ធដ៏សាហាវបំផុតក្នុងនោះ មានការប្រើប្រាស់យន្តហោះចម្បាំង F-16 ជាដើម ទម្លាក់គ្រប់បែកធុនធ្ងន់លើប្រាសាទបុរាណប្រវត្ថិសាស្រ្ត ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ស្ពាន់ វត្តអារាម ដោយការឈ្លានពានចូលកាន់កាប់ទឹកដីកម្ពុជាជាច្រើនកន្លែងផ្ទុយពីការអំពាវនាវរបស់អន្តរជាតិ។
លោក ហ៊ុន ម៉ាណែត បានប្រាប់រ៉យទ័រនៅក្នុងបទសម្ភាសន៍លើកដំបូងរបស់លោកជាមួយប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិថា «យើងនៅតែឃើញមានកងកម្លាំងថៃកាន់កាប់ចូលជ្រៅចូលទៅក្នុងទឹកដីកម្ពុជានៅក្នុងតំបន់ជាច្រើន។ ការកាន់កាប់របស់ថៃគឺហួសពីផែនទីសូម្បីកំណត់ដោយឯកតោភាគីរបស់ភាគីថៃ»។
ដោយបន្ថែមថា កងទ័ពថៃបានដាក់កុងតឺន័រ និងរាយលួសបន្លានៅខាងក្នុងអ្វី [ព្រំដែន]ដែលប្រទេសថៃបានទទួលស្គាល់ជាយូរមកហើយថាជាទឹកដីកម្ពុជា ហើយប្រជាជនមិនអាចត្រឡប់ទៅផ្ទះវិញបានទេ។
នៅក្នុងបទសម្ភាសន៍ចេញផ្សាយនៅថ្ងៃទី១៨ខែកុម្ភៈនេះ សម្តេច ហ៊ុន ម៉ាណែត បានអំពាវនាវឱ្យប្រទេសថៃអនុញ្ញាតឱ្យគណៈកម្មការព្រំដែនរួម (JBC) ចាប់ផ្តើមធ្វើការលើព្រំដែនដែលមានជម្លោះរបស់ពួកគេ។

ភ្លាមៗក្រោយថ្ងៃចុះហត្ថលេខាលើបទឈប់បាញ់លើកទី២កាលថ្ងៃទី២៧ខែធ្នូឆ្នាំ២០២៥ គណៈកម្មការព្រំដែនរួម (JBC) ភាគីកម្ពុជា បានបញ្ជូនលិខិតស្នើបើកកិច្ចប្រជុំលើបញ្ហាបច្ចេកទេសកំណត់បង្គោលសីមា ប៉ុន្តែភាគីថៃបានយកលេសរដ្ឋាភិបាលរបស់ខ្លួនមិនទាន់រៀបរយ ក្នុងចេតនាពន្យាពេលនៃកិច្ចចរចារកដំណោះស្រាយ ប៉ុន្តែក្រុមយោធារបស់ពួកគេ បានធ្វើសកម្មភាពស្ថាបនាផ្លូវ ជីកប្រឡាយ សាងសង់សំណង់ផ្សេងៗនៅលើតំបន់ដែលពួកគេឈ្លានពាន។
តាមរ៉យទ័រ សម្តេច ហ៊ុន ម៉ាណែត បានធ្វើដំណើរទៅកាន់ទីក្រុងវ៉ាស៊ីនតោន ដើម្បីចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសន្តិភាពដែលដឹកនាំដោយប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងសប្តាហ៍នេះ ដោយសង្ឃឹមថា ស្ថាប័នថ្មីនេះអាចដើរតួនាទីក្នុងការបន្ធូរបន្ថយស្ថានការណ៍នៅតាមព្រំដែននៃប្រទេសទាំងពីរ ដោយសម្តេច ពណ៌នាថា ស្ថានការណ៍នៅព្រំដែននៅតែ«ផុយស្រួយ»នៅឡើយ៕
រ៉ាន់ រើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


