Connect with us

សេដ្ឋកិច្ច

ក្រុមហ៊ុនលំដាប់អន្តរជាតិនៅម៉ាឡេស៊ី មានបំណងវិនិយោគ​បច្ចេក​វិទ្យា​ឧស្សាហកម្មនៅកម្ពុជា

បានផុស

នៅ

ក្រុមហ៊ុន Informa Markets មានមូលដ្ឋាននៅម៉ាឡេស៊ី មានបំណងវិនិយោគលើឧស្សាហកម្មកែច្នៃអាហារ បច្ចេកវិទ្យាវេចខ្ចប់ និងការផ្គូផ្គងពាណិជ្ជកម្មនៅកម្ពុជា។

លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២៦ បានទទួលជួបតំណាងក្រុមហ៊ុន Informa Markets ដឹកនាំដោយលោក Gerard Leeuwenburgh ប្រធានតំបន់ប្រចាំប្រទេសម៉ាឡេស៊ី និងកម្ពុជា ដើម្បីពិភាក្សាអំពីកិច្ច​សហការ​លើការរៀបចំពិព័រណ៍បច្ចេកវិទ្យាអាហារកម្ពុជា ​ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Leeuwenburgh បានបង្ហាញអំពីគម្រោងរៀបចំ ពិព័រណ៍បច្ចេកវិទ្យាអាហារកម្ពុជា​ឆ្នាំ២០២៦ នៅថ្ងៃទី​២៨-៣០ ខែកញ្ញា ឆ្នាំ២០២៦ ក្នុងរាជធានីភ្នំពេញ ដែលនឹងផ្តល់ជាវេទិកាអន្តរជាតិ​ដំបូងបង្អស់​នៅកម្ពុជា សម្រាប់ឧស្សាហកម្មកែច្នៃអាហារ បច្ចេកវិទ្យាវេចខ្ចប់ និងការផ្គូផ្គងពាណិជ្ជកម្មក្នុងវិស័យនេះ។

លោក Leeuwenburgh បានលើកឡើងថា៖ “ក្រុមហ៊ុនមានបំណងវិនិយោគរយៈពេលវែងនៅ​កម្ពុជា និងផ្សារភ្ជាប់គោលនយោបាយរាជរដ្ឋាភិបាលជាមួយនឹងធុរកិច្ចតាមរយៈពិព័រណ៍។”

លោកក៏បានស្នើសុំការគាំទ្រពីក្រសួងឧស្សាហកម្ម ដើម្បីពង្រឹងទំនុកចិត្ត និងទាក់ទាញក្រុមហ៊ុនផ្តល់បច្ចេកវិទ្យាអន្តរ​ជាតិ​មកកាន់ប្រទេសកម្ពុជាកាន់តែច្រើន។

លោក ហែម វណ្ណឌី បានស្វាគមន៍ចំពោះគំនិតផ្តួចផ្តើមរបស់ក្រុមហ៊ុន ដោយលើកឡើងថា ពិព័រណ៍​នេះ​ស្របនឹងរបៀបវារៈជំរុញការធ្វើទំនើបកម្មឧស្សាហកម្មរបស់កម្ពុជា។

លោករដ្ឋមន្ត្រីបានបន្ថែមថា៖ “ក្រសួងគាំទ្រគ្រប់វេទិកាដែលជួយ​សម្រួល​ដល់ការផ្ទេរបច្ចេកវិទ្យា លើកកម្ពស់សហគ្រាសធុនតូច និងមធ្យម និងបង្កើនភាពប្រកួតប្រជែងក្នុងការនាំចេញនៃឧស្សាហកម្មកែច្នៃអាហារ។”

លោករដ្ឋមន្ត្រីក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុន បញ្ចូលបច្ចេកវិទ្យាវេចខ្ចប់ និងដំណោះស្រាយដែលឆ្លើយ​តបនឹងតម្រូវការជាក់ស្តែងរបស់ផលិតករក្នុងស្រុក ជាពិសេសសហគ្រាសធុនមីក្រូ តូច និងមធ្យម។

ភាគីទាំងពីរបានឯកភាពបន្តកិច្ចសហការសម្របសម្រួល និងកៀរគរការចូលរួមរបស់វិស័យឯកជន ដើម្បី​ធានាថាព្រឹត្តិការណ៍នេះនឹងរួមចំណែកសំខាន់ដល់បរិវត្តកម្មឧស្សាហកម្មអាហាររបស់កម្ពុជា។

ក្រុមហ៊ុន Informa Markets គឺជាផ្នែកមួយនៃ Informa PLC ជាក្រុមហ៊ុនរៀបចំពិព័រណ៍ឈានមុខ​មួយលើពិភពលោក ដោយមានបុគ្គលិករាប់ពាន់នាក់ និងមានប្រតិបត្តិការពិព័រណ៍ជាមួយក្រុមហ៊ុន និងម៉ាកយីហោអន្តរជាតិជាច្រើន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម