សេដ្ឋកិច្ច
គម្រោងប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខេត្តកំពង់ចាម តម្លៃជិត ១៣ លានដុល្លារ ដាក់ឱ្យដំណើរការ
ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ រួមជាមួយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) ថ្ងៃទី២០ ខែឧសភា ២០២៦ បានសម្ពោធដាក់ឱ្យដំណើរការប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតថ្មី ដែលបង្កើនអត្រា គ្របដណ្តប់ក្នុងតំបន់សេវាកម្មរបស់រដ្ឋាករទឹកកំពង់ចាម ពីប្រមាណ ៤៩% ក្នុងឆ្នាំ២០១៨ ដល់ប្រមាណ ៧៦% ក្នុងឆ្នាំ២០២៥។

ប្រជាពលរដ្ឋចំនួន ៨.៨៧៥ គ្រួសារបន្ថែមទៀត នៅក្នុងក្រុងកំពង់ចាម និងតំបន់ជុំវិញ បានទទួលសេវាទឹកស្អាត បន្ទាប់ពីការសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនូវប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត ខេត្តកំពង់ចាម ដែលជាគម្រោងហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់មួយ ក្នុងការលើកកម្ពស់សុខភាពសាធារណៈ គាំទ្រសកម្មភាពសេដ្ឋកិច្ច និងកែលម្អជីវភាពរស់នៅសម្រាប់ពល រដ្ឋក្នុងខេត្តកំពង់ចាម។
គម្រោងដែលមានតម្លៃប្រមាណ ១២,៩៨ លានដុល្លារ បានបង្កើនសេវាផ្គត់ផ្គង់ទឹកស្អាតទ្វេដង ដល់ប្រជាពលរដ្ឋក្នុងតំបន់សេវាពី ៤៤.៩៥៥នាក់ ដល់ ៨៩.០៣០នាក់ និងបង្កើនចំនួនតំណចូលតាមខ្នងផ្ទះពី ១០,៤៦៤ ដល់ ១៩.៣៣៩ តំណ រួមទាំងគ្រួសារ ក្រីក្រចំនួន ៤១៤ ដែលទទួលបានតភ្ជាប់បណ្តាញដោយឥតគិតថ្លៃ។

ប្រព័ន្ធថ្មី ដែលរួមមានស្ថានីយបូមទឹកឆៅ រោងចក្រប្រព្រឹត្តកម្មទឹកស្អាត និងការពង្រីកបណ្តាញបំពង់បញ្ជូននិងចែកចាយទឹកស្អាត នឹងបន្ថែមសមត្ថភាពផលិតទឹកស្អាតចំនួន ១១.៦០០ ម៉ែត្រគូបក្នុងមួយថ្ងៃ ដែលធ្វើឱ្យសមត្ថភាពផលិតទឹកស្អាតសរុបរបស់រដ្ឋាករទឹកកំពង់ចាម កើនឡើងដល់ប្រមាណ ២៨.១០០ ម៉ែត្រគូបក្នុងមួយថ្ងៃ។
លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម បានលើកឡើងថា៖ «ការទទួលបានទឹកស្អាតប្រកបដោយសុវត្ថិភាព គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់សុខភាពសាធារណៈ ផលិតភាពសេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ខណៈដែលនគរូបនីយកម្ម និងឧស្សាហូបនីយកម្មកំពុងរីកចម្រើនខ្លាំង ហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតដែលរឹងមាំ មានសារសំខាន់កាន់តែខ្លាំង សម្រាប់ការកសាងទីក្រុងដែលមានភាពធន់ ភាពប្រកួតប្រជែង និងងាយស្រួលរស់នៅសម្រាប់កម្ពុជា»។

លោកស្រី Yasmin Siddiqi នាយិកាធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំប្រទេសកម្ពុជា បានលើកឡើងថា៖ «ការទទួលបានទឹកស្អាតប្រកបដោយសុវត្ថិភាព និងទំនុកចិត្ត គឺជាការវិនិយោគមួយដែលមានឥទ្ធិពលខ្លាំងបំផុតលើសុខភាព និងផលិតភាពរបស់ប្រជាពលរដ្ឋ។ ការសម្ពោធប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខេត្តកំពង់ចាមនេះ គឺជាការពង្រីកសេវាកម្មបន្ថែមទៀត ដើម្បីនាំយកអត្ថប្រយោជន៍នៃទឹកស្អាតទៅកាន់សហគមន៍កាន់តែច្រើន។ ការវិនិយោគទាំងនេះបង្ហាញគំរូនៃភាពជាដៃគូដ៏រឹងមាំ ក្នុងការពង្រីកសេវាទឹកស្អាតនៅទូទាំងកម្ពុជា និងគាំទ្រដល់ការរីកចម្រើននៃតំបន់ទីក្រុងប្រកបដោយបរិយាបន្ន និងភាពធន់»។
ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខេត្តកំពង់ចាម គឺជាផ្នែកមួយនៃគម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យខេត្ត (PWSSP) ដែលត្រូវបានអនុម័តនៅឆ្នាំ២០១៧ និងផ្តល់ហិរញ្ញប្បទានរួម ដោយរាជរដ្ឋាភិបាលកម្ពុជា ធនាគារអភិវឌ្ឍន៍អាស៊ី ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ និងសហភាពអឺរ៉ុប។

លោក Laurent Raspaud នាយករង AFD ប្រចាំប្រទេសកម្ពុជា បានលើកឡើងថា៖ «ភាពជាដៃគូរវាង ADB, AFD, សហភាពអឺរ៉ុប និងរាជរដ្ឋាភិបាលកម្ពុជា នេះបង្ហាញពីអ្វីដែលកិច្ចសហប្រតិបត្តិការពហុភាគីអាចសម្រេចបាន នៅពេលដែលវាត្រូវបានជំរុញដោយមហិច្ឆតារួមគ្នាគឺ ការផ្តល់នូវភាពប្រសើរឡើងប្រកបដោយចីរភាពនៅក្នុងជីវិតប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។ បន្ទាប់ពីគាំទ្រការទទួលបានទឹកស្អាតក្នុងរាជធានីភ្នំពេញអស់រយៈពេលជាងម្ភៃឆ្នាំមកនេះ AFD មានមោទនភាពក្នុងការបន្តការគាំទ្រសម្រាប់រយៈពេលយូរអង្វែងនេះសម្រាប់ខេត្តកំពង់ចាម»។
គម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យខេត្ត មានកញ្ចប់ថវិកាសរុបប៉ាន់ប្រមាណគ្រាចុងគម្រោង ១០៨,៧៣ លានដុល្លារអាមេរិក រួមមានថវិកាបដិភាគចំនួន ១០,៤៥ លានដុល្លារអាមេរិក ពីរាជរដ្ឋាភិបាលកម្ពុជា, ឥណទានចំនួន ៥០ លានដុល្លារអាមេរិកពី ADB, ឥណទានចំនួន ៤០លានអឺរ៉ូពី AFD, និងជំនួយឥតសំណងចំនួន ៤,៦៧ លានអឺរ៉ូ ពីមូលនិធិវិនិយោគអាស៊ីរបស់សហភាពអឺរ៉ុប ដែលគ្រប់គ្រងដោយ AFD៕




-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៦ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៤ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា៦ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


