Connect with us

សេដ្ឋកិច្ច

រដ្ឋមន្ត្រីឧស្សាហកម្មអះអាងថា ការ​គាំទ្រ​ចំគោលដៅ​ ចាំបាច់​សម្រាប់​ភ្ជាប់​ SME ​ទៅ​ក្នុង​ខ្សែច្រវាក់ផ្គត់ផ្គង់ ​នៃ​ការវិនិយោគផ្ទាល់ពីបរទេស

បានផុស

នៅ

លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍​ មានប្រសាសន៍កាលពីថ្ងៃព្រហស្បតិ៍ថា ​ការគាំទ្រចំគោលដៅ គឺចាំបាច់សម្រាប់ភ្ជាប់សហគ្រាសធុនតូច និងមធ្យម ទៅក្នុងខ្សែ​ច្រវាក់​ផ្គង់ផ្គង់​នៃការវិនិយោគផ្ទាល់ពីបរទេស (FDI)។ ​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោករដ្ឋមន្ត្រីបានលើកឡើង​ក្នុងពេលចូល​រួម​ជាវាគ្មិនកិច្ចពិភាក្សាកម្រិតខ្ពស់ នៃវេទិកាវិនិយោគ​កម្ពុជា ដែលរៀបចំឡើង​ដោយក្រុម​ប្រឹក្សាអភិវឌ្ឍន៍​កម្ពុជានៅថ្ងៃទី ​០៧ ​ឧសភា ​២០២៦។ 

​លោករដ្ឋមន្ត្រី​បានលើកឡើងពីភាពចាំបាច់នៃការធ្វើសាមញ្ញកម្មសេវាសាធារណៈ​ និងការគាំទ្រ​ពីគ្រប់​តួអង្គ រួមទាំងវិស័យ​ហិរញ្ញវត្ថុ ដើម្បីឱ្យសហគ្រាសធុនតូច និងមធ្យម អាចពង្រឹងសមត្ថភាព និងភ្ជាប់ទៅនឹងគម្រោងវិនិយោគផ្ទាល់ពីបរទេស ដែលកំពុងកើនឡើងយ៉ាងឆាប់រហ័សនៅកម្ពុជា។

លោករដ្ឋមន្ត្រីក៏បានបន្ថែមថា ​ការរៀបចំតំបន់សហគ្រាសធុនតូច និងមធ្យម នៅជិត នៅជាប់ ឬនៅក្នុង​តំបន់​សេដ្ឋកិច្ចពិសេស (SEZ) គឺជាវិធានការគន្លឹះមួយ ក្នុងការពង្រឹងឧស្សាហកម្មប្រតិគមន៍ ដែល​អនុញ្ញាតឱ្យសហគ្រាសក្នុងស្រុកផ្គត់ផ្គង់ទៅកាន់រោងចក្រដែលផលិតសម្រាប់ការនាំចេញ។

ការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម ត្រូវការការគាំទ្រពីប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ​គុណភាព​ជាតិរឹងមាំ ជាពិសេសស្តង់ដារូបនីយកម្ម សេវាធ្វើតេស្តវិភាគ និងវិញ្ញាបនបត្រកម្ម ដើម្បីបំពេញ​តម្រូវការ​នៃឧស្សាហកម្មធុនធំ និងទីផ្សារ​នាំចេញ។

​លោក ហែម វណ្ណឌី បញ្ជាក់ថា៖ «ជាមួយនឹងការគាំទ្រត្រឹមត្រូវចំគោលដៅ សហគ្រាសធុនតូច និង​មធ្យមអាចពង្រីកខ្លួន ផ្គត់ផ្គង់ទៅឱ្យគម្រោងវិនិយោគផ្ទាល់ពីបរទេស និងដើរតួកាន់តែសំខាន់​ក្នុងអនាគតឧស្សាហកម្មកម្ពុជា»។​

​ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងសុន្ទរកថាគន្លឹះ បានគូសរំលេចពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ដើម្បីធ្វើឱ្យកម្ពុជានៅតែជាទិស​ដៅ​វិនិយោគ​ដ៏ទាក់ទាញ គាំទ្រដោយរបបវិនិយោគ បើកចំហ ទីតាំងយុទ្ធសាស្ត្រនៅ​ចំកណ្តាល​នៃតំបន់អាស៊ាន និងកម្លាំងពលកម្មវ័យក្មេងប្រកបដោយថាមភាពជាដើម។

​​ឧបនាយករដ្ឋមន្ត្រីក៏បានលើកឡើងពីកំណើននៃគម្រោងវិនិយោគដែលត្រូវបានអនុម័ត និងតួនាទីសំខាន់​នៃតំបន់សេដ្ឋកិច្ចពិសេស ក្នុងការទាក់ទាញ និងសម្រួលដល់ការវិនិយោគ។ រហូតមកទល់ពេលនេះ រាជរដ្ឋាភិបាលកម្ពុជាបានអនុម័ត គម្រោងតំបន់សេដ្ឋកិច្ចពិសេសចំនួន ៦២ ក្នុងនោះ តំបន់សេដ្ឋកិច្ចពិសេសចំនួន ៣៥ កំពុងដំណើរការ ដែលជាកាតា លីករសំខាន់ ក្នុងការជំរុញកំណើនឧស្សាហកម្ម ការនាំចេញ និងការបង្កើតការងារ៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម