Connect with us

ព័ត៌មានអន្ដរជាតិ

សម្តេចធិបតី ប្រាប់ AFP ថា កម្ពុជា ចង់ដោះស្រាយជម្លោះជាមួយថៃ ដោយសន្តិវិធី និងរស់នៅជាមួយគ្នាដោយសន្តិភាព

បានផុស

នៅ

ក្នុងបទសម្ភាសជាមួយ AFP ផ្សាយកាលពីថ្ងៃពុធទី២៥ខែកុម្ភៈឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ប្រាប់ឲ្យពិភពលោកដឹងឮថា កម្ពុជាចង់បានការបន្ធូរបន្ថយភាពតានតឹង និងដោះស្រាយជម្លោះព្រំដែនជាមួយប្រទេសថៃ ដោយសន្តិវិធី។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត (រូប៖ Reuters)

ក្នុងបទសម្ភាសនៅទីក្រុងព្រុចសែលប្រទេសបែលហ្ស៊ិក សម្តេចធិបតីមានប្រសាសន៍ថា៖ «យើងមិនមែនជាអ្នកធ្វើឲ្យរីកធំឡើងនោះទេ យើងចង់បានការបន្ធូរបន្ថយភាពតានតឹងណាស់។ យើងចង់បានការរស់នៅជាមួយគ្នាដោយសន្តិភាព»។

ក្នុងបទសម្ភាសន៍ដដែលនោះ សម្តេចបញ្ជាក់យ៉ាងច្បាស់ជាថ្មីថា កងកម្លាំងថៃ ចូលមក «ឆ្ងាយហួស» ពីអ្វីដែលសូម្បីតែទីក្រុងបាងកកខ្លួនឯងនោះ ក៏និយាយថាជាខ្សែបន្ទាត់ព្រំដែនរវាងប្រទេសទាំងពីរដែរ។

ទន្ទឹមនោះ នៅពេលសួរថា តើកងកម្លាំងកម្ពុជានឹងវាយបកដើម្បីដណ្តើមយកទឹកដីដែលបាត់បង់មកវិញដែរឬទេ សម្តេចឆ្លើយថា៖ «យើងតែងតែប្រកាន់ខ្ជាប់នូវការបន្ធូរបន្ថយភាពតានតឹង និងដំណោះស្រាយដោយសន្តិវិធីជានិច្ច»។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត (រូប៖ Reuters)

លើសពីនេះ ជាការបង្ហាញភាពស្មោះត្រង់និងសច្ចភាពទាក់ទងការដោះស្រាយបញ្ហាតាមផ្លូវច្បាប់និងស្នើសុំជំនួយពីប្រទេសបារាំង ដើម្បីទទួលបានឯកសារប្រវត្តិសាស្ត្រ និងផែនទី ក្នុងគោលបំណងដោះស្រាយបញ្ហា ក៏ដូចជាការអំពាវនាវឲ្យគណៈកម្មការព្រំដែនចម្រុះចាប់ផ្តើមការងារឡើងវិញ, សម្តេចធិបតីអះអាងថា ទោះបីជាលទ្ធផលបែបណាក៏ដោយ ចេញពីដំណើរការនោះ កម្ពុជាត្រៀមខ្លួនជាស្រេចនឹងទទួលយក ហើយសង្ឃឹមថា ថៃក៏នឹងទទួលយកដូចគ្នា។

បទសម្ភាសជាមួយ AFP នេះកើតឡើង បន្ទាប់ពីសម្តេចធិបតី ផ្តល់បទសម្ភាសដល់សារព័ត៌មានអន្តរជាតិធំៗដូចជា Reuters និង Fox News ដើម្បីបង្ហាញការពិតដល់ពិភពលោក ក៏ដូចជាការបកស្បែកមុខដ៏អាក្រក់របស់ថៃ៕

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម