Connect with us

ព័ត៌មានជាតិ

អាជ្ញាធរខេត្តក្រចេះ ដាក់វិធានការគ្រប់គ្រង​ការលក់​ប្រេង​ឥន្ធនៈខុស​គោលការណ៍ណែនាំ​

បានផុស

នៅ

កាលពី​រសៀលថ្ងៃអាទិត្យ ទី៨ ខែមីនា ឆ្នាំ២០២៦ លោក វ៉ា ថន អភិបាលនៃគណអភិបាលខេត្តក្រចេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយមន្ទីរ អង្គភាព និងអភិបាលក្រុង/ស្រុក និង​ស្ថាប័នពាក់ព័ន្ធ ដើម្បីពិនិត្យពិភាក្សានិងដាក់វិធានការគ្រប់គ្រងហានិភ័យនៃការទិញលក់ប្រេងឥន្ទនៈ និងសុវត្ថិភាព​អ្នកប្រើប្រាស់នៅក្នុងខេត្តក្រចេះ។

កិច្ចប្រជុំនេះ បានធ្វើឡើងបន្ទាប់ពីមានការ​ផ្ទុះការកើនឡើង​ខ្ពស់​តម្លៃលក់រាយប្រេងឥន្ទនៈនៅតាមតំបន់ជនបទដាច់ស្រយាលមួយចំនួនក្នុងខេត្តក្រចេះ បង្កផលប៉ះពាល់ដល់ជីវភាព និងការរស់នៅប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមរបាយការណ៍របស់មន្ទីរពាណិជ្ជកម្មខេត្ត បានឱ្យដឹងថា ខេត្តក្រចេះ មានស្ថានីយប្រេង សរុបចំនួន ១១១កន្លែង ក្នុងនោះ ស្រុកឆ្លូង មានចំនួន ១១ ស្ថានីយ ស្រុកស្នួល មានចំនួន ៣៦ ស្ថានីយ ស្រុក​អូរគ្រៀងសែនជ័យ មាន ១៣ ស្ថានីយ ក្រុងក្រចេះ មាន ២០ ស្ថានីយ ស្រុកចិត្របុរី មាន ១៣ ស្ថានីយ ស្រុក​សំបូរ មាន ៦ ស្ថានីយ និងស្រុកព្រែកប្រសព្វ មាន ១២ ស្ថានីយ។

គិតត្រឹមថ្ងៃទី៧ ខែមិនា ឆ្នាំ២០២៦ មានស្ថានីយ៍ប្រេងឥន្ទនៈ ប្រមាណជា ៥០ ស្ថានីយបានបិទ​ជាបណ្តោះអាសន្ន​។

លោក ជា វេង ប្រធានមន្ទីរពាណិជ្ជកម្មខេត្តបានបញ្ជាក់ថា តាមការស៊ើបសួររបស់មន្ត្រីនៃមន្ទីរពាណិជ្ជកម្មខេត្តបានរកឃើញថា នៅខាងភូមិព្រៃគោ ក្នុងស្រុកឆ្លូង និងនៅឃុំតាម៉ៅ ស្រុកព្រែកប្រសព្វ ពិតជាមានករណីលក់ប្រេងឥន្ទនៈក្នុងតម្លៃពី ៧ ០០០រៀល ទៅ ៨ ០០០រៀល ក្នុង១លីត្រ ពិតមែន នៅតាមតូបតូចៗតាមភូមិក្នុងរយៈប៉ុន្មានថ្ងៃ​កន្លងទៅនេះ។

ដោយឡែកនៅស្ថានីយប្រេង​ឥន្ទនៈ ដេប៉ូចែកចាយបន្ត ក្នុងស្រុក ក្រុង គឺមិនមានឡើយ។ ជាមួយគ្នានោះ អភិបាលខេត្តក្រចេះ បានជម្រុញណែនាំឱ្យមន្ទីរជំនាញ អង្គភាព ស្ថាន​ប័នពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ត្រូវចុះផ្សព្វផ្សាយអប់រំណែនាំដល់ម្ចាស់ស្ថានីយប្រេងឥន្ទនៈ ដេប៉ូចែកចាយ និងអ្នកលក់រាយនៅតាមផ្ទះ ត្រូវអនុវត្តតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម និងគោរពតាមច្បាប់ ក្នុងករណីរកឃើញថា មិនអនុវត្តតាមច្បាប់ ត្រូវអ្វើកិច្ចសន្យា ផាកពិន័យជាប្រាក់ និងអាចឈានដល់ការដកអាជ្ញាប័ណ្ណបញ្ឈប់តែម្តង។

អភិបាលខេត្ត មានប្រសាសន៍បន្តថា ដើម្បីបង្ការ ទប់ស្កាត់ ជៀសវាងកុំឱ្យមានការខ្វះខាតប្រេងឥន្ទនៈក្នុងការផ្គត់ផ្គង់ជូនប្រជាពលរដ្ឋ នៅតាមស្ថានីយប្រេងឥន្ទនៈ ដេប៉ូចែកចាយបន្ត ត្រូវដាក់កំណត់ឱ្យបានច្បាស់។ ទន្ទឹមនឹងនោះ អភិបាលខេត្តក្រចេះ បានណែនាំដល់រដ្ឋបាលខេត្ត ត្រូវចេញសេចក្តីណែនាំស្តីពី ការគ្រប់គ្រងហានិភ័យនៃការទិញ-លក់ប្រេងឥន្ធនៈ និងសុវត្ថិភាពអ្នកប្រើប្រាស់នៅក្នុងខេត្តក្រចេះជាបន្ទាន់៕

អត្ថបទ៖ ប្រុញ វិធិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម