Connect with us

ព័ត៌មានជាតិ

សម្តេច ម៉ែន សំអន ៖ កត្តាសុខសន្តិភាពជាមូលដ្ឋានគ្រឹះ នៃសុខុមាលភាពរបស់ស្ត្រី និងក្រុមគ្រួសារខ្មែរទូទាំងប្រទេសរស់នៅប្រកបដោយសុវត្ថិភាពបំផុត

បានផុស

នៅ

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់​ព្រះមហាក្សត្រ និងជាប្រធានសមាគមនារី​កម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានថ្លែងថា កត្តាសុខសន្តិភាពជាមូលដ្ឋានគ្រឹះ នៃ​សុខុមាលភាព​របស់​ស្ត្រី និងក្រុមគ្រួសារ​ខ្មែរ​ទូទាំង​ប្រទេស​រស់នៅ​ប្រកបដោយសុវត្ថិភាពបំផុត និង​ការ​អភិវឌ្ឍ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងបែបនេះ ក្នុងពេល​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​អបអរសាទរ​ទិវា​នារី​អន្តរជាតិ ៨ មីនា ខួបលើកទី ១១៥ ឆ្នាំ ២០២៦ ក្រោម​ប្រធានបទ «សន្តិភាព និង​សន្តិសុខ​សម្រាប់​ស្ត្រី និង​គ្រួសារ» នៅទីស្តីការក្រសួង​ទេសចរណ៍ កាលពីព្រឹកថ្ងៃសុក្រ ៣ រោច ខែផល្គុន ឆ្នាំ​ម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី ៦ ខែមីនា ឆ្នាំ ២០២៦។

លោក ហួត ហាក់ រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ លើកឡើងថា ក្នុងនាម​ជា​សេនាធិការ​ជូន​រាជរដ្ឋាភិបាល ក្រសួងបាននិងកំពុងបន្តការអនុវត្តការលើកកម្ពស់​សមភាព​យេនឌ័រ និង​បង្កើន​ភាព​អង់អាច​ដល់ស្ត្រី ដែលជាផ្នែកមួយដ៏សំខាន់ក្នុងការលើកកម្ពស់​ការអភិវឌ្ឍ ប្រកប​ដោយភាពធន់ ចីរភាព និង​បរិយាបន្ន ការ​ចូលរួមគាំទ្រ និងអនុវត្តការងារលើកកម្ពស់​សមភាព​យេនឌ័រ និង​បង្កើន​ភាព​អង់អាច​ដល់​ស្ត្រី ដើម្បី​បង្ក​បរិស្ថាន​អំណោយផល។

លោករដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបន្តថា នេះក៏ជាឱកាសឱ្យស្ត្រីបានបន្តចូលរួមយ៉ាង​ពេញ​លេញ​ក្នុង​ការ​អនុវត្ត​សិទ្ធិ និង​ករណីយកិច្ច ព្រមទាំង​ទទួលបាន​ភាគផល​ពីកិច្ច​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​ប្រកប​ដោយ​សមធម៌ និង​សមភាព តាមរយៈ​ការ​បន្ត​គិតគូរ​ដល់ស្ត្រីដែល​បម្រើការក្នុង​វិស័យ​មាស​បៃតង ការ​ដាក់​ចេញ​នូវ​ផែនការ​យុទ្ធសាស្ត្រ​លើកកម្ពស់​សមភាព​យេនឌ័រ​នៅក្នុងវិស័យ​ទេសចរណ៍ និងកម្មវិធី​អភិវឌ្ឍន៍​នានា​របស់​ក្រសួង។

គួរ​បញ្ជាក់​ថា ក្នុង​អាណត្តិ​ទី ៧ នេះ ក្រសួងទេសចរណ៍ មាន​ថ្នាក់​ដឹកនាំ និង​មន្រ្តីរាជការ​សរុប​ចំនួន ១,៣១៨ រូប (ស្ត្រី ៤៥២ រូប ស្មើនឹង ៣៤.២៩%) ក្នុងនោះ នៅទីស្តីការក្រសួង មានមន្រ្តីសរុបចំនួន ៨១៧ រូប (ស្ត្រី ២៦៤ រូប ស្មើនឹង ៣២.៣១%) និងនៅ​មន្ទីរ​ទេសចរណ៍​រាជធានី-ខេត្ត មាន​មន្រ្តីរាជការ​ចំនួន ៥០១ រូប (ស្ត្រី ១៨៨ រូប ស្មើនឹង ៣៧.៥២%)។ ចំណែកឯមន្រ្តីជាប់កិច្ចសន្យាសរុបចំនួន ៥៤៥ រូប (ស្រ្តី ២៧៩ រូប ស្មើនឹង ៥១.២០%) ក្នុងនោះទីស្តីការក្រសួង មានចំនួន ២៤៥ រូប (ស្រ្តី ១១៩ រូប ស្មើនឹង ៤៨.៥៧%) និងនៅ​មន្ទីរទេសចរណ៍​រាជធានី-ខេត្ត មានមន្រ្តីកិច្ចសន្យាចំនួន ៣០០ រូប (ស្រ្តី ១៦០ រូប ស្មើនឹង ៥៣.៣៣%)។ ដោយឡែក កម្លាំង​ពលកម្ម​ជាស្រ្តីក្នុងវិស័យ​ទេសចរណ៍ មាន​ប្រមាណ​ជិត ៦០% នៃកម្លាំងពលកម្មសរុប ដោយស្រ្តី​មានវត្តមាននៅ​គ្រប់សេវាកម្ម​ទាំងអស់ នៃវិស័យ​ទេសចរណ៍។

សម្តេចកិត្តិសង្គហបណ្ឌិត បានគូសបញ្ជាក់ថា ជារៀងរាល់ឆ្នាំ រាជរដ្ឋាភិបាល​កម្ពុជា តែងតែ​រៀបចំ​ប្រារព្ធ​ទិវា​នារី​អន្តរជាតិ ៨ មីនា និង​បង្កើត​ឱ្យមាន​យុទ្ធនាការ​នានា​ក្នុងគោលបំណងរំលឹកពីការតស៊ូ​ទាមទារ​សិទ្ធិ​សេរីភាព និងឆ្លុះបញ្ចាំងអំពី​វឌ្ឍភាព​សមិទ្ធផល​បញ្ហាប្រឈម ការប្តេជ្ញាចិត្ត និង​វិធានការ​ជា​វិជ្ជមាន​នានា ក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្ត្រី និងក្មេងសី ដោយបានកំណត់ទិវានេះជាថ្ងៃឈប់សម្រាកផ្លូវការផងដែរ។

សម្តេចកិត្តិសង្គហបណ្ឌិត បានបន្តទៀតថា ទិវានារីអន្តរជាតិ ៨ មីនា ឆ្នាំ ២០២៦ នេះ ត្រូវបាន​ប្រាព្ធ​ធ្វើ​ឡើង​ក្រោម​ប្រធានបទ «សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ» ក្នុងគោលបំណង​បង្ហាញ​អំពី​សារៈសំខាន់​មិនអាចកាត់ថ្លៃបាន នៃសន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងក្រុមគ្រួសារ និងការ​ចូលរួម​ចំណែក​យ៉ាងសកម្មរបស់ស្ត្រី ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីកសាង និងថែរក្សាសន្តិភាព ព្រមទាំង​អំពាវនាវឱ្យមានកិច្ច​អន្តរាគមន៍​បន្ទាន់ក្នុងការការពារ និងលុបបំបាត់នូវរាល់​ឧបសគ្គ​រារាំង​ដែល​មានផលអវិជ្ជមានដល់ស្ត្រី និងគ្រួសារ ដើម្បីទាញយក​អត្ថប្រយោជន៍​ពី​ភាគលាភ​យេនឌ័រ​ជូន​គ្រួសារ ពង្រឹង​សហគមន៍ និង​វឌ្ឍនភាព​សង្គម ជំរុញ​ការអភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព ពិធី​អបអរសាទរ​ខួបលើកទី ១១៥ ទិវា​នារី​អន្តរជាតិ ៨ មីនា (៥-មីនា-២០២៦) ស្ថិរភាព​សង្គម និង​វិបុលភាព​សង្គម។

សម្រាប់​កម្ពុជា សន្តិភាព និងសន្តិសុខ គឺជាមូលដ្ឋានគ្រឹះ នៃ​សុខុមាលភាព​របស់​ស្ត្រី និងក្រុមគ្រួសារ ដែល​ផ្តល់នូវបរិយាកាស​អំណោយផលអាចឱ្យពួកគេរស់នៅប្រកបដោយសុវត្ថិភាព គ្មាន​អំពើ​ហិង្សា គ្មាន​ការ​ភ័យខ្លាច ការពារស្រ្តី និងក្មេងស្រីពីអំពើហិង្សាទាក់ទងនឹងយេនឌ័រ ការពារសិទ្ធិស្រ្តី និងក្មេងស្រី និងផ្តល់នូវ​កាលានុវត្ត​ភាព​ពេញលេញ​សម្រាប់ស្រ្តីក្នុងការចូលរួមធ្វើសេចក្តីសម្រេចចិត្ត កសាង និងថែរក្សាសន្តិភាព និងសន្តិសុខទាំងបែបប្រពៃណី និងមិនប្រពៃណី ដែលទាំងនេះ​នឹង​រួមចំណែក​ពន្លឿន​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ លើក​កម្ពស់​សុខុមាលភាព និងវិបុលភាព​គ្រួសារ និង​សង្គម៕

អត្ថបទ ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម