ព័ត៌មានជាតិ
រដ្ឋមន្ត្រីក្រសួងអប់រំ វាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង ក្នុងការអនុវត្តកម្មវិធីផ្ដល់អាហារតាមសាលារៀន ឱ្យទទួលបានជោគជ័យ
នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ នេះ លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំកិច្ចប្រជុំគណៈកម្មការគ្រប់គ្រងទូទៅ និងអនុគណៈកម្មការបច្ចេកទេស ស្តីពីការអនុវត្តកម្មវិធីផ្ដល់អាហារតាមសាលារៀនដោយប្រើប្រាស់កសិផលក្នុងសហគមន៍ តាមខេត្តគោលដៅ ឧបត្ថម្ភគាំទ្រដោយសាធារណរដ្ឋកូរ៉េ ដោយមានការចូលរួមពី ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា លោកស្រី Moonjung Choi នាយិកាប្រចាំប្រទេស ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) លោកស្រី Kyung-nan Park នាយិកាប្រចាំប្រទេស កម្មវិធីស្បៀងអាហារពិភពលោក (WFP) និងមន្ត្រីពាក់ព័ន្ធក្រោមឱវាទក្រសួងអប់រំ យុវជន និងកីឡា។

ថ្លែងនាឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារពាក់ព័ន្ធទាំងអស់ ដែលបានជំរុញបេសកកម្មនេះ ឱ្យទទួលបានជោគជ័យ និងបង្កើតផលជះជាវិជ្ជមានជាច្រើនដល់សហគមន៍នៅតាមតំបន់ជនបទដែលមានតម្រូវការពិតប្រាកដ។ ជាពិសេសបានរួមចំណែកយ៉ាងសំខាន់ដល់ការកាត់បន្ថយគម្លាតអាហារូបត្ថម្ភរបស់កុមារមកពីគ្រួសារខ្វះខាតលទ្ធភាព ឱ្យទទួលបានការលូតលាស់បញ្ញាស្មារតីពេញលេញនិងរឹងមាំ និងបានចូលរួមចំណែកសម្រាលបន្ទុកគ្រួសាររបស់សិស្ស ក៏ដូចជាសហគមន៍កសិផលក្នុងស្រុក។
លោកឧបនាយករដ្ឋមន្ត្រី បានរំលឹកឡើងវិញ ពីសាវតាកម្មវិធីផ្តល់អាហារតាមសាលា ដែលបានចាប់ផ្តើមឡើងតាំងពីឆ្នាំ១៩៩៩ ដោយបានសហការជាមួយដៃគូអភិវឌ្ឍន៍ជាច្រើន និងរំលេចពីយុទ្ធសាស្ត្រផ្ទេរកម្មវិធីអាហារតាមសាលារៀន និងកម្មវិធីអាហារូបករណ៍រាជរដ្ឋាភិបាលកម្ពុជា និងផលជះពហុវិស័យរបស់កម្មវិធីនេះ។ ក្រសួងអប់រំ យុវជន និងកីឡា បានសហការយ៉ាងជិតស្និទ្ធជាមួយ WFP អនុវត្តកម្មវិធីផ្តល់អាហារតាមសាលារៀនជូនដល់កុមារក្នុងវ័យសិក្សានៅកម្រិតបឋមសិក្សា ដោយក្នុងឆ្នាំសិក្សា២០២៥-២០២៦ មានសាលាបឋមសិក្សា ១ ១១៤ បាននិងកំពុងទទួលផលពីការអនុវត្តកម្មវិធីផ្តល់អាហារតាមសាលារៀនដោយប្រើប្រាស់កសិផលក្នុងសហគមន៍ ក្នុងនោះសាលា ៨១៦ អនុវត្តដោយប្រើថវិកាជាតិ និងសាលា ២៩៨ ទៀត អនុវត្តដោយប្រើថវិកាដៃគូអភិវឌ្ឍនានា តាមរយៈកម្មវិធីស្បៀងអាហារពិភពលោក។

នាឱកាសនេះដែរ នាយិកាប្រចាំប្រទេស កម្មវិធីស្បៀងអាហារពិភពលោក (WFP) បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាព និងសមិទ្ធផលដែលសម្រេចបានរួមគ្នាតាំងពីចាប់ផ្តើមដំបូងមកទល់បច្ចុប្បន្ន និងចូលរួមអបអរសាទរ ដែលក្នុងឱកាសដំណើរទស្សនកិច្ចការអនុវត្តកម្មវិធីផ្តល់អាហារតាមសាលារៀនដោយប្រើប្រាស់កសិផលក្នុងសហគមន៍ នៅសាលាបឋមសិក្សាប្រាសាទជាងទង កន្លងមកនេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានសម្រេចទទួលយកតួនាទីជាប្រធានកិត្តិយសកម្មវិធីផ្តល់អាហារតាមសាលារៀន ដើម្បីចូលរួមចំណែកកាន់តែសកម្មក្នុងការជំរុញការអនុវត្តកម្មវិធីផ្តល់អាហារតាមសាលារៀនដោយប្រើប្រាស់កសិផលក្នុងសហគមន៍ឱ្យកាន់តែទូលំទូលាយនៅកម្ពុជា។
លោកស្រីថា នេះពិតជាវឌ្ឍនភាពដ៏សំខាន់ និងជាសញ្ញាណវិជ្ជមានថ្មីមួយទៀត សបញ្ជាក់ពីការទទួលស្គាល់ភាពចាំបាច់ និងការប្តេជ្ញាចិត្តដ៏មុតមាំរបស់រាជរដ្ឋាភិបាលក្នុងការបន្តអនុវត្តកម្មវិធីនេះ ខណៈ WFP នឹងនៅតែបន្តភាពជាដៃគូផ្នែកបច្ចេកទេសប្រកបដោយប្រសិទ្ធភាព គាំទ្រដល់យុទ្ធសាស្ត្ររាជរដ្ឋាភិបាលកម្ពុជាឆ្ពោះទៅសម្រេចគោលដៅភាពជាម្ចាស់នៃកម្មវិធីនេះទាំងស្រុងត្រឹមឆ្នាំ២០២៨។

ជាមួយគ្នានេះដែរ នាយិកាប្រចាំប្រទេស ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) បានបង្ហាញពីមោទនភាពចំពោះវឌ្ឍនភាពនៃកម្មវិធី បន្ទាប់ពីបានមើលឃើញពីសមិទ្ធផលជាច្រើននៃគម្រោងគាំទ្រការអនុវត្តកម្មវិធីផ្តល់អាហារតាមសាលារៀនដោយប្រើប្រាស់កសិផលក្នុងសហគមន៍សម្រាប់ដំណាក់កាលទី១ ឆ្នាំ២០២០ ដល់ ២០២៤ និងសម្រាប់ឆ្នាំទី១ ដំណាក់កាលទី២ ចាប់ពីឆ្នាំ២០២៥ ដល់២០២៩។ លោកស្រីក៏បានរំលេចពីគោលបំណងក្នុងការបន្តពង្រឹងសមត្ថភាព និងហេដ្ឋារចនាសម្ព័ន្ធការអនុវត្តកម្មវិធី វាយតម្លៃពីបញ្ហាប្រឈមដើម្បីរកដំណោះស្រាយ និងសកម្មភាពគ្រោងអនុវត្តនៅឆ្នាំ២០២៦ សំដៅជំរុញឱ្យបាននូវវឌ្ឍនភាពនៃការផ្ទេរ-ទទួលកម្មវិធីទៅជាកម្មវិធីជាតិ៕

-
ព័ត៌មានជាតិ២ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ចរាចរណ៍២ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាជ្ញាធរចិន ដាក់ក្រុមហ៊ុនថៃនាំចេញសាច់មាន់១៧ ក្នុង«បញ្ជីខ្មៅ»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវបុរាណចំនួន ៧ ខ្សែ សាងសង់ភ្ជាប់ពីរាជធានីអង្គរទៅតំបន់ឆ្ងាយៗក្នុងដែនដីអាណាចក្រខ្មែរ
-
ព័ត៌មានជាតិ២ ថ្ងៃ agoក្រសួងការងារ សម្ដែងក្តីរន្ធត់ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យកម្មករជាង១០នាក់ស្លាប់និងរបួសជាង៣០នាក់


