ព័ត៌មានជាតិ
រដ្ឋមន្រ្តីអប់រំ លើកទឹកចិត្តគ្រឹះស្ថានសិក្សាប្រើប្រាស់បច្ចេកវិទ្យាឌីជីថលគាំទ្រដល់ការរៀន និងបង្រៀន
លោកឧបនាយករដ្ឋមន្ត្រី លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានជំរុញ និងលើកទឹកចិត្តដល់សាលារៀនទាំងរដ្ឋ និងឯកជន ឱ្យបង្កើនការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ក្នុងការគាំទ្រដល់ដំណើរការរៀន និងបង្រៀន ព្រមទាំងការគ្រប់គ្រងសាលារៀន ដើម្បីឆ្លើយតបទៅនឹងបរិបទនៃសតវត្សទី២១។ ការលើកឡើងនេះ មានគោលបំណងជំរុញការអភិវឌ្ឍវិស័យអប់រំឱ្យសមស្របនឹងការវិវត្តនៃបច្ចេកវិទ្យាទំនើប និងបង្កើនគុណភាពនៃការអប់រំ ស្របតាមតម្រូវការនៃសង្គមឌីជីថល។

ថ្លែងក្នុងមហាសន្និបាត និងពិធីទទួលស្គាល់ស្នាដៃល្អគណៈគ្រប់គ្រង គ្រូបង្រៀន និងបុគ្គលិកអប់រំនៃសហព័ន្ធសេវាអប់រំនៅកម្ពុជា ប្រចាំឆ្នាំ២០២៥ កាលពីថ្ងៃទី ១៥ មីនា លោក ហង់ជួន ណារ៉ុន មានប្រសាសន៍ថា ក្នុងបរិបទសតវត្សទី២១នេះ បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) កំពុងផ្លាស់ប្តូរទម្លាប់នៃការរស់នៅ និងការងារ។ លោកថ្លែងថា៖«ដូចនេះសាលារៀនរដ្ឋ និងឯកជន ត្រូវបង្កើនការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលដើម្បីគាំទ្រដល់ការរៀន និងបង្រៀន ក៏ដូចជាការគ្រប់គ្រង។ ប៉ុន្តែ សមត្ថភាព បទពិសោធ និងវិធីសាស្ត្របង្រៀនរបស់លោកគ្រូ អ្នកគ្រូនៅតែជាចំណុចសំខាន់ដែលបញ្ញាសិប្បនិម្មិត (AI) មិនទាន់អាចជំនួសបានឡើយ»។

ក្នុងន័យនេះ លោកបានណែនាំឱ្យវិស័យឯកជនគួរបង្កើនកិច្ចសហការជាមួយវិទ្យាស្ថានគរុកោសល្យ ដើម្បីបំប៉នវិធីសាស្ត្របង្រៀនថ្មីៗ ដូចជាវិធីសាស្ត្រសាលារៀនជំនាន់ថ្មី ដែលបណ្តុះឱ្យសិស្សចេះវិភាគ និងមានបញ្ញាស្មារតីរឹងមាំ សំដៅធានាបាននូវតុល្យភាពរវាងវិជ្ជាសម្បទា កាយសម្បទា ចរិយាសម្បទា និងបំណិនសម្បទាសម្រាប់អ្នកសិក្សាក្នុងយុគសម័យថ្មី។ លោកបានលើកឡើងថា«កំណែទម្រង់សាលារៀនរបស់ក្រសួងគឺមិនសំដៅតែលើសាលារដ្ឋនោះទេ សាលាឯកជនក៏ត្រូវតែបន្តកែទម្រង់ឱ្យកាន់តែរឹងមាំ ដើម្បីធានាបាននូវសមធម៌ និងគុណភាពអប់រំសម្រាប់សិស្សានុសិស្សគ្រប់រូប»។

ក្នុងឱកាសនោះដែរ លោក ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ បានវាយតម្លៃខ្ពស់ចំពោះតួនាទីដ៏សំខាន់របស់សហព័ន្ធសេវាអប់រំ និងវិស័យអប់រំឯកជន ដែលបានចូលរួមចំណែកក្នុងការជ្រោមជ្រែងវិស័យអប់រំនៅកម្ពុជាឱ្យកាន់តែរីកចម្រើន និងអរគុណចំពោះការផ្តល់ថវិកា ព្រមទាំងការគាំទ្រដល់បុគ្គលិកអប់រំ និងលោកគ្រូ អ្នកគ្រូដែលរងផលប៉ះពាល់ពីជម្លោះព្រំដែននាពេលកន្លងមក ដែលសបញ្ជាក់ពីស្មារតីស្នេហាជាតិខ្ពស់៕
អត្ថបទ៖សំអឿន
-
ព័ត៌មានជាតិ៧ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៥ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា៤ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
កីឡា៥ ម៉ោង agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ


