Connect with us

ព័ត៌មានជាតិ

លោក ហង់ជួន ណារ៉ុន កោតសរសើរគ្រូតាមព្រំដែន ទោះប្រឈមការលំបាក ក៏នៅតែលះបង់ខំបង្រៀនសិស្សមិនខកខាន

បានផុស

នៅ

បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានកោតសរសើរចំពោះលោកគ្រូ អ្នកគ្រូនៅតាមបន្ទាត់ព្រំដែន ទោះបីកន្លងមកជួបបញ្ហា ការលំបាក ដោយសារការឈ្លានពានរបស់ប្រទេសជិតខាង ប៉ុន្តែ គ្រូនៅតែបន្តខិតខំបង្រៀនសិស្សានុសិស្ស មិនខកខានឡើយ។ នេះ បើតាមការបង្ហោះលើទំព័រហ្វេសប៊ុករបស់ក្រសួងអប់រំ។

(រូបតំណាង)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងអប់រំ ក្នុងឱកាសលោកចូលរួមក្នុងពិធីសំណេះសំណាល និងផ្តល់កម្រងសៀវភៅវិញ្ញាសាសម្រាប់ត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិដល់សិស្សានុសិស្សនៃខេត្តព្រះវិហារ ដែលប្រារព្ធធ្វើឡើងនៅ វិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស ជា ស៊ីម ត្បែងមានជ័យ នាព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦។

ក្រសួងអប់រំ បានឱ្យដឹងថា ក្នុងឱកាសនោះ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោកគ្រូ អ្នកគ្រូ ព្រមទាំងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ដែលបានលះបង់កម្លាំងកាយចិត្តក្នុងការបំពេញភារកិច្ចបណ្តុះបណ្តាលធនធានមនុស្សនៅតាមតំបន់ព្រំដែន ទោះបីជាត្រូវប្រឈមនឹងការលំបាក និងការប្រែប្រួលនៃស្ថានភាពសន្តិសុខព្រំដែននាពេលកន្លងមកក៏ដោយ។ ក្នុងន័យនេះ លោករដ្ឋមន្ត្រីបញ្ជាក់ថា ទោះស្ថិតក្នុងស្ថានភាពបែបណាក៏ដោយ ការសិក្សារបស់សិស្សានុសិស្ស គឺមិនត្រូវខកខានឡើយ ដូចនេះទើបក្រសួងអប់រំ បានរៀបចំថ្នាក់រៀនបណ្តោះអាសន្ន ដើម្បីបន្តឱ្យសិស្សទទួលបានការសិក្សាទោះក្នុងកាលៈទេសៈណាក៏ដោយ សំដៅធានាឱ្យបាននូវសមធម៌ និងបរិយាបន្នអប់រំ ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល។

បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានដាស់តឿនដល់សិស្សានុសិស្សថ្នាក់ទី១២ ទាំងអស់ ត្រូវយកចិត្តទុកដាក់ស្វ័យសិក្សា និងប្រើប្រាស់កម្រងសៀវភៅវិញ្ញាសាត្រៀមប្រឡងដែលក្រសួងបានផ្តល់ជូននេះ ហាត់អនុវត្តពង្រឹងសមត្ថភាពដើម្បីទទួលបានលទ្ធផលជោគជ័យ និងនិទ្ទេសល្អៗ ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនាពេលខាងមុខ ក្នុងនាមជាទំពាំងស្នងឫស្សីដ៏មានសក្តានុពលរបស់ប្រទេសជាតិ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម