Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីអប់រំ៖ បញ្ញាសិប្បនិម្មិតក្លាយជាបច្ចេកវិទ្យាយុទ្ធសាស្ត្រក្នុងការលើកកម្ពស់គុណភាពរៀន និងបង្រៀនតែមិនទាន់អាចជំនួសគ្រូបង្រៀនបានឡើយ

បានផុស

នៅ

លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាបានមានប្រសាសន៍ថា ក្នុងបរិបទនៃបដិវត្តន៍ឧស្សាហកម្ម ៤.០ និងបរិវត្តកម្មឌីជីថល បញ្ញាសិប្បនិម្មិត (AI) បានក្លាយជាបច្ចេកវិទ្យាយុទ្ធសាស្ត្រដ៏មានសារៈសំខាន់ក្នុងការលើកកម្ពស់គុណភាពរៀន និងបង្រៀន ប៉ុន្តែវានៅតែមិនទាន់អាចជំនួសតួនាទីស្នូលរបស់គ្រូបង្រៀនបានឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងសន្និសីទស្រាវជ្រាវថ្នាក់ជាតិលើកទី១ ឆ្នាំ២០២៦ ក្រោមប្រធានបទ «គ្រូបង្រៀន និងបញ្ញាសិប្បនិម្មិតក្នុងបរិវត្តកម្មឌីជីថល»ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧មិថុនា លោកឧបនាយករដ្ឋមន្ត្រី បានបន្តថា​«ក្នុងន័យនេះ យើងត្រូវចេះទាញយកចំណុចខ្លាំងរបស់ AI មកប្រើប្រាស់ជាឧបករណ៍ជំនួយការងារ ប្រកបដោយ «សីលធម៌ និងទំនួលខុសត្រូវ» ដើម្បីបង្កើនការគិតវិភាគ និងច្នៃប្រឌិត ដោយមិនប៉ះពាល់ដល់ឯករាជ្យភាពនៃការគិតរបស់សិស្សឡើយ»។

ជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្ត្រី បានបន្តទៀតថា ក្រសួងអប់រំ មានចក្ខុវិស័យវែងឆ្ងាយក្នុងការធ្វើទំនើបកម្មប្រព័ន្ធអប់រំ តាមរយៈការកែទម្រង់កម្មវិធីសិក្សា កែលម្អសៀវភៅសិក្សាគោល និងផ្លាស់ប្តូរវិធីសាស្ត្របណ្តុះបណ្តាលគ្រូ ដើម្បីឆ្លើយតបទៅនឹងការវិវត្តយ៉ាងរហ័សនៃសង្គម-សេដ្ឋកិច្ចឌីជីថល ព្រមទាំងជួយគាំទ្រដល់ការធ្វើពិពិធកម្មសេដ្ឋកិច្ចជាតិ ដូចជាវិស័យកសិកម្មឆ្លាតវៃ ជាដើម។

បន្ថែមលើនេះត្រូវផ្សារភ្ជាប់ការប្រើប្រាស់បច្ចេកវិទ្យា ទៅនឹងការលើកកម្ពស់លទ្ធផលសិក្សារបស់សិស្ស ដែលឆ្លុះបញ្ចាំងតាមរយៈការវាយតម្លៃកម្រិតតំបន់ និងអន្តរជាតិ រួមមានតេស្ត SEA-PLM និង PISA។ ក្នុងន័យនេះ ខណៈពេលដែលកម្រិតបឋមសិក្សាមាន «កញ្ចប់អំណានដំបូង និងគណិតវិទ្យាដំបូង» ក្នុងការជួយគាំទ្រលើកិច្ចការនេះ សម្រាប់កម្រិតមធ្យមសិក្សា គឺទាមទារឱ្យមានការកែលម្អបន្ថែម និងប្រើប្រាស់វិធីសាស្ត្របង្រៀនបែបថ្មីៗ ឱ្យកាន់តែមានប្រសិទ្ធភាព សំដៅជំរុញឱ្យពិន្ទុតេស្ត PISA មានការកើនឡើង។

ក្នុងឱកាសនេះដែរ លោកឧបនាយករដ្ឋមន្ត្រី បានជំរុញឱ្យគណៈគ្រប់គ្រង និងគ្រប់ភាគីពាក់ព័ន្ធ រួមគ្នាពិនិត្យមើលកម្មវិធីសិក្សា ព្រមទាំងបញ្ជ្រាបបច្ចេកវិទ្យាឌីជីថល និងសូចនាករតេស្ត SEA-PLM និង PISA ទៅក្នុងការគ្រប់គ្រងសាលារៀន និងថ្នាក់រៀន ដើម្បីបន្តជំរុញការធ្វើកំណែទម្រង់សាលារៀន ក្នុងក្របខ័ណ្ឌ “សាលារៀនគំរូ” ព្រមទាំងការបន្តធ្វើកំណែទម្រង់វិស័យឧត្តមសិក្សា ឱ្យស្របតាមទិសដៅនៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល សំដៅកសាងមូលធនមនុស្សកម្ពុជាឱ្យមានភាពធន់ វៃឆ្លាត និងមានសមត្ថភាពប្រកួតប្រជែងខ្ពស់។

គួរបញ្ជាក់ថា សន្និសីទស្រាវជ្រាវថ្នាក់ជាតិលើកទី១ ឆ្នាំ២០២៦ ក្រោមប្រធានបទ «គ្រូបង្រៀន និងបញ្ញាសិប្បនិម្មិតក្នុងបរិវត្តកម្មឌីជីថល» រយៈពេល ៣ថ្ងៃនេះ រៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ការស្រាវជ្រាវ ការចែករំលែកចំណេះដឹង និងបទពិសោធ និងការស្តាប់អំពីគំនិតថ្មីៗ ចេញពីលទ្ធផលស្រាវជ្រាវ និងវាគ្មិនកិត្តិយសនានា ព្រមទាំងពិភាក្សាអំពីបញ្ហាប្រឈមផ្សេងៗ ដែលទាក់ទងនឹងវិជ្ជាជីវៈគ្រូបង្រៀន និងការអប់រំ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម