Connect with us

ព័ត៌មានអន្ដរជាតិ

សិង្ហបុរី និងម៉ាឡេស៊ី ដូចសមាជិកអាស៊ានទៀតដែរ ប្រឈមនឹង​សម្ពាធនៃការផ្គត់ផ្គង់ប្រេង

បានផុស

នៅ

ដូចថៃ វៀតណាម ហ្វីលីពីន និងឥណ្ឌូណេស៊ីដែរ ការផ្គត់ផ្គង់ប្រេងឥន្ធនៈ​ក្នុងប្រទេសសិង្ហបុរី និងម៉ាឡេស៊ី កំពុងស្ថិតនៅក្រោមសម្ពាធកាន់តែខ្លាំងឡើងៗ ចំពេលដែលជម្លោះរវាងអ៊ីស្រាអែល/អាមេរិក និងអ៊ីរ៉ង់ បន្តរាំងស្ទះលំហូរប្រេងចេញពីមជ្ឈិមបូព៌ា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន​ក្នុងតំបន់ផ្សេងៗ ការរំខានផ្នែកផ្គត់ផ្គង់នៅមជ្ឈិមបូព៌ាបាន​បង្ខំឱ្យក្រុមហ៊ុន​ចម្រាញ់ប្រេងកាត់បន្ថយ​ផលិតកម្ម​ ​ហើយ​រដ្ឋាភិបាលនានារួមទាំងម៉ាឡេស៊ី និងសិង្ហបុរី ត្រូវត្រៀមខ្លួនសម្រាប់តម្លៃប្រេងខ្ពស់។

មកទល់ថ្ងៃព្រហស្បតិ៍ (១៩ មីនា) នេះ ភាពតានតឹងនៃជម្លោះនៅមជ្ឈិមបូព៌ា​កើនឡើង​ចូលដល់វគ្គថ្មី ដោយអ៊ីស្រាអែល​បើកការវាយប្រហារលើវាលប្រេងរបស់អ៊ីរ៉ង់ ហើយអ៊ីរ៉ង់ឆ្លើយតបវិញដោយការវាយប្រហារទីទាំងថាមពលទូទាំងតំបន់មជ្ឈិមបូព៌ា ដែលនេះបង្ហាញពីការរំខានកាន់តែខ្លាំងផ្នែកផ្គត់ផ្គង់​ខណៈ​ច្រកសមុទ្រហ័រមូហ្ស ដែលជា​ផ្លូវ​ដឹកជញ្ជូនប្រេង និងឧស្ម័ន ២០% នៃតម្រូវការសកល បន្តជាប់គាំង។

មែនទែនទៅ អាស៊ីអាគ្នេយ៍ រួមទាំងម៉ាឡេស៊ី និងសិង្ហបុរី ពឹងផ្អែកខ្លាំងលើការនាំចូលប្រេង និងឧស្ម័នធម្មជាតិពីមជ្ឈិមបូព៌ា ដែលធ្វើឱ្យ​តំបន់ប្រឈមនឹង​ហានិភ័យខ្ពស់ទៅនឹង​ហានិភ័យផ្នែកផ្គត់ផ្គង់ និងការហក់ឡើងនៃតម្លៃ។

ទិន្នន័យ​ពី​ក្រុមហ៊ុនវិភាគការដឹកជញ្ជូន Kpler សម្រាប់ឆ្នាំ ២០២៥ បាន​បង្ហាញថា សិង្ហបុរី ដែលជា«មជ្ឈមណ្ឌលប្រេងប្រចាំអាស៊ី» ​បាន​នាំចូលប្រេងឆៅជាង ៧០% របស់ខ្លួនពីមជ្ឈិមបូព៌ា ក្នុងបរិមាណ ៦៩៤ ០០០ បារ៉ែល/ថ្ងៃ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រកាលពីដើមខែមីនា។ ដោយឡែកម៉ាឡេស៊ីឯណោះវិញ​ក៏ពឹងផ្អែកខ្លាំងផងដែរ ដោយនាំចូលប្រេងឆៅ​ប្រមាណ ៣២៣ ០០០ បារ៉ែល/ថ្ងៃ ពីមជ្ឈិមបូព៌ា ទោះបីជាប្រទេសនេះមាន​ផលិតកម្មប្រេងក្នុងស្រុកដោយខ្លួនឯងក៏ដោយ។ រដ្ឋបុរីសិង្ហបុរី គ្មានផលិតកម្មប្រេងក្នុងស្រុកទេ ដោយពឹងផ្អែកទាំងស្រុងលើប្រេងនាំចូល ដើម្បីឧស្សាហកម្មចម្រាញ់របស់ខ្លួន។

កប៉ាល់ដឹកទំនិញថៃរងការវាយប្រហាររបស់អ៊ីរ៉ង់នៅច្រកសមុទ្រហ័រមូហ្ស។

ទោះបីជាម៉ាឡេស៊ី និងសិង្ហបុរី ​ជាមជ្ឈមណ្ឌល​នាំចេញប្រេង​ក្នុងតំបន់ក៏ដោយ ប្រទេសទាំង២​មានស្តុកប្រេងបម្រុងសម្រាប់គ្រាអាសន្នតិចតួច បើប្រៀបធៀបទៅនឹង​ប្រទេសធំៗនៅ​អាស៊ីបូព៌ា។ តាមការចុះផ្សាយរបស់ Forbes សិង្ហបុរីមានស្តុកប្រេងបម្រុង ដែល​អាចប្រើប្រាស់ប្រហែល ៤០ ថ្ងៃ ប្រសិនបើគ្មានការនាំចូលសោះ​។ ដោយឡែក ម៉ាឡេស៊ី​មិនបានបញ្ចេញទិន្នន័យជាក់លាក់​អំពីស្ដុកប្រេងរបស់ខ្លួនថាអាចប្រើប្រាស់បានប៉ុន្មានថ្ងៃនោះទេ ប៉ុន្តែកាលពីសប្ដាហ៍មុន លោកនាយករដ្ឋមន្រ្តី អាន់វ៉ា អ៊ីប្រាហីម បាន​ឱ្យដឹងថា ម៉ាឡេស៊ីមាន​ផលិតផលប្រេងឥន្ធនៈផ្គត់ផ្គង់គ្រប់គ្រាន់​​រហូតដល់ចុងខែឧសភា។

​ប្រទេសធំៗនៅអាស៊ីបូព៌ាឯណោះវិញ មាន​ស្ដុងប្រេងបម្រុងដែលអាចប្រើប្រាស់បាន​យូរក្នុងករណីមិនអាចនាំចូល ដូចជាចិន (១០០ ថ្ងៃ) ជប៉ុន (២៥៤ ថ្ងៃ) និងកូរ៉េខាងត្បូង (២០៧ ថ្ងៃ)។

ការរាំងស្ទះផ្នែកផ្គត់ផ្គង់ទាំងឧស្ម័ន និងប្រេងពីមជ្ឈិមបូព៌ា បាន​បង្កក្ដីបារម្ភទាំងពីអាជីវកម្ម និងរដ្ឋាភិបាលម៉ាឡេស៊ី និងសិង្ហបុរី ដែលត្រៀមខ្លួនសម្រាប់ការហក់ឡើងនៃតម្លៃថាមពល និងប៉ះពាល់ដល់សេដ្ឋកិច្ចទាំងមូល។

នៅ​សិង្ហបុរី រោងចក្រចម្រាញ់ប្រេង រួមទាំងក្រុមហ៊ុនចម្រាញ់ប្រេងសិង្ហបុរី (SRC) និងរោងចក្រចម្រាញ់របស់ក្រុមហ៊ុន ExxonMobil លើកោះ Jurong Island ​បានកាត់បន្ថយប្រតិបត្តិការ ដោយក្រុមហ៊ុនគីមីឥន្ធនៈមួយចំនួន រួមទាំង Aster Chemicals និងក្រុមហ៊ុនថាមពលផ្សេងទៀត បានប្រកាសពីប្រធានសក្ដិ ដោយសារតែប្រភពផ្គត់ផ្អង់ប្រេងមាន​កំណត់។ ​នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ ដោយស្រង់ទិន្នន័យរបស់ Kpler។ ៦៥% នៃប្រេងឆៅសម្រាប់ចម្រាញ់របស់សិង្ហបុរី ត្រូវបាន​ដឹកឆ្លងកាត់ច្រកសមុទ្រហ័រមូហ្ស គិតតែឆ្នាំនេះ។ ​

ជាមួយគ្នានោះផងដែរ សិង្ហបុរីពឹងផ្អែកទាំងស្រុងលើការនាំចូលឧស្ម័នធម្មជាតិ ​ដែលរួមចំណែកប្រហែល ៩៥​% នៃការផលិតអគ្គិសនី​ក្នុងស្រុក។ ប្រហែលពាក់កណ្តាលនៃការផ្គត់ផ្គង់ឧស្ម័នរបស់​ប្រទេស​តាមរយៈបំពង់បង្ហូរឧស្ម័នធម្មជាតិ​ក្នុងតំបន់ ​នៅតែមានស្ថេរភាពសម្រាប់ពេលនេះ។ ​យ៉ាងណាមិញ សិង្ហបុរីនៅតែប្រឈមមុខនឹង​ការប្រែប្រួលតម្លៃ​ដែលបណ្ដាលមកពីជម្លោះ។

ម៉ាឡេស៊ីកំពុងប្រឈមមុខនឹងភាពតានតឹងស្រដៀងគ្នានេះ ទោះបីជាមានការផលិតប្រេងក្នុងស្រុកក៏ដោយ។ រោងចក្រចម្រាញ់ប្រេង Pengerang បានបិទអង្គភាពផលិតប្រេង ៣០០ ០០០ បារ៉ែល/ថ្ងៃ ដោយសារតែការនាំចូលប្រេងឆៅមិនគ្រប់គ្រាន់។ ​ទិន្នន័យពី Kpler បានឱ្យដឹងថា ការនាំចូលប្រេងឆៅតាមសមុទ្រជាង ៧០% របស់ក្រុមហ៊ុន Prefchem កាលពីឆ្នាំមុន បានឆ្លងកាត់ច្រកសមុទ្រ​ហ័រមូហ្ស។​ ក្រៅពីនោះ ឧស្សាហកម្មផ្សេងៗដូចជា​ផលិតកម្ម​ជីបានផ្អាកការបញ្ជាទិញថ្មី ដោយសារតែថ្លៃដើមខ្ពស់ និង​ការរំខានផ្នែកផ្គត់ផ្គង់​។

រដ្ឋាភិបាលម៉ាឡេស៊ីនៅតែបន្តឧបត្ថម្ភធនប្រេងឥន្ធនៈ ដើម្បីការពារអ្នកប្រើប្រាស់ ប៉ុន្តែការកើនឡើងនៃតម្លៃសកល កំពុងដាក់សម្ពាធយ៉ាងខ្លាំង​ឱ្យរដ្ឋាភិបាលបង្កើនការចំណាយ​។ ​

ឥឡូវនេះ ទាំងម៉ាឡេស៊ី និងសិង្ហបុរី កំពុង​សម្របទៅនឹង​លក្ខខណ្ឌផ្គត់ផ្គង់តឹងតែង និង​កំណើន​ថ្លៃដើម និងដឹកជញ្ជូន ដែលជាសញ្ញានៃផលប៉ះពាល់សេដ្ឋកិច្ច​ ប្រសិនបើជម្លោះនៅតែបន្ត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម