Connect with us

ព័ត៌មានអន្ដរជាតិ

ម៉ាឡេស៊ីចាប់ផ្ដើមហាមក្មេង​អាយុក្រោម​ ១៦ ឆ្នាំ ចូលប្រើប្រាស់បណ្ដាញសង្គម

បានផុស

នៅ

​ម៉ាឡេស៊ីបានចាប់ផ្តើម​ហាមឃាត់ក្មេងអាយុក្រោម ១៦ ឆ្នាំ ចូលបង្កើតគណនីប្រើប្រាស់លើ​បណ្ដាញសង្គម ខណៈប្រទេសនេះ​​បង្កើន​កិច្ចខិតខំប្រឹងប្រែងដើម្បីការពារអនីតិជនពីផលប៉ះពាល់នៃ​មាតិកា​បង្កគ្រោះថ្នាក់តាមអ៊ិនធឺណិត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការចុះផ្សាយរបស់​ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ និយ័តករសារគមនាគមន៍ម៉ាឡេស៊ីបាន​ឱ្យដឹងពីបញ្ហានេះកាលពីថ្ងៃចន្ទ។ ចំណាត់ការរបស់ម៉ាឡេស៊ីធ្វើឡើង ចំពេលមានប្រទេសកាន់តែច្រើនបាន​ដាក់ចេញនូវច្បាប់​គ្រប់គ្រងការចូលប្រើប្រាស់បណ្ដាញសង្គម ដោយសារតែកង្វល់ពាក់ព័ន្ធនឹង​ផលប៉ះពាល់របស់បណ្ដាញសង្គមលើសុខភាព និងសុវត្ថិភាពកុមារ។ ​

គណៈកម្មការ​សារគមនាគមន៍ និងពហុប្រព័ន្ធផ្សព្វផ្សាយចម្រុះ​របស់​ម៉ាឡេស៊ី បានប្រកាសថា ចាប់ពីថ្ងៃចន្ទតទៅ វេទិកា​បណ្ដាញ​សង្គម រួមទាំង ​Facebook, Instagram, TikTok ក៏ដូចជា YouTube ត្រូវតែធ្វើការផ្ទៀងផ្ទាត់អាយុ ​ឱ្យស្របតាមការកំណត់របស់​រដ្ឋាភិបាល។

ប្រសិនបើក្រុមហ៊ុនបណ្ដាញសង្គមណាមួយបរាជ័យក្នុងការអនុវត្តតាម នោះអាចនឹងត្រូវរងការពិន័យរហូតដល់ទៅ ១០ លានរីងហ្គីត (២,៥ លានដុល្លារ)។ ​

គណៈកម្មការ​សារគមនាគមន៍បាននិយាយថា៖ «វិធានការនេះមិនមានបំណងហាមឃាត់អ្នកប្រើប្រាស់ជាកុមារពីអ៊ិនធឺណិត ឬបដិសេធមិនឱ្យពួកគេចូលប្រើបច្ចេកវិទ្យានោះទេ​» ផ្ទុយទៅវិញវាមានគោល​បំណង​បង្កើន​ទំនួល​ខុសត្រូវ​ពីបណ្ដាញ​សង្គម ឪពុកម្តាយ និងអាណាព្យាបាល ក្នុងការការពារអនីតិជនតាម​​អ៊ិនធឺណិត​​។

គួរគូសបញ្ជាក់ថា ​ម៉ាឡេស៊ីបានបង្កើនការត្រួតពិនិត្យលើក្រុមហ៊ុន​បណ្ដាញ​សង្គម បន្ទាប់ពី​ឃើញកំណើននៃមាតិកា​បង្កគ្រោះថ្នាក់​ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយបច្ចុប្បន្ន កំពុងបង្ក្រាប​លើ​មាតិកា​​​ដែលមាន​ចេតនាញុះញង់ឱ្យមានភាពតានតឹង​ពូជសាសន៍ ឬសាសនា ឬរិះគន់រាជានិយម​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម