Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីរ៉ង់ដាក់លក្ខខណ្ឌច្បាស់ៗ៖ បើចង់ឲ្យឈប់ច្បាំង ត្រូវសងការខូចខាត និងដកទណ្ឌកម្ម

បានផុស

នៅ

ខណៈដែលពិភពលោកកំពុងតាមដានបទឈប់បាញ់ លោក Mohsen Rezaei ដែលជាទីប្រឹក្សាកំពូលរបស់មេដឹកនាំអ៊ីរ៉ង់ បានប្រកាសកាលពីថ្ងៃទី២៣ខែមីនា​ថា ទីក្រុងតេហេរ៉ង់នឹងមិនថយក្រោយឡើយ ហើយនឹងបន្តប្រយុទ្ធរហូតទាល់តែទទួលបានការសងជំងឺចិត្តចំពោះការខូចខាតក្នុងសង្គ្រាម និងការលុបចោលរាល់ទណ្ឌកម្មសេដ្ឋកិច្ចទាំងអស់។ នេះ​បើយោង​តាម​ការ​ចុះ​ផ្សាយរបស់ VN Express។

លោក Mohsen Rezaei (រូបថត៖ Aawsat)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មិនតែប៉ុណ្ណោះ អ៊ីរ៉ង់ក៏បានទាមទារនូវការធានាជាអន្តរជាតិមួយថា សហរដ្ឋអាមេរិកនឹងមិនមកលូកដៃក្នុងកិច្ចការផ្ទៃក្នុងរបស់ខ្លួនទៀតនោះឡើយ។ លោក Rezaei បានបន្ថែម​ថា តាមពិតទៅអាមេរិកចង់ផ្អាកសង្គ្រាមតាំងពីសប្តាហ៍មុនមកម៉្លេះ ប៉ុន្តែគឺលោក បេនចាមីន ណេតាន់យ៉ាហូ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលទៅវិញទេ ដែលជាអ្នកព្យាយាមអូសបន្លាយសង្គ្រាម។

ចំណែកឯនៅខាងសហរដ្ឋអាមេរិកវិញ ទោះបីជាប្រធានាធិបតី ដូណាល់ ត្រាំ បានលើកឡើងពីលទ្ធផល «ដ៏ល្អ និងមានផ្លែផ្កា» នៃកិច្ចពិភាក្សាជាមួយមេដឹកនាំជាន់ខ្ពស់អ៊ីរ៉ង់ដើម្បីបញ្ចប់ជម្លោះក៏ដោយ ក៏អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmaeil Baghaei បានចេញមុខបដិសេធទាំងស្រុងចំពោះការអះអាងនេះ។

ងាកមកមើលខាងអ៊ីស្រាអែលវិញ លោកណេតាន់យ៉ាហូ នៅតែបន្តប្រើនយោបាយ «ដៃម្ខាងចរចា ដៃម្ខាងវាយ» ដដែល។ ទោះបីជាលោកទទួលស្គាល់ថាមានឱកាសខ្លះសម្រាប់ការចរចាផ្លូវការទូត ប៉ុន្តែលោកបានបញ្ជាក់យ៉ាងច្បាស់ថា កងកម្លាំងអ៊ីស្រាអែលនៅតែបន្តវាយកម្ទេចកម្មវិធីមីស៊ីល និងនុយក្លេអ៊ែររបស់អ៊ីរ៉ង់មិនឈប់ឈរឡើយ។ ជាភស្តុតាងស្រាប់ លោកបានប្រកាសពីការសម្លាប់អ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរអ៊ីរ៉ង់២រូបបន្ថែមទៀត ដែលនេះគឺជាសញ្ញាព្រមានថា សម្ពាធយោធារបស់អ៊ីស្រាអែលនឹងមិនមានការថមថយឡើយ បើទោះជាមានការចរចាណាមួយកើតឡើងក៏ដោយ៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម