Connect with us

ព័ត៌មានអន្ដរជាតិ

ចិន ហ្វីលីពីន ពិភាក្សាគ្នាឡើងវិញលើសន្តិសុខថាមពល ចំពេលមាន​វិបត្តិប្រេង

បានផុស

នៅ

ប្រទេសហ្វីលីពីន និងចិនបានចាប់ផ្តើមកិច្ចពិភាក្សាកម្រិតខ្ពស់ឡើងវិញនៅសប្ដាហ៍នេះ ដោយផ្តោតលើបញ្ហានៅសមុទ្រចិនខាងត្បូង និង​សន្តិសុខថាមពល ចំពេលដែលក្តីបារម្ភអំពីវិបត្តិផ្គត់ផ្គង់ប្រេងកើនឡើង ដោយសារតែជម្លោះរវាងអ៊ីស្រាអែល សហរដ្ឋអាមេរិក និងអ៊ីរ៉ង់។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រកាលពីថ្ងៃសៅរ៍ (២៨ មីនា)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កិច្ចពិភាក្សា​ចុងក្រោយនេះ ធ្វើឡើងក្នុងកិច្ចប្រជុំលើកទី១១ ក្រោមយន្តការពិគ្រោះយោបល់ទ្វេភាគី ដែលបានបង្កើតឡើងក្នុងឆ្នាំ២០១៧ និងជាលើកដំបូងចាប់តាំងពីខែមករា ឆ្នាំ២០២៥។ ភាគីទាំង២ បានស្វែងយល់ពីជំហានដំបូងឆ្ពោះទៅរកកិច្ចសហប្រតិបត្តិការប្រេង និងឧស្ម័ន ខណៈស្វែងរកដំណោះស្រាយការផ្គត់ផ្គង់ជី និងស្ថិរភាពថាមពលកាន់តែទូលំទូលាយផងដែរ។

គេមើលឃើញថា​ កិច្ចពិភាក្សាដដែលត្រូវបានរៀបចំឡើង​បន្ទាប់ពីប្រធានាធិបតីហ្វីលីពីន លោក ហ្វឺរឌីណង់ ម៉ាកូស ជូណៀ បានប្រកាសអាសន្នថាមពលជាតិ ដោយលើកឡើងពីការរំខានផ្នែក​ផ្គត់ផ្គង់ប្រេងដោយសារតែជម្លោះមជ្ឈិមបូព៌ា។ ហ្វីលីពីនដែលពឹងផ្អែកខ្លាំងលើប្រេងរបស់មជ្ឈិមបូព៌ា កំពុងធ្វើការដើម្បីធ្វើពិពិធកម្មការនាំចូលប្រេងឥន្ធនៈ រួមទាំងលទ្ធភាពបង្កើនការនាំចូលពី​ចិន។

ប្រទេសទាំង ២ ក៏បានពិភាក្សាអំពីថាមពលកកើតឡើងវិញ កសិកម្ម ពាណិជ្ជកម្ម និងគំនិតផ្តួចផ្តើមរវាងប្រជាជន និងប្រជាជន ដូចជាការធ្វើដំណើរដោយគ្មានទិដ្ឋាការ និងជើងហោះហើរត្រង់ផងដែរ។ ក្រសួងការបរទេសហ្វីលីពីន បាននិយាយថា ភាគីទាំង២​ «បន្តធ្វើឱ្យមានវឌ្ឍនភាព» ក្នុងការកសាងទំនុកចិត្តនៅសមុទ្រចិនខាងត្បូង រួមទាំងការកែលម្អទំនាក់ទំនងរវាងឆ្មាំឆ្នេរសមុទ្ររបស់ពួកគេ។

ក្រសួង​បន្តថា ហ្វីលីពីន​ «បានបញ្ជាក់យ៉ាងម៉ឺងម៉ាត់នូវជំហរគោលការណ៍របស់ខ្លួន» ដោយលើកឡើងពីការព្រួយបារម្ភអំពីឧប្បត្តិហេតុដែលប៉ះពាល់ដល់នាវិក​ និងអ្នកនេសាទហ្វីលីពីន និងសង្កត់ធ្ងន់លើសារៈសំខាន់នៃការទូត ការទំនាក់ទំនង និងការប្រកាន់ខ្ជាប់នូវច្បាប់អន្តរជាតិ។

ក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែក អនុរដ្ឋមន្ត្រីការបរទេសចិន លោក Sun Weidong បានអំពាវនាវឱ្យមាន «សកម្មភាពជាក់ស្តែង» ពីហ្វីលីពីន ដើម្បីពង្រឹងទំនាក់ទំនង។

គេរំពឹងថា ភាគីនឹង​បន្តចរចាគ្នានៅឆ្នាំនេះ ចំពេលដែល​ភាពតានតឹងនៅសមុទ្រចិនខាងត្បូងនៅតែមិនទាន់ដោះស្រាយបាន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម