Connect with us

ព័ត៌មានអន្ដរជាតិ

ជំនួបត្រាំ-ស៊ី៖ ចិននឹងទិញផលិតផលកសិកម្មអាមេរិក​ ១៧ ប៊ីលានដុល្លារ/ឆ្នាំ

បានផុស

នៅ

សេតវិមាន​បានឱ្យដឹង​​កាលពីថ្ងៃអាទិត្យ​ថា ប្រទេសចិន​បាន​ប្តេជ្ញា​ទិញ​ផលិតផល​កសិកម្ម​របស់​សហរដ្ឋ​អាមេរិក​​យ៉ាងហោចណាស់ ១៧ ​ប៊ី​លាន​ដុល្លារ​ក្នុងមួយឆ្នាំៗ នៅ​ឆ្នាំ ២០២៦, ២០២៧ និង ២០២៨។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការប្តេជ្ញាចិត្ត​របស់ចិន ធ្វើឡើងអំឡុងជំនួបរវាងប្រធានាធិបតីអាមេរិក លោក​ ដូណាល់ ត្រាំ និងសមភាគីចិន លោក ស៊ី ជីនពីង នៅទីក្រុងប៉េកាំងកាលពីសប្ដាហ៍មុន។ ​

សេតវិមានបាន​បន្តថា តួលេខ ១៧ ​ប៊ីលានដុល្លារនេះ មិនរាប់បញ្ចូល​ការទិញ​សណ្តែកសៀងដែលប្រទេសចិនបាន​ប្ដេជ្ញាក្នុងខែតុលា ឆ្នាំ ២០២៥ នោះទេ។

គួរគូសបញ្ជាក់ថា ការទិញផលិតផលកសិកម្មអាមេរិករបស់ចិន បាន​ធ្លាក់ចុះយ៉ាងគំហុក រាប់តាំងពីជម្លោះពាណិជ្ជកម្មផ្ទុះឡើងជាថ្មី ដោយសារតែគោលនយោបាយពន្ធគយរបស់លោក ត្រាំ ចំពេលដែលចិនកាត់បន្ថយពឹងផ្អែកលើអាមេរិករួចស្រាប់ហើយលើវិស័យនេះ​។ ​ទិន្នន័យរបស់ក្រសួងកសិកម្មអាមេរិកបាន​បង្ហាញថា ការនាំចេញផលិតផលកសិកម្មអាមេរិកទៅចិន បានធ្លាក់ចុះ ៦៥,៧% ឆ្នាំលើឆ្នាំ មកត្រឹម ៨,៤ ប៊ីលាន​ដុល្លារ នៅឆ្នាំ ២០២៥។ ​

សេតវិមានបាននិយាយថា ចិននឹងធ្វើការជាមួយនិយតករ​អាមេរិកដើម្បីលុបចោលការផ្អាកការ​ទិញសាច់ពី​រោងចក្រសាច់គោរបស់​អាមេរិក និង​បន្តការទិញមាន់ និងបក្សី​អាមេរិកឡើងវិញ។ ​

ដោយ​បន្ទរពីសេចក្តីថ្លែងការណ៍មុនៗពីរដ្ឋាភិបាលចិន សេតវិមានក៏បាននិយាយនៅថ្ងៃអាទិត្យផងដែរថា ​ចិន​នឹងបង្កើតក្រុមប្រឹក្សាពាណិជ្ជកម្មសហរដ្ឋអាមេរិក-ចិន និងក្រុមប្រឹក្សាវិនិយោគសហរដ្ឋអាមេរិក-ចិន។

ដោយឡែក​រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី ឯណោះវិញ បាន​និយាយ​ក្នុងសេចក្តីថ្លែងការណ៍មួយកាលពីសប្តាហ៍មុនថា ក្រុមប្រឹក្សាភិបាលទាំងនេះ នឹងដោះស្រាយក្តីបារម្ភអំពីការចូលទីផ្សាររៀងខ្លួន​សម្រាប់ផលិតផលកសិកម្ម និងពង្រីកពាណិជ្ជកម្ម «ក្រោមក្របខណ្ឌកាត់បន្ថយ​ពន្ធបដិការ​»៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម