ព័ត៌មានអន្ដរជាតិ
សេដ្ឋកិច្ចថៃធ្លាក់ចុះកាន់តែខ្លាំង ខណៈសង្រ្គាមមជ្ឈិមបូព៌ា និងអតិផរណាបន្ថែមសម្ពាធ
សេដ្ឋកិច្ចរបស់ប្រទេសថៃកំពុងប្រឈមនឹងសម្ពាធកាន់តែខ្លាំងឡើងៗ ខណៈការអូសបន្លាយនៃជម្លោះនៅមជ្ឈិមបូព៌ាធ្វើឱ្យតម្លៃថាមពលហក់ឡើង ហើយការចំណាយរបស់អ្នកប្រើប្រាស់ចុះខ្សោយ ដែលបង្ខំឱ្យអាជីវកម្មកាត់បន្ថយការងារ ចំពេលមានការភ័យខ្លាចថាសេដ្ឋកិច្ចអាចធ្លាក់ចុះកាន់តែធ្ងន់ធ្ងរ។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។

ការពឹងផ្អែកខ្លាំងពេករបស់ថៃ លើការនាំចូលប្រេង និងឧស្ម័នធម្មជាតិពីមជ្ឈិមបូព៌ា បានធ្វើឱ្យក្រុមហ៊ុនផលិតនានា ជួបការលំបាកនៅពេលថ្លៃប្រេងឥន្ធនៈ និងវត្ថុធាតុដើមកើនឡើង។ ស្ថាប័ន និងអ្នកជំនាញសេដ្ឋកិច្ចបានព្រមានថា អតិផរណាអាចនឹងកើនឡើង ហើយកំណើនសេដ្ឋកិច្ចនឹងចុះខ្សោយបន្ថែមទៀត ដែលបង្កើតជាល្បាយដ៏គ្រោះថ្នាក់សម្រាប់គ្រួសារ និងអាជីវកម្មថៃ។
មជ្ឈមណ្ឌលស្រាវជ្រាវ Kasikorn (K-Research) បានរំពឹងថា អតិផរណាអាចកើនឡើងដល់ ៥-៦% នៅឆ្នាំនេះ ប្រសិនបើជម្លោះនៅតែបន្ត ខណៈស្ថាប័នជំនាញដដែល បានកាត់បន្ថយការព្យាករកំណើនសេដ្ឋកិច្ចថៃពី ១,៩% មកត្រឹម ១,២% ហើយព្រមានអំពីហានិភ័យនៃកំណើនវិបត្តិសេដ្ឋកិច្ច និង Stagflation (កំណើនសេដ្ឋកិច្ចជាប់គាំង ខណៈអតិផរណា និងអត្រាគ្មានការងារធ្វើខ្ពស់)។
លោក Burin Adulwattana នាយកគ្រប់គ្រង និងជាប្រធានសេដ្ឋវិទូនៅ K-Research បានថ្លែងថា៖ «ក្រុមហ៊ុនផលិតមានជម្រើសតិចតួចណាស់ ដោយត្រូវតែបន្តទិញវត្ថុធាតុដើមក្នុងតម្លៃខ្ពស់ ពីព្រោះពួកគេខ្លាចថា ការផ្គត់ផ្គង់នឹងអស់»។
ភាពតានតឹងផ្នែកសេដ្ឋកិច្ច កំពុងរីករាលដាលពាសពេញឧស្សាហកម្ម។ អាជីវកម្មខ្នាតតូច ភោជនីយដ្ឋាន និងប្រតិបត្តិករទេសចរណ៍បាននិយាយថា ការចំណាយរបស់អ្នកប្រើប្រាស់បានធ្លាក់ចុះយ៉ាងខ្លាំង ខណៈការចំណាយសម្រាប់ការរស់នៅប្រចាំថ្ងៃបានកើនឡើង។ ក្រុមហ៊ុនទេសចរណ៍មួយចំនួនបានបិទប្រតិបត្តិការជាបណ្ដោះអាសន្ន ខណៈក្រុមហ៊ុនផ្សេងៗទៀត បានកាត់បន្ថយបុគ្គលិកដើម្បីបន្តប្រតិបត្តិការ។

បាងកកប៉ុស្តិ៍បានផ្សាយថា ការបញ្ឈប់បុគ្គលិកពីការងារកំពុងចាប់ផ្តើមកើនឡើង ខណៈក្រុមហ៊ុនត្រូវប្រឈមមុខនឹងការធ្លាក់ចុះនៃប្រាក់ចំណេញ និងលក្ខខណ្ឌនៃការផ្តល់ប្រាក់កម្ចីកាន់តែតឹងរ៉ឹង ដោយ ធនាគារផ្សេងៗ កំពុងមានការប្រុងប្រយ័ត្នកាន់តែខ្លាំងអំពីការចេញប្រាក់កម្ចី ជាពិសេសដល់សហគ្រាសធុនតូច និងមធ្យម (SMEs)។
ដោយឡែកធនាគារកណ្តាលថៃឯណោះវិញ បានបន្ទាបការព្យាករកំណើនថៃឆ្នាំ ២០២៦ មកត្រឹម ១,៥% ហើយព្រមានថា អតិផរណាអាចលើសពីកម្រិតគោលដៅរបស់ខ្លួន ដោយសារតែតម្លៃប្រេងកើនឡើងខ្ពស់ជាប់ទាក់ទងនឹងសង្គ្រាមនៅមជ្ឈិមបូព៌ា។
ជាការឆ្លើយតប រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្រ្តី អានុទីន ឆានវីរៈគុណ កាលពីដើមខែឧសភានេះ បានប្រកាសពីកញ្ចប់ប្រាក់កម្ចីសង្គ្រោះបន្ទាន់ចំនួន ៤០០ ប៊ីលានបាត ឬប្រហែល ១២,២៦ ប៊ីលានដុល្លារ ក្នុងគោលបំណងជំរុញសេដ្ឋកិច្ច និងគាំទ្រផែនការផ្លាស់ប្តូរថាមពលរយៈពេលវែង។ កញ្ចប់នេះត្រូវបានបែងចែកជា ២ ផ្នែក៖ ២០០ ប៊ីលានបាតសម្រាប់វិធានការស្តារសេដ្ឋកិច្ចឡើងវិញ រួមទាំងកម្មវិធីជំរុញការប្រើប្រាស់ក្នុងស្រុក «ថៃជួយថៃបូក» (Thai Chuay Thai Plus) និង ២០០ ប៊ីលានបាតទៀតសម្រាប់គម្រោងថាមពលស្អាត និងថាមពលកកើតឡើងវិញ។
យ៉ាងណាមិញ កញ្ចប់កម្ចីនេះ ទទួលបានការរិះគន់ពីអ្នកសេដ្ឋកិច្ច និងក្រុមឧស្សាហកម្ម ដែលមានការព្រួយបារម្ភអំពីកំណើនបំណុលសាធារណៈរបស់ថៃ ដែលរំពឹងថានឹងខិតទៅជិត «ពិដានកំណត់របស់រដ្ឋាភិបាល» ប្រមាណ ៧០% នៃ GDP (ផលិតផលក្នុងស្រុកសរុប)។
ជាមួយគ្នានោះផងដែរ សហព័ន្ធឧស្សាហកម្មថៃ (FTI) បាននិយាយថា SMEs ថៃ ត្រូវការការគាំទ្រផ្នែកហិរញ្ញវត្ថុជាបន្ទាន់ ដោយសារបញ្ហាសាច់ប្រាក់កាន់តែអាក្រក់ទៅៗ។ មែនទែនទៅ SMEs រួមចំណែកជាង ៩០% នៃសមាជិក FTI និងប្រហែល ៣០% នៃសេដ្ឋកិច្ចថៃក្នុងទំហំ ៥,៧ ទ្រីលានបាត។
ទោះបីបែបនេះក្ដី អ្នកសេដ្ឋកិច្ចនៅវិទ្យាស្ថានស្រាវជ្រាវអភិវឌ្ឍន៍ថៃឯណោះវិញ បានអះអាងថា ជម្លោះនៅមជ្ឈិមបូព៌ាជាកត្តាជំរុញអតិផរណាដ៏ធំបំផុត ជាជាងការចំណាយរបស់រដ្ឋាភិបាល។ ប្រសិនបើសង្គ្រាមនៅតែបន្ត ហើយថ្លៃថាមពលបន្តកើនឡើង អ្នកវិភាគព្រមានថា ថៃអាចប្រឈមមុខនឹងការបិទអាជីវកម្មកាន់តែច្រើន ការប្រើប្រាស់ក្នុងស្រុកចុះខ្សោយ និងអត្រាគ្មានការងារធ្វើកើនឡើងយ៉ាងឆាប់រហ័សនារយៈពេលប៉ុន្មានខែខាងមុខ៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


