ព័ត៌មានជាតិ
ច្បាប់ប្រឆាំង Online Scams រដ្ឋមន្ត្រីយុត្តិធម៌ ថា ធ្វើឡើងដោយមានក្រឡាញឹក មិនអនុញ្ញាតឱ្យកើតឡើងវិញនៅកម្ពុជាឡើយ
លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បញ្ជាក់ជាថ្មីពីការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាចំពោះការដោះស្រាយបញ្ហាឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលកំពុងកើតមាននៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ តាមរយៈការបង្កើតឡើងនូវច្បាប់ពាក់ព័ន្ធនឹងការប្រឆាំង Online Scams នេះតែម្ដង។ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ថា សំណាញ់ច្បាប់មួយនេះ គឺធ្វើឡើងដោយមានក្រឡាញឹក មិនអនុញ្ញាតឱ្យបទល្មើសបច្ចេកវិទ្យាប្រភេទនេះកើតឡើងវិញនៅកម្ពុជាឡើយ។

លោកបានលើកឡើងក្នុងសន្និសីទសារព័ត៌មាននៅទីស្ដីការក្រសួងយុត្តិធម៌ នាព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦នេះ ថា កម្ពុជាប្រហែលជាប្រទេសទី១ ប្រទេសឈានមុខគេមួយនៅក្នុងតំបន់ ដែលបានសម្រេចចិត្តរៀបចំឱ្យមានសេចក្ដីព្រាងច្បាប់ស្ដីពីការប្រឆាំងនឹងប្រព័ន្ធបច្ចេកវិទ្យា ក្នុងទម្រង់ជាច្បាប់ព្រហ្មទណ្ឌពិសេសមួយ ដើម្បីប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ។
តាមការបញ្ជាក់របស់លោក កើត រិទ្ធ ច្បាប់ពាក់ព័ន្ធនឹងការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលតាក់តែងឡើងដោយរាជរដ្ឋាភិបាលកម្ពុជា គឺត្រូវបានរៀបចំឡើងក្នុងគោលបំណងដោះស្រាយបញ្ហាប្រឈម តាមរយៈការបង្កើតវិធានព្រហ្មទណ្ឌដែលមានភាពចន្លោះប្រហោងនៃច្បាប់បច្ចុប្បន្ន ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា សំដៅចូលរួមថែរក្សាការពារសន្តិសុខនិងសណ្ដាប់ធ្នាប់សាធារណៈ ព្រមទាំងជំរុញប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មនេះ។

លោកឧបនាយករដ្ឋមន្ត្រី បានថ្លែងឱ្យដឹងថា តាមរយៈច្បាប់នេះ បទល្មើសព្រហ្មទណ្ឌថ្មីចំនួន៥ ត្រូវបានបង្កើតឡើង ដើម្បីធានាដល់ប្រសិទ្ធភាពក្នុងការអនុវត្ត នោះគឺរួមមាន១.បទឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ២.បទរៀបចំ ឬដឹកនាំមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ៣.បទជ្រើសរើស ឬបណ្ដុះបណ្ដាលអ្នកដទៃឱ្យចូលរួមប្រព្រឹត្តអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ៤.បទប្រមូលក្នុងចេតនាទុច្ចរិតនូវឯកសារសម្គាល់អត្តសញ្ញាណ ឬឯកសារព័ត៌មានផ្ទាល់ខ្លួននានារបស់អ្នកដទៃ និង៥.ការបង្កើតទម្រង់ពិសេសនៃបទល្មើសសម្អាតប្រាក់។

បទល្មើសទាំងនេះ បានកំណត់ដាក់ទោសជនល្មើសត្រូវប្រឈមនឹងការជាប់ពន្ធនាគារខ្ពស់បំផុតដល់១ជីវិត និងពិន័យជាប្រាក់ដល់ទៅ១០០០លានរៀល ថែមទាំងរឹបអូសទ្រព្យសម្បត្តិរបស់ជនល្មើសផងដែរ។ លោក កើត រិទ្ធ ថា នេះហើយការបង្ហាញនូវឆន្ទៈយ៉ាងពិតប្រាកដរបស់កម្ពុជា ដោយធ្វើយ៉ាងណាបោសសម្អាត និងលុបបំបាត់ Online Scams នេះឱ្យអស់ពីប្រទេសកម្ពុជា ដោយគ្មានការលើកលែងនោះឡើយ។
លោក និយាយយ៉ាងដូច្នេះថា៖ «ឥលូវច្បាប់របស់យើងក្រឡាបង់ទៅទាំងអស់ ក្រឡាសំណាញ់ហ្នឹង គឺថា ញឹក ញឹកហ្នឹង គឺធ្វើយ៉ាងណាដើម្បីឱ្យអស់ Scams ពីកម្ពុជា ញឹកហ្នឹង គឺដើម្បីបម្រើផលប្រយោជន៍របស់ប្រទេសជាតិ និងប្រជាជនកម្ពុជា»។

សេចក្ដីព្រាងច្បាប់ស្ដពីការប្រឆាំងការឆបោកបច្ចេកវិទ្យានេះ មាន៥ជំពូក និង២៤មាត្រា ដែលត្រូវបានសម្រេចក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ និងត្រូវបានអនុម័តដោយរដ្ឋសភាជាតិ កាលពីថ្ងៃទី៣០ ខែមីនា ហើយទទួលបានការឯកភាពទាំងស្រុងពីព្រឹទ្ធសភា ដោយឥតកែប្រែ នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦។
បន្ទាប់ពីសភាទាំងពីរថ្នាក់បានអនុម័តរួចរាល់ សេចក្ដីព្រាងច្បាប់នេះ នឹងត្រូវថ្វាយព្រះមហាក្សត្រឡាយព្រះហស្តលេខាប្រកាសដាក់ឱ្យប្រើជាផ្លូវការ ហើយបើតាមលោក កើត រិទ្ធ ច្បាប់ថ្មីនេះនឹងចូលជាធរមានភ្លាមៗក្រោយការប្រកាសឱ្យប្រើដោយព្រះមហាក្សត្រ៕
ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


