ព័ត៌មានជាតិ
រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ៖ មន្ត្រីត្រូវយល់ដឹងពីលិខិតបទដ្ឋានគតិយុត្ត នីតិវិធី ដើម្បីអនុវត្តច្បាប់ឆបោកតាមអនឡាញ ឲ្យមានប្រសិទ្ធភាព
លោក កេង សុម៉ារិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ សង្កត់ធ្ងន់ថា មន្ត្រី ត្រូវយល់ដឹងអំពីលិខិតបទដ្ឋានគតិយុត្ត និង នីតិវិធី ដើម្បីអនុវត្តច្បាប់ប្រឆាំងឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឲ្យមានប្រសិទ្ធភាព។

ការសង្កត់ធ្ងន់នេះ ក្នុងឱកាស លោក លី វណ្ណៈ នាយករដ្ឋបាលខេត្តសៀមរាប បានដឹកនាំ លោក លោកស្រី ជាថ្នាក់ដឹកនាំមន្ទីរអង្គភាព រដ្ឋបាលក្រុង-ស្រុក ទូទាំងខេត្ត ចូលរួមកិច្ចប្រជុំផ្សព្វផ្សាយច្បាប់ ស្តីពី«ការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» តាមរយៈប្រព័ន្ធ online Zoom ក្រោមអធិបតីភាពលោកសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប) កាលពីថ្ងៃទី ៦ ខែមេសា ឆ្នាំ ២០២៦ ម្សិលមិញ។
នាឱកាសនោះ លោក កេង សុម៉ារិទ្ធ លើកឡើងថា អំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា គឺជាអំពើបន្លំចំពោះរូបវន្តបុគ្គល ឬនីតិបុគ្គលណាមួយ ដោយប្រើឧបាយកលទុច្ចរិត ដែលត្រូវបានប្រព្រឹត្តតាមរយៈប្រព័ន្ធបច្ចេកវិទ្យា ឬដោយប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាជាមធ្យោបាយ ក្នុងគោលបំណងទទួលបាននូវ ៖ ការប្រគល់មូលនិធិ តម្លៃ ឬទ្រព្យសម្បត្តិអ្វីមួយ ការផ្គត់ផ្គង់សេវា និងការធ្វើលិខិតមានតម្លៃជាកាតព្វកិច្ច ឬជាការឱ្យរួចពីកាតព្វកិច្ច។
លោក កេង សុម៉ារិទ្ធ សង្កត់ធ្ងន់ថា «ដើម្បីធានាដល់ប្រសិទ្ធភាព នៃការអនុវត្តច្បាប់ និងភាពជោគជ័យ នៃប្រតិបត្តិការប្រយុទ្ធប្រឆាំងបោសសម្អាតឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ទាមទារឲ្យអ្នកអនុវត្តច្បាប់យល់ដឹងអំពីច្បាប់ និងលិខិតបទដ្ឋានគតិយុត្តដែលមានការពាក់ព័ន្ធ ភាពច្បាស់លាស់ នៃប្រតិបត្តិការ និងនីតិវិធីដែលត្រូវអនុវត្តតាមកិច្ចសហការរវាងក្រសួង ស្ថាប័ន អាជ្ញាធរមានសមត្ថកិច្ចមានការពាក់ព័ន្ធ»។

លោកបង្ហាញថា ទិដ្ឋភាពជាក់ស្ដែង នៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) គឺជាទម្រង់ថ្មីមួយ នៃបទល្មើសឆបោកដែលត្រូវបានប្រព្រឹត្តតាមរយៈប្រព័ន្ធបច្ចេកវិទ្យា ឬដែលប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាជាមធ្យោបាយ ដើម្បីប្រព្រឹត្តបទល្មើស ដោយប្រើឧបាយកលទុច្ចរិតនានា ដូចជា ៖ ការលួងលោមបែបមនោសញ្ចេតនា (Romance Scams or Pig Butchering) ការអូសទាញឲ្យប្រគល់នូវទ្រព្យការដាក់ទុនវិនិយោគក្នុងគម្រោងវិនិយោគខ្យល់ ដោយអះអាងថា នឹងទទួលបានប្រាក់ចំណេញខ្ពស់ ការក្លែងជាការលក់ផលិតផល និងផ្តល់សេវាកម្មអនឡាញ។
ជាមួយនេះ លោកសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ បានគូសបញ្ជាក់ថា ច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា មានគោលបំណងដើម្បីកំណត់អំពីវិធានផ្នែកព្រហ្មទណ្ឌ ដើម្បីលើកកម្ពស់ប្រសិទ្ធភាព នៃការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា សំដៅចូលរួមថែរក្សាការពារសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ ព្រមទាំងលើកកម្ពស់ប្រសិទ្ធភាព នៃកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្ម។

លោកសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ បានបន្តថា សារបាន និងកិច្ចដំណើរការ នៃការរៀបចំច្បាប់ស្តីពី«ការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» ធ្វើឡើងតាមរយៈកិច្ចប្រជុំពេញអង្គ នៃគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុម័តយល់ព្រមលើសេចក្តីព្រាងច្បាប់នេះ កាលពីថ្ងៃទី ១៣ ខែមីនា ឆ្នាំ ២០២៦ និងតាមសម័យប្រជុំពេញអង្គ នៃរដ្ឋសភា បានអនុម័តយល់ព្រម កាលពីថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០២៦ និងសម័យប្រជុំពេញអង្គវិសាមញ្ញ នៃព្រឹទ្ធសភា បានអនុម័តយល់ព្រម កាលពីថ្ងៃទី ៣ ខែមេសា ឆ្នាំ ២០២៦៕
អត្ថបទ ៖ គឿនវេត





-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៧ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


