Connect with us

ព័ត៌មានអន្ដរជាតិ

អឺរ៉ុប​​​ទំនង​ទម្លាក់​ប្រាក់កម្ចីដែលជាប់គាំង​ឲ្យអ៊ុយក្រែន ក្រោយ​ Orban ​ចាញ់ឆ្នោត​

បានផុស

នៅ

សហភាពអឺរ៉ុប (EU) នៅថ្ងៃទី ២២ ខែ​មេសា បានផ្តល់​​សញ្ញា​វិជ្ជមាន​​ដើម្បីបញ្ចេញកញ្ចប់ប្រាក់កម្ចីដ៏មហិមាចំនួន ៩០ ពាន់លានអឺរ៉ូ (ប្រហែល ១០៦ ពាន់លានដុល្លារ) ដើម្បីជួយដល់ការស្តារសេដ្ឋកិច្ច និងពង្រឹងវិស័យការពារជាតិរបស់ប្រទេសអ៊ុយក្រែន។ នេះបើយោងតាមការចុះផ្សាយពីទីភ្នាក់ងារ wsj កាលពីថ្ងៃទី២២មេសា។

រូបភាព៖Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការសម្រេចចិត្តនេះ​បាន​កើតមានឡើង បន្ទាប់ពី​រដ្ឋាភិបាល​ហុងគ្រីថ្មី និងស្លូវ៉ាគី បានបញ្ជាក់ថា អ៊ុយក្រែនបានចាប់ផ្ដើមប្រតិបត្តិការបំពង់បង្ហូរប្រេង Druzhba ដែល​បញ្ជូន​ប្រេងឆៅរបស់រុស្ស៊ីទៅកាន់ប្រទេសទាំងពីរ។ ​ហុងគ្រី​និង​ស្លូវ៉ាគី​ជាប្រទេសសហភាពអឺរ៉ុបពីរចុងក្រោយដែលនៅតែពឹងផ្អែកលើប្រេងរបស់រុស្ស៊ីតាមរយៈ​បំពង់​បែងចែក​ភាគខាងត្បូងនៃ បំពង់បង្ហូរ​ប្រេង Druzhba ជាមួយនឹងការនាំចូលប្រេងរបស់ហុងគ្រី ៨៦-៩២% និងស្ទើរតែទាំងអស់នៃការផ្គត់ផ្គង់របស់ស្លូវ៉ាគី។

អ្នកការទូតម្នាក់ ​បាននិយាយថា ការចុះហត្ថលេខា​ចុងក្រោយ​គួរតែមកដល់​នៅថ្ងៃព្រហស្បតិ៍នេះ ខណៈ​ដែល​ភាគី​ហុងគ្រី​ រង់ចាំ​ប្រេង​របស់រុស្ស៊ី​មកដល់​តាមរយៈ​បំពង់បង្ហូរប្រេង Druzhba បន្ទាប់ពីទីក្រុងកៀវ បាននិយាយថា ប្រតិបត្តិការ​បានចាប់ផ្តើមឡើងវិញ។

ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានសរសើរការដោះសោប្រាក់កម្ចីរបស់សហភាពអឺរ៉ុបថា ជា «សញ្ញាត្រឹមត្រូវនៅក្នុងបរិបទបច្ចុប្បន្ន»។ លោកបានគូសបញ្ជាក់ថា អ៊ុយក្រែនបានបំពេញកាតព្វកិច្ចរបស់ខ្លួនចំពោះសហភាពអឺរ៉ុប រួមទាំងលើបញ្ហារសើបដូចជាប្រតិបត្តិការនៃបំពង់បង្ហូរប្រេង Druzhba ហើយក៏រំពឹងថា សម្ព័ន្ធភាពនឹងដាក់ពង្រាយវិធានការគាំទ្រជាក់ស្តែងក្នុងពេលឆាប់ៗនេះ។

ប្រាក់កម្ចីថ្មីរបស់សហភាពអឺរ៉ុប គឺជាប្រភពហិរញ្ញប្បទានដ៏សំខាន់មួយ ដើម្បីជួយអ៊ុយក្រែនរក្សាប្រតិបត្តិការក្នុងរយៈពេលពីឆ្នាំ ២០២៦ ដល់ ឆ្នាំ ២០២៧ នៅពេលដែលសេដ្ឋកិច្ចស្ថិតនៅក្រោមសម្ពាធយ៉ាងខ្លាំងពីជម្លោះ។

យោងតាមផែនការនេះ ពីរភាគបីនៃប្រាក់នឹងត្រូវប្រើប្រាស់សម្រាប់ការពារជាតិ ហើយនៅសល់នឹងគាំទ្រដល់ការចំណាយថវិកាផ្សេងទៀត។ ប្រាក់កម្ចីនេះនឹងត្រូវចំណាយចាប់ពីចុងខែឧសភា ឬដើមខែមិថុនា នៅពេលដែលអ៊ុយក្រែនប្រឈមនឹងហានិភ័យនៃការអស់ធនធានហិរញ្ញវត្ថុ ប្រសិនបើវាមិនទទួលបានការគាំទ្រទាន់ពេលវេលា៕

អត្ថបទ៖ សាង ស្រីល័ក្ខ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម