Connect with us

ព័ត៌មានអន្ដរជាតិ

ខ្លាច​ផ្ទុះប៉ះពាល់ដែនទឹក! រ៉ូម៉ានី ជំរុញ​​អ៊ុយក្រែនបញ្ចូលមុខងារ «ស្វ័យបំផ្លាញ» លើដ្រូនវង្វេង​ទិស​​ដៅ​

បានផុស

នៅ

រដ្ឋមន្ត្រីការពារជាតិរ៉ូម៉ានី លោក Radu Miruta បានជំរុញឲ្យប្រទេសអ៊ុយក្រែនកំណត់កម្មវិធីលើដ្រូន​ប្រដេញ​​តាមសមុទ្រ ឲ្យ​​​​​​បំផ្លាញខ្លួនឯងចោលភ្លាមៗ ឬហៅ​ថា «ស្វ័យបំផ្លាញ (self-destruct)» ប្រសិនបើពួកវា​ហោះ​វង្វេងចូលមកក្នុងលំហដែន​ទឹក​ប្រទេស​ផ្សេង​។ នេះបើយោងតាមការចុះផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន RT

រដ្ឋមន្ត្រីការពារជាតិរ៉ូម៉ានី លោក Radu Miruta (រូបភាព៖Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ត្រីជាន់ខ្ពស់រូបនេះ បានធ្វើការកត់សម្គាល់បែបនេះ បន្ទាប់ពីដ្រូនអត្តឃាតតាមសមុទ្រប្រភេទ kamikaze មួយគ្រឿងដែលអណ្តែតវង្វេងផ្លូវ បានផ្ទុះឡើងនៅក្នុងកំពង់ផែសមុទ្រខ្មៅ Constanta នៃប្រទេសរ៉ូម៉ានី កាលពីថ្ងៃសុក្រ ខណៈដែលពីរគ្រឿងផ្សេងទៀត បានផ្ទុះនៅលើផ្ទៃសមុទ្រ ចម្ងាយប្រហែល ១៤៥ គីឡូម៉ែត្រ ភាគខាងកើតទីក្រុងនេះ។ ជាក់ស្ដែង កងទ័ពជើងទឹកអ៊ុយក្រែនបានទម្លាក់កំហុសលើការបំភ័ន្តសញ្ញារបស់​រុស្ស៊ី​ថា ជាដើមហេតុនៃឧប្បត្តិហេតុនេះ។

នៅក្នុងការថ្លែងទៅកាន់បណ្តាញទូរទស្សន៍ TVR កាលពីថ្ងៃព្រហស្បតិ៍ទី១១ ខែមិថុនា លោក Miruta បាននិយាយថា «ដ្រូនប្រដេញ​​តាមសមុទ្រអាចត្រូវបានកំណត់កម្មវិធី ដើម្បីឲ្យពួកវាមិនអាចចូលមកក្នុងលំហទឹកទឹកដីរ៉ូម៉ានីបាន នៅពេលដែលបាត់បង់ការគ្រប់គ្រង ហើយពួកវានឹងបំផ្លាញខ្លួនឯង​ចោលភ្លាមៗ នៅពេលស្ថិតនៅចម្ងាយ១២ ម៉ាយ (២២,២២ គីឡូម៉ែត្រ) ពីឆ្នេរសមុទ្រ»។

លោកក៏បានបញ្ជាក់បន្ថែមថា «នេះគួរតែជាមុខងារលំនាំដើមដែលត្រូវបង្កើតឡើងនៅក្នុងប្រព័ន្ធ តាំងពីពេលដែលដ្រូនត្រូវបានទម្លាក់ចូលទៅក្នុងទឹកដំបូងម៉្លេះ»។

គួរបញ្ជាក់ដែរថា នាពេលកន្លងមក អ៊ុយក្រែនបានប្រើប្រាស់ដ្រូនតាមសមុទ្រដើម្បីវាយប្រហារលើនាវាដឹកប្រេង នាវាដឹកទំនិញ និងនាវាចម្លងដែលមានទំនាក់ទំនងជាមួយរុស្ស៊ីនៅក្នុងសមុទ្រខ្មៅ។ ក្នុងឱកាសជាច្រើន នាវាគ្មានមនុស្សបើកដែលផ្ទុកគ្រាប់ផ្ទុះ បានអណ្តែតវង្វេងទៅដល់ឆ្នេរនៃប្រទេសតួកគី ក្រិក និងប៊ុលហ្ការី។ ទន្ទឹមនឹងនេះ ដ្រូនអាកាសរបស់អ៊ុយក្រែនជាច្រើនគ្រឿង ក៏បានធ្លាក់នៅក្នុងបណ្តាប្រទេសបាល់ទិក និងប្រទេសហ្វាំងឡង់ ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះផងដែរ។

អត្ថបទ ៖ សាង ស្រីល័ក្ខ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម