ព័ត៌មានអន្ដរជាតិ
អង់គ្លេស ប្រកាសផ្តល់ធាតុអ៊ុយរ៉ាញ៉ូម តម្លៃ២៨០ លានដុល្លារដល់អ៊ុយក្រែន ជួយសង្គ្រោះវិស័យថាមពល
រដ្ឋាភិបាលអង់គ្លេស បានព្រមព្រៀងផ្តល់សារធាតុអ៊ុយរ៉ាញ៉ូមដែលចម្រាញ់រួចមានតម្លៃ ២៨០ លានដុល្លារ ដើម្បីគាំទ្រដល់ដំណើរការរោងចក្រថាមពលនុយក្លេអ៊ែរក្នុងប្រទេសអ៊ុយក្រែន សម្រាប់រយៈពេល ២ ឆ្នាំខាងមុខ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍ផ្លូវការ ពីការិយាល័យនាយករដ្ឋមន្ត្រីអង់គ្លេស ដែលត្រូវបានស្រង់ផ្សាយដោយទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី TASS កាលពីថ្ងៃទី១៥ ខែមិថុនា។

នៅក្នុងសេចក្តីថ្លែងការណ៍ផ្លូវការ បានគូសបញ្ជាក់ថា ជំនួយផ្នែកថាមពលនេះនឹងជួយធានាដល់ប្រភពប្រេងឥន្ធនៈសម្រាប់រោងចក្រនុយក្លេអ៊ែររបស់អ៊ុយក្រែន ក្នុងបរិបទដែលសង្គ្រាមជាមួយរុស្ស៊ីនៅតែបន្តអូសបន្លាយ។ ការគាំទ្រនេះនឹងត្រូវធ្វើឡើងតាមរយៈការធានាហិរញ្ញវត្ថុចំនួន ២៨០ លានដុល្លារ ពីស្ថាប័នធានារ៉ាប់រងឥណទាននាំចេញរបស់អង់គ្លេស ដែលអនុញ្ញាតឲ្យក្រុមហ៊ុនអង់គ្លេស Urenco អាចផ្គត់ផ្គង់អ៊ុយរ៉ាញ៉ូមចម្រាញ់រួច ទៅឲ្យក្រុមហ៊ុនថាមពលរដ្ឋ Energoatom របស់អ៊ុយក្រែន។
យោងតាមការបញ្ជាក់ពីការិយាល័យនាយករដ្ឋមន្ត្រីអង់គ្លេស កិច្ចព្រមព្រៀងនេះត្រូវបានសម្រេចឡើង នៅក្នុងកិច្ចប្រជុំផ្ទាល់រវាងលោកនាយករដ្ឋមន្ត្រី Keir Starmer និងប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅក្នុងទីក្រុងឡុងដ៍ កាលពីដើមខែមិថុនា កន្លងទៅនេះ។
សេចក្តីថ្លែងការណ៍ដដែលនោះបានកត់សម្គាល់ថា កិច្ចព្រមព្រៀងថ្មីនេះ ក៏ជាជំហានបន្តនៃកិច្ចសន្យាវែងឆ្ងាយដែលក្រុមហ៊ុន Urenco និងក្រុមហ៊ុន Energoatom របស់អ៊ុយក្រែន បានចុះហត្ថលេខារួមគ្នាតាំងពីឆ្នាំ ២០២៣ មកម៉្លេះ ដែលចែងថា អង់គ្លេសនឹងត្រូវផ្គត់ផ្គង់អ៊ុយរ៉ាញ៉ូមចម្រាញ់ឲ្យអ៊ុយក្រែនរហូតដល់ឆ្នាំ ២០៣៥។
ក្រៅពីសារៈសំខាន់ផ្នែកសេដ្ឋកិច្ច និងស្ថិរភាពថាមពល កិច្ចព្រមព្រៀងថ្មីនេះក៏បានឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែងរបស់ប្លុកលោកខាងលិច ក្នុងការកាត់បន្ថយការពឹងផ្អែករបស់អ៊ុយក្រែនលើខ្សែសង្វាក់ផ្គត់ផ្គង់នុយក្លេអ៊ែរពីរុស្ស៊ី។ កាលពីមុន បណ្តាប្រទេសនៅតំបន់អឺរ៉ុបខាងកើតភាគច្រើន តែងតែប្រើប្រាស់ឥន្ធនៈនុយក្លេអ៊ែរដែលផ្គត់ផ្គង់ដោយរុស្ស៊ី ប៉ុន្តែនិន្នាការនៃការបង្វែរមករកប្រភពផ្គត់ផ្គង់ចម្រុះបានកើនឡើងយ៉ាងខ្លាំង ចាប់តាំងពីជម្លោះបានផ្ទុះឡើង។
ជំហានថ្មីរបស់ទីក្រុងឡុងដ៍នៅពេលនេះ ក៏បានបង្ហាញយ៉ាងច្បាស់ថា ចក្រភពអង់គ្លេសកំពុងបន្តពង្រីកទំហំជំនួយរបស់ខ្លួនសម្រាប់អ៊ុយក្រែន មិនត្រឹមតែក្នុងវិស័យយោធាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលូកដៃជួយក្នុងវិស័យយុទ្ធសាស្ត្រសំខាន់ៗ ដូចជាសន្តិសុខថាមពល និងហេដ្ឋារចនាសម្ព័ន្ធចាំបាច់របស់ប្រទេសផងដែរ៕
អត្ថបទ ៖ សាង ស្រីល័ក្ខ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៦ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
សន្តិសុខសង្គម១ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache


