ព័ត៌មានអន្ដរជាតិ
ថៃ និងមីយ៉ាន់ម៉ា យល់ព្រមបើកផ្លូវពាណិជ្ជកម្មព្រំដែនឡើងវិញ
ថៃ និងមីយ៉ាន់ម៉ា បានឯកភាពគ្នាបើកច្រកទ្វារព្រំដែនមីយ៉ាវ៉ាឌី-ម៉េសុត (Myawaddy–Mae Sot) ឡើងវិញ ដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀងលើវិស័យសំខាន់ៗចំនួន ៣ នៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង២។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Thai Enquirer នាព្រឹកថ្ងៃព្រហស្បតិ៍ (២៣ មេសា) នេះ។

ការព្រមព្រៀងគ្នាដដែល សម្រេចឡើងក្នុងអំឡុងទស្សនកិច្ចជាផ្លូវការរបស់ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសថៃ លោក ស៊ីហាសាក់ ភួងកេតកែវ (Sihasak Phuangketkeow) នៅថ្ងៃទី ២១-២២ មេសា កន្លងទៅ។
លោក ស៊ីហាសាក់ បានមាននិយាយថា ដំណើរទស្សនកិច្ចរបស់លោក បានបង្ហាញពីវឌ្ឍនភាពវិជ្ជមានក្នុងទំនាក់ទំនងទ្វេភាគី បន្ទាប់ពីកិច្ចពិភាក្សាជាមួយថ្នាក់ដឹកនាំកំពូលរបស់មីយ៉ាន់ម៉ា រួមទាំងមេដឹកនាំយោធា លោក មីន អ៊ុងឡាំង (Min Aung Hlaing)។
លោកថា ការបើកច្រកទ្វារព្រំដែនមីយ៉ាវ៉ាឌី-ម៉េសុត ជាថ្មីតាមការគ្រោងទុកនោះ នឹងធ្វើឱ្យពាណិជ្ជកម្មព្រំដែនឡើងវិញ ព្រោះច្រកនេះ រួមចំណែករហូតដល់ ៨០% នៃពាណិជ្ជកម្មសរុបរវាងប្រទេសទាំង២។
ជាមួយគ្នានោះ លោក ស៊ីហាសាក់ ថៃលើកទឹកចិត្តដល់ការវិនិយោគ និងផ្តល់ការគាំទ្រដល់ការអភិវឌ្ឍលើគ្រប់វិស័យដូចជា កសិកម្ម សុខាភិបាល និងហេដ្ឋារចនាសម្ព័ន្ធ។ ធុរកិច្ចថៃបានបង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកប្រតិបត្តិការនៅមីយ៉ាន់ម៉ាក្រោមរដ្ឋាភិបាលថ្មីរបស់ខ្លួន។
គួរគូសបញ្ជាក់ថា មីយ៉ាន់ម៉ាបានបញ្ជាឱ្យបិទច្រកព្រំដែនមីយ៉ាវ៉ាឌី-ម៉េសុតកាលពីខែសីហាឆ្នាំមុន ក្រោមបញ្ជាពីរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា ដើម្បីផ្លាស់ប្ដូរលំហូរប្រាក់ចំណូលពាណិជ្ជកម្មតាមព្រំដែនទៅកាន់រដ្ឋ ជាជាងក្រុមប្រដាប់អាវុធក្នុងតំបន់ដែលប្រឆាំងរដ្ឋាភិបាល ដូចជា ដូចជា KNU និង PDF ជាដើម។

ដោយឡែក កិច្ចសហប្រតិបត្តិការ ២ ទៀត ដែលសម្រេចឡើងអំឡុងដំណើរទស្សនកិច្ចដដែល រួមមាន ការដោះស្រាយផលប៉ះពាល់ពីជម្លោះផ្ទៃក្នុងរបស់មីយ៉ាន់ម៉ា និងការបង្កើនកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីដោះស្រាយបញ្ហាចុះអ័ព្ទផ្សែងឆ្លងដែន។
ជុំវិញបញ្ហាសន្ដិសុខដោយសារតែជម្លោះក្នុងស្រុកមីយ៉ាន់ម៉ាវិញ លោក លោក ស៊ីហាសាក់ បានលើកឡើងពីការព្រួយបារម្ភអំពីផលប៉ះពាល់ចូលមកក្នុងទឹកដីថៃ ដោយជំរុញឱ្យមានវិធានការទប់ស្កាត់បញ្ហានេះ ខណៈបានបញ្ជាក់ជាថ្មីថា ថៃនឹង «ឆ្លើយតប» ទៅនឹងការរំលោភបំពានណាមួយលើអធិបតេយ្យភាពរបស់ខ្លួន។
ប្រទេសទាំង២ ក៏បានព្រមព្រៀងគ្នាក្នុងការបង្កើនកិច្ចសហប្រតិបត្តិការប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេសបណ្តាញក្រុមឆបោក ផងដែរ ខណៈមីយ៉ាន់ម៉ាបានបង្ហាញការត្រៀមខ្លួនក្នុងការដោះស្រាយបញ្ហាអ័ព្ទផ្សែងឆ្លងដែនជាមួយថៃ ដែលបង្កជាកង្វល់បរិស្ថាន និងការបំពុលខ្យល់កាន់តែអាក្រក់ទៅៗ។
លើសពីនោះ លោក ស៊ីហាសាក់ ថា ប្រទេសថៃគាំទ្រការចូលរួមឡើងវិញរបស់មីយ៉ាន់ម៉ាក្នុងអាស៊ាន ក្រោមការឯកភាពគ្នា ៥ ចំណុចរបស់ប្លុក និងជំរុញឱ្យមានវឌ្ឍនភាពលើសន្តិភាព និងការផ្សះផ្សាជាតិមីយ៉ាន់ម៉ា ខណៈថា ដំណើរទស្សនកិច្ចរបស់លោក មានគោលបំណងការពារផលប្រយោជន៍ជាតិរបស់ថៃ ជាពិសេសស្ថិរភាពព្រំដែន និងការតភ្ជាប់សេដ្ឋកិច្ច៕
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


