Connect with us

ព័ត៌មានអន្ដរជាតិ

មេដឹកនាំកំពូលអ៊ីរ៉ង់ ប្រាប់​ថា កន្លែងស័ក្តិសមសម្រាប់អាមេរិក គឺនៅបាតសមុទ្រ

បានផុស

នៅ

ជំពូកថ្មីនៃជម្លោះដ៏តានតឹងរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក បានឈានដល់ចំណុចពុះកញ្ជ្រោលខ្លាំងថ្មីមួយ បន្ទាប់ពីមេដឹកនាំកំពូលថ្មីរបស់អ៊ីរ៉ង់ លោក Mojtaba Khamenei បានចេញមុខប្រកាសយ៉ាងដាច់អហង្ការថា កន្លែងដែលស័ក្តិសមបំផុតសម្រាប់កងទ័ពអាមេរិកនៅក្នុងតំបន់ឈូងសមុទ្រពែក្ស គឺមានតែនៅ «បាតសមុទ្រ» ប៉ុណ្ណោះ។ នេះ​បើយោងតាម​ការ​ផ្សាយ​របស់ France24 កាល​ពី​ថ្ងៃទី​៣០ ខែមេសា ឆ្នាំ​២០២៦។

(រូបថត៖ NYTimes)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តីដ៏ក្តៅគគុកនេះ បានធ្វើឡើងចំពេលដែលពិភពលោកកំពុងញាប់ញ័រនឹងតម្លៃប្រេងឆៅ ដែលបានហក់ឡើងដល់ ១២៦ដុល្លារក្នុងមួយបារ៉ែល ដោយសារតែអ៊ីរ៉ង់នៅតែបន្តបិទខ្ទប់ច្រកសមុទ្រហ័រមូស ដែលជាដង្ហើមសេដ្ឋកិច្ចថាមពលពិភពលោក។

មេដឹកនាំថ្មីរូបនេះ ដែលទើបតែឡើងកាន់តំណែងបន្តពីឪពុករបស់លោក បានបញ្ជាក់យ៉ាងច្បាស់តាមរយៈទូរទស្សន៍រដ្ឋថា អ៊ីរ៉ង់នឹងមិនចុះញ៉ម ឬយកកម្មវិធីអាវុធនុយក្លេអ៊ែរ និងមីស៊ីលរបស់ខ្លួនទៅដោះដូរជាមួយការចរចាណាមួយឡើយ។ លោកបានចាត់ទុកសមត្ថភាពយោធាទាំងនេះថាជា «សម្បត្តិជាតិ» ដែលប្រជាជនអ៊ីរ៉ង់ជិត ៩០លាននាក់នឹងរួមគ្នាការពារ ដូចជា ការពារទឹកដី និងដែនអាកាសរបស់ខ្លួនដែរ។ លោកថែមទាំង​ថា អាមេរិក​គ្មានសិទ្ធិមកលូកដៃ ក្នុងកិច្ចការតំបន់នេះឡើយ ហើយរាល់ការប៉ុនប៉ងរបស់លោក ដូណាល់ ត្រាំ ក្នុងការប្រើកម្លាំងបាយ ដើម្បីបង្ខំឲ្យ​អ៊ីរ៉ង់ចុះចាញ់ នឹងត្រូវបរាជ័យយ៉ាងអាម៉ាស់បំផុត។

ខណៈពេលដែលមេដឹកនាំអ៊ីរ៉ង់កំពុងបង្ហាញជំហររឹងរូស បញ្ហាសេដ្ឋកិច្ចក៏កំពុងដាក់សម្ពាធយ៉ាងខ្លាំងលើរដ្ឋបាលលោក ត្រាំ ផងដែរ។ ដោយសារតែការបិទខ្ទប់ច្រកសមុទ្រដ៏សំខាន់នេះ តម្លៃប្រេងឥន្ធនៈនៅជុំវិញពិភពលោកបានហក់ឡើងខ្ពស់ ដែលកំពុងធ្វើឲ្យ​ប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាជនគ្រប់ទិសទី។ លោក ត្រាំ កំពុងតែស្វែងរកវិធីសាស្ត្រថ្មីៗ ដើម្បីបើកច្រកសមុទ្រនេះឡើងវិញ រួមទាំងការប្រើប្រាស់កម្លាំងជើងទឹកឡោមព័ទ្ធកំពង់ផែអ៊ីរ៉ង់ ដើម្បីកាត់ផ្តាច់ចំណូលរបស់ទីក្រុងតេហេរ៉ង់វិញ។

ក្រៅពីសមរភូមិពាក្យសម្តី និងសេដ្ឋកិច្ច ស្ថានភាពសិទ្ធិមនុស្សក្នុងប្រទេសអ៊ីរ៉ង់ក៏កាន់តែអាក្រក់ទៅៗផងដែរ។ ក្នុងកំឡុងពេលសង្គ្រាមនេះ អាជ្ញាធរអ៊ីរ៉ង់ បានបង្កើនការប្រហារជីវិតអ្នក ដែលងើបឈរតវ៉ាប្រឆាំងនឹងរដ្ឋាភិបាល ដោយថ្មីៗនេះយុវជនម្នាក់ដែលជាកីឡាករការ៉ាតេ ក៏ត្រូវបានគេយកទៅព្យួរកផងដែរ។ ទោះបីជាមានកិច្ចប្រឹងប្រែងសម្របសម្រួលពីប្រទេសជិតខាង ដូចជា ប៉ាគីស្ថាន ក៏ដោយ ក៏គេនៅមិនទាន់ឃើញមានសញ្ញាណាមួយដែលថា ភាគីទាំងពីរនឹងងាកមកចរចាគ្នាដោយសន្តិវិធីនោះឡើយ ខណៈដែលមហាអំណាចទាំងពីរនៅតែបន្តប្រឈមមុខដាក់គ្នាទាំងសម្តី និងអាវុធ៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម