Connect with us

ព័ត៌មានអន្ដរជាតិ

យោធា​ជាន់​ខ្ពស់​អាមេរិក​ គ្រោង​ធ្វើ​​ឱ្យ​យន្តហោះចម្បាំង F-35 ដល់​ទៅ​៨០% អាច​ប្រតិបត្តិការ នៅ​ឆ្នាំ​២០៣០

បានផុស

នៅ

ឧត្តមសេនីយ៍​ជាន់​ខ្ពស់សហរដ្ឋអាមេរិក លោក Gregory Masiello ប្រាប់សមាជិកសភា​កាលពីថ្ងៃ​អង្គារថា យោធា​អាមេរិក​មានគោល​បំណងធ្វើ​​ឱ្យ​យន្តហោះចម្បាំង F-35 អាច​ប្រតិបត្តិការបាន​ចំនួន​៨០ភាគរយ​​ សម្រាប់​បេសកកម្ម​នៅឆ្នាំ២០៣០ ខណៈព្រមាន​ពី​ប្រព័ន្ធថែទាំ និងភស្តុភារ​តាមមិន​ទាន់នៃ​​ការ​ពង្រីក​យ៉ាង​ឆាប់រហ័សរបស់​​កងនាវាចម្បាំងបំបាំងកាយ​​ប្រភេទ​នេះ​។ នេះ​បើយោង​តាម​ទី​ភ្នាក់​ងារ​សារព័ត៌មាន Anadolu ផ្សាយ​នៅ​ថ្ងៃ​ទី​២៤ ខែ​មិថុនា ឆ្នាំ​២០២៦ ។

លោក Gregory Masiello ផ្តល់​សក្ខីកម្ម​ ចំពោះមុខគណៈ​កម្មាធិការ​សេវា​កម្មប្រដាប់អាវុធ​ព្រឹទ្ធសភា ដោយពណ៌នា​អំពីយន្តហោះចម្បាំង F-35 ថា​ជាមូលដ្ឋាន​គ្រឹះនៃ​អំណាច​យោធារបស់សហរដ្ឋអាមេរិក និងសម្ព័ន្ធ​មិត្ត​។

យន្តហោះ F-35 របស់​អាមេរិក​។ រូបភាព៖ Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកនិយាយថា៖ « ឥឡូវ​នេះ​យន្តហោះ​ត្រូវ​បាន​ដាក់​ពង្រាយ​នៅ​ទូទាំង​មូលដ្ឋានចំនួន៤២​ ទូទាំងពិភព​លោក និងនៅ​លើ​នាវាផ្ទុកយន្ត​ហោះចំនួន ២៣គ្រឿង មាន​ ១០​គ្រឿង​ជា​​របស់​សហរដ្ឋអាមេរិក និង ១៣គ្រឿង​ដំណើរ​ការដោយប្រទេសដទៃ​ទៀត»។

លោក Masiello បន្ត​ថា យន្តហោះ​ចម្បាំង​នេះ​ត្រូវបានប្រើប្រាស់​ក្នុង​ប្រតិបត្តិការយោធា​ជាច្រើន​ក្នុងរយៈពេលប៉ុន្មាន​ឆ្នាំចុងក្រោយ​ រួម​ទាំង​ការវាយប្រហារ​លើប្រទេសអ៊ីរ៉ង់​ អំឡុងសង្គ្រាម​ចាប់ផ្តើម​នៅថ្ងៃទី២៨  ខែកុម្ភៈ ដោយ​សហរដ្ឋអាមេរិក និងអ៊ីស្រាអែល។

លោក បន្ថែម​ថា៖ « យន្តហោះ​​នេះ[F-35]​ គឺជាយន្តហោះតែមួយ​គត់​​អាច​វាយប្រហារគោល​ដៅមួយចំនួន​ ហើយ​សត្រូវ​​មិនអាច​វាយ​ប្រហារបាន ហើយ​វា​អាច​មើលឃើញអ្វីៗ​គ្រប់យ៉ាង»។

ដោយ​កំណត់ការត្រៀមខ្លួន​ជាអាទិភាពកំពូល​ លោក Masiello លើកឡើង​ពីភាពមិនស៊ីសង្វាក់គ្នាកាន់​តែខ្លាំងរវាង​ទំហំនៃកង​នាវា F-35 សកល និងប្រព័ន្ធភស្តុភារកម្ម​។

លោកមានប្រសាសន៍ថា៖ « ការងាររបស់​ខ្ញុំគឺច្បាស់លាស់​! យើង​ផ្តល់​នូវ​ប្រព័ន្ធ​ដែលអាចទុកចិត្តបាន និងមានតម្លៃ​សមរម្យ ហើយ​មាន​សមត្ថ​ភាពរក្សាល្បឿន​ប្រតិបត្តិការខ្ពស់ ជាមួយនឹងមាគ៌ា​ ដើម្បីសម្រេច​បានអត្រា​សមត្ថភាព​បេសកកម្មចំនួន​ ៨០% មិន​ឱ្យ​លើស​ពីឆ្នាំ២០៣០»។

លោកបន្ថែមថា៖ « ប្រព័ន្ធទ្រទ្រង់​បច្ចុប្បន្នរបស់យើង​ត្រូវបានសាង​សង់ឡើង​ ដើម្បីគាំទ្រដល់​កង​នាវា​យន្ត​ហោះ​ចំនួន ៧០០-៨០០គ្រឿង​ រហូតមក​ដល់បច្ចុប្បន្ន រដ្ឋបាលបាន​ទទួល​យកលើ​សេវា​កម្ម​យន្តហោះ F-35 ជាង ១ ៣០០គ្រឿង​ទូទាំងពិភពលោក»។

លោក Masiello បន្ត​ថា៖ « ប្រសិនបើ​ខ្ញុំក្រឡេកមើលក្នុងរយៈពេលពីរ​បីឆ្នាំទៀតនៅ​អឺរ៉ុប យើងនឹងមាន​យន្តហោះ F-35 ជិត ៨០០គ្រឿងចែកចាយ​​នៅ​ទូទាំងប្រទេសជាច្រើនហើយ​ តិចជាង១០% នៃ​ចំនួន​នោះ​នឹងក្លាយជាយន្តហោះ​របស់សហរដ្ឋអាមេរិក»៕

សម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម