ព័ត៌មានអន្ដរជាតិ
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល ចង់រំដោះខ្លួនពីការពឹងវិស័យយោធាអាមេរិក ងាកមកផលិតអាវុធដោយខ្លួនឯង
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានជំរុញជាថ្មីម្តងទៀតឲ្យប្រទេសរបស់លោកបង្កើនស្វយ័តភាពក្នុងវិស័យយោធា និងកាត់បន្ថយការពឹងផ្អែកលើការគាំទ្រពីអាមេរិក។ នេះបើយោងតាមសេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយការិយាល័យនាយករដ្ឋមន្ត្រី កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ និង ចុះផ្សាយដោយសារព័ត៌មាន thehindu។

នៅក្នុងការថ្លែងទៅកាន់នាយទាហានបំរុងក្នុងវគ្គបណ្តុះបណ្តាលមួយ នៅឯតំបន់ West Bank នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បានបញ្ជាក់ថា «ខ្ញុំវាយតម្លៃខ្ពស់ចំពោះការគាំទ្រដែលយើងទទួលបានពីមិត្តភក្តិអាមេរិក ប៉ុន្តែយើងត្រូវតែរំដោះខ្លួនចេញពីការពឹងផ្អែកនេះ ហើយស្ថាបនាបណ្តាញសព្វាវុធឯករាជ្យផ្ទាល់ខ្លួនរបស់យើងឡើងវិញ»។
ការថ្លែងរបស់លោក ណេតាន់យ៉ាហ៊ូ ធ្វើឡើងកាលពីថ្ងៃទី១៨ ខែមិថុនា ពោលគឺមួយថ្ងៃបន្ទាប់ពីអាមេរិក និងអ៊ីរ៉ង់ បានយល់ព្រមលើកិច្ចព្រមព្រៀងបឋមមួយ ដើម្បីបញ្ចប់សង្គ្រាមនៅមជ្ឈិមបូព៌ា ដែលជាកិច្ចព្រមព្រៀងមួយរងការប្រឆាំងយ៉ាងខ្លាំងក្លាពីសំណាក់អ៊ីស្រាអែល។ លោកបានសង្កត់ធ្ងន់នៅក្នុងកិច្ចប្រជុំនោះថា «ថ្ងៃនេះខ្ញុំសូមនិយាយថា យើងត្រូវការបណ្តាញសព្វាវុធឯករាជ្យផ្ទាល់ខ្លួន។ យើងត្រូវតែផលិតអាវុធដោយខ្លួនឯង»។
កន្លងមក នាយករដ្ឋមន្ត្រីអ៊ីស្រាអែលធ្លាប់បានបង្ហើបពីបំណងចង់បញ្ចប់ការពឹងផ្អែកលើអាមេរិកនេះជាច្រើនដងរួចមកហើយ ដោយកាលពីខែមករា លោកបានប្រាប់ទស្សនាវដ្តី The Economist ថា លោកសង្ឃឹមថានឹងអាចធ្វើវាបានក្នុងរយៈពេលមួយទសវត្សរ៍ ខណៈកាលពីខែឧសភា លោកបានប្រាប់ទូរទស្សន៍អាមេរិក CBS ថា លោកចង់ឲ្យជំនួយនោះធ្លាក់ចុះមកនៅត្រឹម «សូន្យ»។
ទោះបីជាទីក្រុងវ៉ាស៊ីនតោនជាសម្ព័ន្ធមិត្តជិតស្និទ្ធបំផុតរបស់អ៊ីស្រាអែលក៏ដោយ ប៉ុន្តែភាគីទាំងពីរបានរងការរកាំរកូសនឹងគ្នាជុំវិញរបៀបដឹកនាំសង្គ្រាមរបស់អ៊ីស្រាអែល គិតចាប់តាំងពីការវាយប្រហាររបស់ក្រុមហាម៉ាសកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ មក។ លោក ត្រាំ បានរិះគន់លោក ណេតាន់យ៉ាហ៊ូ ជាសាធារណៈក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដោយសារតែសង្គ្រាមរបស់អ៊ីស្រាអែលជាមួយក្រុមហេសបូឡានៅលីបង់ បានគំរាមកំហែងដល់កិច្ចចរចាសន្តិភាពរវាងអាមេរិក និងអ៊ីរ៉ង់។
គួររម្លឹកឡើងថា ចាប់តាំងពីការបង្កើតប្រទេសក្នុងឆ្នាំ១៩៤៨ មក អ៊ីស្រាអែលទទួលបានជំនួយសេដ្ឋកិច្ច និងយោធាពីអាមេរិកសរុបជាង ៣០០ ពាន់លានដុល្លារ (គិតតាមអត្រាអតិផរណា) ដែលជាចំនួនច្រើនជាងគេបំផុតបើធៀបនឹងប្រទេសដទៃនៅលើពិភពលោក នេះបើយោងតាមទិន្នន័យពីក្រុមប្រឹក្សាទំនាក់ទំនងបរទេស ។ ក្រោមបក្សសម្ព័ន្ធដែលបានចុះហត្ថលេខាកាលពីឆ្នាំ២០១៦ អ៊ីស្រាអែលទទួលបានជំនួយហិរញ្ញវត្ថុប្រចាំឆ្នាំប្រមាណ ៣.៨ ប៊ីលានដុល្លារសម្រាប់ទិញអាវុធ ដែលស្មើនឹង ១៥ ភាគរយនៃកញ្ចប់ថវិកាការពារជាតិសរុប ហើយកិច្ចព្រមព្រៀងនេះនឹងត្រូវបន្តមានសុពលភាពរហូតដល់ឆ្នាំ២០២៨៕
អត្ថបទ ៖ សាង ស្រីល័ក្ខ
សង្គ្រាមពាក្យសម្តីរវាងអ៊ីរ៉ង់និងអាមេរិក ផ្ទុះកក្រើក ចំពេលដំណើរការចរចាសន្តិភាពនៅស្វីស
-
ព័ត៌មានជាតិ៧ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៥ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
សន្តិសុខសង្គម១ សប្តាហ៍ agoបុរសម្នាក់ត្រូវផ្ទាំថ្មបាក់សង្កត់ស្លាប់ ក្រោយព្យាយាមចុះរណ្ដៅរុករករ៉ែមាស


