Connect with us

ព័ត៌មានអន្ដរជាតិ

ប្រធានាធិបតី លីបង់ កុំឲ្យ​អ៊ីរ៉ង់លូកដៃ​ក្នុងការ​ចរចាជាមួយ​អ៊ីស្រាអែល ដែល​ចាប់ផ្តើម​នៅ​អាមេរិក​

បានផុស

នៅ

ប្រធានាធិបតីលីបង់ លោក ចូសេហ្វ អាអូន ( Joseph Aoun) បានប្រកាសបដិសេធដាច់អហង្ការ ចំពោះការកាន់កាប់របស់អុីស្រាអែលនៅភាគខាងត្បូងលីបង់ ក៏ដូចជាការលូកដៃពីបរទេសផ្សេងទៀត ដោយលោកបានផ្ដោត​លើ​​ប្រទេស​អុីរ៉ង់ ខណៈដែលកិច្ចចរចាជុំទីប្រាំរវាងអុីស្រាអែល និងលីបង់ បានចាប់ផ្តើមឡើងនៅក្នុងទីក្រុងវ៉ាស៊ីនតោន។

ប្រធានាធិបតីលីបង់ លោក Joseph Aoun (រូបភាព៖Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមការចេញផ្សាយពីសារព័ត៌មាន timesofisrael, ដោយផ្អែកតាមការបញ្ជាក់ពីការិយាល័យរបស់លោក Aoun បានលើកឡើងថា «យើងមិនទទួលយកអ្វីដែលតិចជាងការបញ្ចប់ការកាន់កាប់របស់អុីស្រាអែលនោះឡើយ ហើយទន្ទឹមនឹងនោះដែរ ត្រូវតែបញ្ចប់ការត្រួតត្រារបស់បរទេស ពីព្រោះជម្រើសតែមួយគត់របស់យើង គឺអធិបតេយ្យភាពជាតិ ហើយការភ្នាល់តែមួយគត់របស់យើង គឺផ្អែកលើរដ្ឋលីបង់»។

លោកក៏បានសម្តែងក្តីសង្ឃឹមផងដែរថា កិច្ចចរចាជុំថ្មីនេះ «នឹងក្លាយជាចំណុចកាត់សេចក្តីនៅលើវិថីឆ្ពោះទៅរកការសម្រេចបាននូវអ្វីដែលយើងស្វែងរក ដើម្បីផលប្រយោជន៍ជាតិ និងប្រជាជនរបស់យើង ពោលគឺ ការស្តារឡើងវិញទាំងស្រុងនូវអធិបតេយ្យភាពរបស់លីបង់ លើគ្រប់គ្រាប់ខ្សាច់នៃទឹកដីរបស់ខ្លួន»។

ប្រទេសលីបង់បានឈានចូលដល់កិច្ចចរចាជុំថ្មីមួយជាមួយអុីស្រាអែលកាលពីថ្ងៃអង្គារ នៅក្នុងទីក្រុងវ៉ាស៊ីនតោន ដោយទីក្រុងបេរូត បានប្តេជ្ញាចិត្តជម្រុញការចរចាដោយផ្ទាល់ ទោះបីជាកិច្ចចរចានេះហាក់បីដូចជាត្រូវបានគ្របដណ្តប់ដោយការសម្រេចចិត្តរបស់អុីរ៉ង់ ក្នុងការយកបញ្ហាលីបង់ទៅធ្វើជាផ្នែកមួយនៃការចរចារបស់ខ្លួនជាមួយអាមេរិកក៏ដោយ។

មន្ត្រីលីបង់បានទទូចថា ការចរចាទល់មុខគ្នាជាមួយអុីស្រាអែល គឺជាមធ្យោបាយតែមួយគត់ដើម្បីធានាឲ្យមានការបញ្ចប់សង្គ្រាមដែលបានឆាបឆេះតាំងពីថ្ងៃទី២ ខែមីនា នៅពេលដែលក្រុមហេសបូឡា នៅលីបង់ ដែលគាំទ្រដោយទីក្រុងតេហេរ៉ង់ បានបាញ់ប្រហារទៅលើអុីស្រាអែល ដើម្បីគាំទ្រអុីរ៉ង់ ហើយបានបង្កឲ្យមានការវាយប្រហារតាមផ្លូវអាកាស និងផ្លូវគោកពីសំណាក់អុីស្រាអែល ដែលបានសម្លាប់មនុស្សជាង ៤,០០០ នាក់នៅក្នុងប្រទេសលីបង់។

ទោះជាយ៉ាងណាក៏ដោយ ការចរចារវាងលីបង់ និងអុីស្រាអែលចំនួនបួនជុំរួចមកហើយចាប់តាំងពីខែមេសា បានបរាជ័យក្នុងការបង្កើតបទឈប់បាញ់ដ៏យូរអង្វែងមួយ។ ផ្ទុយទៅវិញ ភាពស្ងប់ស្ងាត់នៃការប្រយុទ្ធគ្នាដ៏យូរបំផុតបានកើតឡើងនៅក្នុងសប្តាហ៍នេះ បន្ទាប់ពីអុីរ៉ង់ និងអាមេរិកបានយល់ព្រមលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) មួយ ដែលបានចែងថា ការប្រយុទ្ធគ្នានឹងត្រូវបញ្ឈប់នៅគ្រប់មុខព្រួញទាំងអស់ រួមទាំងនៅលីបង់ផងដែរ។

កិច្ចព្រមព្រៀងនោះបានជួយលើកទឹកចិត្តដល់ក្រុមហេសបូឡា ប៉ុន្តែវាបានផ្តល់ផលប៉ះពាល់ដល់រដ្ឋលីបង់ ដែលថ្នាក់ដឹកនាំរបស់ខ្លួន រួមទាំងលោក Aoun ផងដែរ បានព្រមានម្តងហើយម្តងទៀតថា អុីរ៉ង់មិនអាចធ្វើការចរចាតំណាងឲ្យប្រទេសលីបង់បានឡើយ។

យ៉ាងណាមិញ ការថ្លែងរបស់ប្រធានាធិបតីលីបង់នាពេលនេះ គឺចង់ទាមទារអធិបតេយ្យភាពប្រទេសខ្លួនមកវិញ ដោយលោកចង់ឲ្យមានការចរចាត្រង់ៗរវាង លីបង់ និងអ៊ីស្រាអែល ដោយផ្ទាល់នៅក្នុងទីក្រុងវ៉ាស៊ីនតោន ជាជាងការទុកឲ្យអ៊ីរ៉ង់យកទឹកដី និងជីវិតប្រជាជនលីបង់ ធ្វើជាកូនអុកសម្រាប់ការចរចានយោបាយផ្ទាល់ខ្លួនជាមួយអាមេរិក៕

អត្ថបទ ៖ សាង ស្រីល័ក្ខ

អាមេរិក និង អ៊ីរ៉ង់ ឈានដល់បង្កើតក្រុមការងារ​​កម្រិតបច្ចេកទេស​ចំនួន ៤

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម