Connect with us

ព័ត៌មានអន្ដរជាតិ

រដ្ឋមន្ត្រី​អាមេរិក៖ ប្រើវិធានការដាក់​សម្ពាធសេដ្ឋកិច្ចអ៊ីរ៉ង់​ រហូតគ្មានលុយបើកឲ្យទាហាន

បានផុស

នៅ

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិក​ លោក Scott Bessent បាននិយាយកាលពីថ្ងៃអាទិត្យ ទី៣ ខែឧសភា ថា សហរដ្ឋអាមេរិកកំពុងតែខ្ទប់​ដង្ហើម​សេដ្ឋកិច្ច​អ៊ីរ៉ង់ តាមរយៈ «ការបិទខ្ទប់សេដ្ឋកិច្ច» ដែលត្រូវបានដាក់ចេញស្របគ្នាជាមួយនឹងការវាយលុកផ្នែកយោធារបស់សហរដ្ឋអាមេរិក។

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក Scott Bessent (រូបភាព៖Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Bessent បានផ្ដល់បទសម្ភាសន៍​ដល់​សារ​ព័ត៌មាន​ Fox News ដែលផ្សាយ​ថា៖ រឿងនេះបានចាប់ផ្ដើមតាំងពីខែមីនាឆ្នាំមុន ជាមួយនឹងបញ្ជារបស់ប្រធានាធិបតី ត្រាំ អំពីសម្ពាធកម្រិតអតិបរមា ហើយកាលពីបីសប្តាហ៍មុន ប្រធានាធិបតីបានចេញបញ្ជាមកកាន់ក្រសួងហិរញ្ញវត្ថុ និងរូបខ្ញុំផ្ទាល់ ឲ្យចាប់ផ្ដើមប្រតិបត្តិការ «កំហឹងសេដ្ឋកិច្ច» ។

លោកបានបញ្ជាក់បែបនេះ ដោយយោងទៅលើគំនិតផ្ដួចផ្ដើមរបស់ក្រសួងលោក ដើម្បីបំពេញបន្ថែមដល់ប្រតិបត្តិការ «Epic Fury» របស់មន្ទីរបញ្ចកោណ។

ជាងនេះទៅទៀត លោកក៏បានប្រាប់កម្មវិធី «Sunday Morning Futures» ថា «យើងកំពុងធ្វើឲ្យរបបដឹកនាំនោះថប់ដង្ហើម ហើយពួកគេនឹងមិនមានលទ្ធភាពបើកប្រាក់ខែឲ្យទាហានរបស់ខ្លួននោះទេ។ នេះគឺជាការបិទខ្ទប់សេដ្ឋកិច្ចដ៏ពិតប្រាកដមួយ ហើយវាត្រូវបានអនុវត្តនៅគ្រប់ផ្នែកទាំងអស់នៃរដ្ឋាភិបាល ពោលគឺគ្រប់គ្នាត្រូវរួមកម្លាំងគ្នាទាំងស្រុង»។

លោក Bessent បានអះអាងថា ក្រសួងរបស់លោកកំពុងដាក់ចេញនូវវិធានការសេដ្ឋកិច្ច ទៅលើជនណាក៏ដោយ ដែលព្យាយាមផ្ញើប្រាក់ចូលទៅក្នុងប្រទេសអ៊ីរ៉ង់ ដើម្បីជួយដល់កងកម្លាំង IRGC ដែលជាកងកម្លាំងយោធាដ៏មានឥទ្ធិពលបំផុតរបស់អ៊ីរ៉ង់។

លោកបានបន្តថា «ពួកគេគឺជាស្ថាប័នពុករលួយ! ពួកគេបានលួចប្លន់ពីប្រជាជនអ៊ីរ៉ង់ជាច្រើនឆ្នាំមកហើយ។ ពួកគេមានទ្រព្យសម្បត្តិនៅក្រៅប្រទេស ហើយយើងបានតាមដានរកឃើញនូវទ្រព្យសម្បត្តិទាំងនោះ។ យើងនឹងបន្តតាមដានរកឲ្យឃើញបន្ថែមទៀត ហើយយើងនឹងរក្សាទុកទ្រព្យសម្បត្តិទាំងនោះសម្រាប់ប្រជាជនអ៊ីរ៉ង់ នៅពេលដែលជម្លោះនេះត្រូវបានបញ្ចប់»៕

អត្ថបទ៖ សាង ស្រីល័ក្ខ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម