Connect with us

ព័ត៌មានជាតិ

ស្ត្រីទីមួយកម្ពុជា អំពាវនាវដល់អ្នកបង្កើតមាតិកាឱ្យចូលរួមលើកកម្ពស់តម្លៃសីលធម៌សង្គម

បានផុស

នៅ

ស្ត្រីទីមួយកម្ពុជា លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអំពាវនាវអ្នកបង្កើតមាតិកា (Content Creator) បញ្ចៀសការផលិតវីដេអូ ដែលមានលក្ខណៈអាសអាភាស ប្រើពាក្យសម្ដីមិនសមរម្យ ជះឥទ្ធិពលអវិជ្ជមានដល់សង្គម និងសូមចូលរួមបង្កើតមាតិកាដែលជួយលើកកម្ពស់តម្លៃសីលធម៌សង្គម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៤-២០២៥ និងលើកទិសដៅឆ្នាំ២០២៦-២០២៧ របស់គណៈកម្មាធិការជាតិលើកកម្ពស់សីលធម៌សង្គមតម្លៃស្ត្រី និងគ្រួសារខ្មែរ នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានស្នើទៅកាន់អ្នកបង្កើតមាតិកាទាំងអស់ សូមផលិតវីដេអូដែលមានលក្ខណៈអប់រំ ជាប្រយោជន៍ដល់សង្គម ក្នុងនោះមានទាំងការអប់រំសីលធម៌ ចរិយាធម៌ និងសុជីវធម៌ ព្រោះអ្នកបង្កើតមាតិកាម្នាក់ៗសុទ្ធសឹងតែជាគំរូដល់សង្គម ហើយវីដេអូរបស់ខ្លួននីមួយៗ មានអ្នកចូលមើលច្រើន និងគ្រប់វ័យ ។

លោកជំទាវបណ្ឌិត សង្កេតឃើញថា មានវីដេអូរបស់អ្នកបង្កើតមាតិកាមួយចំនួន មានភាពមិនសមរម្យ ប្រើពាក្យសម្ដីអាសអាភាសមិនគួរប្រើបញ្ចូលក្នុងវីដេអូ ហើយបង្ហោះទៅលើបណ្ដាញសង្គម  (ដូចជាពាក្យ អា អញ ហែង ហង…) ខណៈដែលការស្លៀកពាក្យមួយចំនួន ក៏មិនសមរម្យ និងមានលក្ខណៈហួសហេតុពេក។ វីដេអូខ្លះទៀត មានកុមារដើរតួ ឲ្យមានការប្រើកាយវិការ និងពាក្យសម្ដីមិនល្អ រហូតមានការរិះគន់ផងដែរ ដែលបញ្ហាទាំងអស់នេះ សូមមានការកែសម្រួល។

ជាមួយនេះ ស្ត្រីទីមួយកម្ពុជា បានអំពាវនាវដល់គ្រប់ភាគីទាំងអស់ សូមចូលរួមលើកកម្ពស់តម្លៃសង្គម ព្រោះបច្ចុប្បន្នសម័យបច្ចេកវិទ្យាកំពុងមានការរីកចម្រើនខ្លាំង ដែលមានទាំងរឿងវិជ្ជមាន និងអវិជ្ជមានត្រូវបានបង្ហោះលើបណ្ដាញសង្គម ហើយចូលរួមទប់ស្កាត់ឥទ្ធិពពល មិនល្អទាំងអស់នោះ កុំឲ្យកើតមានបន្តនៅក្នុងសង្គមកម្ពុជា។

ក្នុងឱកាសនោះ លោកជំទាវបណ្ឌិត វាយតម្លៃខ្ពស់ និងកោតសរសើរ ពីកិច្ចខិតខំរបស់គណៈកម្មាធិការក្នុងការអនុវត្តអនុសាសន៍ទាំង ៦ចំណុច របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា រួមទាំងការបំពេញតួនាទីភារកិច្ចយ៉ាងសកម្ម ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់សីលធម៌សង្គម និងទប់ស្កាត់រាល់សកម្មភាពទាំងឡាយណា ដែលធ្វើឱ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរ និងវប្បធម៌ប្រពៃណីខ្មែរ ជាពិសេស គឺការធ្វើបច្ចុប្បន្នភាពលើសកម្មភាព របស់គណៈកម្មាធិការដើម្បីឆ្លើយតបទៅនឹងបរិការណ៍ និងការវិវត្តថ្មីរបស់សង្គម។

លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានថ្លែងថា គណៈកម្មាធិការជាតិលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ ត្រូវបានបង្កើតឡើង ក្នុងគោលបំណងថែរក្សា ការពារវប្បធម៌ជាតិ ធានាដល់ការគោរពសីលធម៌ និងសុភមង្គលគ្រួសារ ដោយការលើកកម្ពស់ស្ថានភាព តម្លៃ និងសុខុមាលភាពស្ត្រីខ្មែរ។

លោកស្រី បានបញ្ជាក់ថា ជារៀងរាល់ ២ឆ្នាំម្តង គណៈកម្មាធិការតែងតែធ្វើសន្និបាតបូកសរុបលទ្ធផល និងលើកទិសដៅការងារ ហើយក្នុងរយៈពេល ២០ឆ្នាំមកនេះ សម្រេចបានសមិទ្ធផលជាច្រើនដូចជា យុទ្ធនាការផ្សព្វផ្សាយអប់រំយ៉ាងទូលំទូលាយ ការលើកកម្ពស់សីលធម៌ សុជីវធម៌ក្នុងការរស់នៅប្រចាំថ្ងៃ ការបង្ការ និងបង្ក្រាបបទល្មើសភាពយន្ត ការជំរុញការអនុវត្តច្បាប់ដែលមានស្រាប់ ការទប់ស្កាត់អំពើហិង្សា និងការជួញដូរមនុស្សដល់ទីតាំងផ្ទាល់ និងការលើកកម្ពស់សីលធម៌សង្គមតាមរយៈប្រព័ន្ធឌីជីថល៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម