Connect with us

ព័ត៌មានអន្ដរជាតិ

ភ្នំភ្លើងឥណ្ឌូណេស៊ី ផ្ទុះយ៉ាងកំណាច សម្លាប់មនុស្ស ៣នាក់ ខណៈអ្នកឡើងភ្នំជាង ១០នាក់ ជាប់នៅលើនោះ

បានផុស

នៅ

ភ្នំភ្លើងសកម្មមួយ នៅប្រទេសឥណ្ឌូណេស៊ី បានផ្ទុះយ៉ាងកំណាច បណ្តាលឲ្យមនុស្ស ៣នាក់ បាត់បង់ជីវិត ខណៈ អ្នកឡើងភ្នំជាង ១០នាក់ កំពុងជាប់លើនោះ រង់ចាំការជួយសង្គ្រោះ។

(រូប៖ ALDY & ទីភ្នាក់ងារភ្នំភ្លើងឥណ្ឌូណេស៊ី )

តាមការផ្សាយរបស់ BBC, ភ្នំភ្លើង Dukono លើកោះ Halmahera បានផ្ទុះនៅម៉ោង ៧:៤១ នាទីព្រឹក ថ្ងៃសុក្រ ទី៨ ខែឧសភា ឆ្នាំ២០២៦ បាញ់ផេះឡើងលើមេឃ កម្ពស់ ១០គីឡូម៉ែត្រ។

ឥទ្ធិពលរបស់វា បានឆក់យកជីវិតមនុស្ស ៣នាក់ ក្នុងនោះមាន ២នាក់ ជាទេសចរជនជាតិសិង្ហបុរី និងម្នាក់ទៀត ជាអ្នកស្រុក។ យ៉ាងណា គេមិនទាន់អាចយកសព របស់អ្នកទាំង៣ ចេញមកបានទេ។ 

(រូប៖ BASARNAS)

តាមការបញ្ជាក់ពីមន្ត្រីក្នុងតំបន់, អ្នកឡើងភ្នំមួយក្រុមនេះ មានគ្នា២០នាក់ មិនបានអើពើនឹងបម្រាម របស់អាជ្ញាធរឡើយ ដោយពួកគេនៅតែផ្គើន ធ្វើដំណើរឡើងភ្នំ ទាំងដែលមានហានិភ័យខ្ពស់។ ពេលនេះ ក្រុមសង្គ្រោះ កំពុងតាមរកអ្នកដែលជាប់នៅលើនោះ។

Dukono គឺជាភ្នំភ្លើងដែលសកម្មមួយ និងមានប្រជាប្រិយភាពបំផុត សម្រាប់អ្នកឡើងភ្នំនិងទេសចរ។ វាបានផ្ទុះជិត ២០០ដងហើយ បើគិតចាប់តាំងពីចុងខែមីនាមក។

បច្ចុប្បន្ន ភ្នំនេះ ត្រូវបានដាក់បញ្ចូលក្នុងកម្រិតទី ២ នៃប្រព័ន្ធព្រមានកម្រិតអាសន្នភ្នំភ្លើង ទាំង ៣ របស់ ទីភ្នាក់ងារភ្នំភ្លើងនៃប្រទេស ឥណ្ឌូណេស៊ី ដែលបង្ហាញពីការកើនឡើងនៃសកម្មភាព និងតម្រូវឱ្យមានការប្រុងប្រយ័ត្នខ្ពស់៕

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម